ទីបំផុត ប្អូនស្រីយ៉ុង ស្រីនីត ដែលកំពុងជួបការលំបាកក្នុងជីវិត ហើយមានបំណងប្រាថ្នាទៅថ្ងៃអនាគតចង់ក្លាយជាគ្រូបង្រៀន និងអ្នកចម្រៀង នោះ ត្រូវបានលោកឧកញ៉ាស្រី ចាន់ថន ស្កាត់ពីភ្នំពេញ ទៅជួបដល់ខេត្តមណ្ឌលគិរី ហើយបានឃើញជីវភាពរបស់ក្រុមគ្រួសារស្រីនីត ផ្ទាល់ផ្នែក ពេលនោះលោកឧកញ៉ាក៏បានសម្រេចផ្តល់ដីដើម្បីធ្វើផ្ទះ និងឲ្យឪពុកម្តាយរបស់នាងមានការងារធ្វើ ថែមទាំងបានជូនស្រីនីត ទៅទិញកង់ និងសម្លៀកបំពាក់ថ្មីទៀតផង។

លោកឧកញ៉ាស្រី ចាន់ថន បានបង្ហោះសារថា “ខេត្តមណ្ឌលគីរី ប្អូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី

ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ ហើយក្នុងនោះដែរ ប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាង ដែលខ្ញុំបានសួរ ទី១- ចង់ឲ្យគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជាគ្រូបង្រៀន និងជាអ្នកចំរៀង..

ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទសម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ចំនួន០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារឲ្យឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ អ្វីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ”៕






