Friday, November 21, 2025
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង មកជួយប្រជាពលរដ្ឋនៅខណ្ឌដង្កោ

អភិបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំង មកជួយប្រជាពលរដ្ឋនៅខណ្ឌដង្កោ

កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរហូតដល់រាប់រយនាក់ ដោយមានទាំងរថយន្តបាញ់ទឹក និងរថយន្តបាញ់ថ្នាំសម្លាប់មូស និងមេរោគ ជាទ្រង់ទ្រាយធំ មកលាងសម្អាត និងធ្វើអនាម័យជូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី VIP ដែលស្ថិតនៅខណ្ឌដង្កោ។

សកម្មភាពចុះជួយស្របពេលទឹកស្រក និងក្នុងពេលប្រជាពលរដ្ឋចូលមករស់នៅនៅក្នុងបុរីវិញដូចដើមវិញ នាពេលនេះ មិនត្រឹមតែពលរដ្ឋដែលទទួលផលប៉ុណ្ណោះទេ ដែលបង្ហាញអារម្មណ៍ត្រេកអរ សូម្បីតែថ្នាក់គ្រប់គ្រងបុរីគ្រប់ជាន់ថ្នាក់ ក៏បង្ហាញនូវការអរគុណចំពោះសកម្មភាពយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំសាលារាជធានីនេះផងដែរ។

លោកវន វណ្ណៈ និងហម រ៉ន ម្ចាស់គម្រោងបុរី VIP ដែលបានដុតដៃដុតជើង ក្នុងសកម្មភាពចុះសម្អាតរបស់សាលារាជធានីភ្នំពេញ នេះ បានបង្ហាញនូវការសាទរយ៉ាងខ្លាំង ដែលថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះរហូតដល់រាប់រយនាក់ ចុះមកសម្អាតផ្លូវថ្នល់ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការជន់លិចកន្លងមក ទទួលបាននូវបរិស្ថានរស់នៅស្អាតដូចដើម។

នេះជាសកម្មភាពលាងសម្អាតនៅក្នុងបុរីជាលើកទី២ហើយ បន្ទាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានដឹកនាំកម្លាំងជាច្រើនរយនាក់ មកលាងសម្អាងនៅក្នុងបុរីបែបនេះម្ដងដែរ។

យ៉ាងណាមិញ លោកទាំងពីរចាត់ទុកថា សកម្មភាពដែលដឹកនាំដោយថ្នាក់ដឹកនាំរបស់សាលារាជធានីភ្នំពេញ នាពេលនេះ មានទ្រង់ទ្រាយធំជាងមុន និងកាន់តែប្រសើរជាងមុន ដោយក្រៅពីលាងសម្អាត និង បោសសម្អាតសំរាម នៅក្នុងបុរីទាំងមូល ក៏មានការបាញ់ថ្នាំមូស និង បាញ់អាកុលសម្លាប់មេរោគ នៅគ្រប់ផ្ទះរបស់ប្រជាពលរដ្ឋ រួមទាំងតំបន់ជុំវិញ ដែលធ្វើឲ្យពលរដ្ឋនៅក្នុងបុរីរបស់លោក មានបរិស្ថានប្រកបដោយផាសុកភាពដូចដើម។ ក្នុងនោះ ការអន្តរាគមន៍លើប្រព័ន្ធទឹកស្អាត និងលើប្រព័ន្ធអគ្គីសនីក្រោយទឹកស្រក ក៏ជាអ្វីដែលពលរដ្ឋនៅក្នុងបុរីរបស់លោកត្រូវការផងដែរ។

លោកស៊ុំ ស៊ីដេត នាយកគ្រប់គ្រងទូទៅបុរី VIP បានគូសបញ្ជាក់ថា ក្រោយស្ថានភាពទឹកស្រក ទីតាំងរបស់បុរីមិនមានខូចខាតនូវប្រព័ន្ធលូ និង ផ្លូវចូលបុរីធ្ងន់ធ្ងរនោះទេ ដោយប្រព័ន្ធលូដែលមានការកកស្ទះ ត្រូវបានខាងបុរីស្ដារ និង ជួសជុលឡើងវិញអស់ហើយ។ គាប់ជួនជាខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និង សាលារាជធានីភ្នំពេញ បានមកជួយសម្អាតនៅក្នុងបុរីចំនួន២លើនេះផង ទើបរឹតតែធ្វើឲ្យទីតាំងបុរីទាំងមូលកាន់តែល្អប្រសើរ៕

RELATED ARTICLES