ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បានរំលឹករឿងកម្សត់រវាងនិងប្តី ក្រោយរៀបការ ដោយចុងក្រោយនាងបានផ្តាំប្តីថា បើបងចង់ក្បត់អូន សូមបងស្រមៃឃើញអូនឈរយំនៅចុងជើងបង នាគ្រាកន្លងមក ។ ការរំលឹកបែបនេះ គឺស្ត្រីជាប្រពន្ធចង់ឲ្យប្តីរបស់នាងបានដឹងពីទំហំទឹកចិត្តប្រពន្ធដែលតែងស្រឡាញ់ បារម្ភពីសុខទុក្ខប្តី ជាពិសេសពេលប្តីរងគ្រោះថ្នាក់ចរាចរណ៍ដេកស្តូកស្តឹងរាប់ខែ ដែលនាងខំមើលថែដូចកូនង៉ែត ហើយនាងជាប្រពន្ធ មិនដែលចង់បានអ្វីច្រើនពីប្តីទេ សុំតែម៉្យាងគឺស្រលាញ់ប្រពន្ធនិងកូន បង្កើនសុភមង្គលគ្រួសារជារៀងរហូតទៅ។
ក្នុងឱកាសខួប៥ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់នាងជាមួយបុរសជាប្តី ស្ត្រីជាប្រពន្ធរូបនេះ បានបង្ហោះរូបភាពពេលរៀបការជាមួយប្តី និងរូបក្រោយរៀបការ ពេលប្តីជួបគ្រោះថ្នាក់ចរាចរណ៍ និងរូបភាពជាមួយប្តីនិងកូន ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយសំណេរថា “រីករាយថ្ងៃខួបអាពាពិពាហ៍ ៥ឆ្នាំ !

កាលពីឆ្នាំមុន ខ្ញុំបានរៀបរាប់ពីជីវិតមុនអាពាហ៍ពិពាហ៍ អ្នកទាំងអស់គ្នាបានអានមើលទៅគួរឲ្យសប្បាយរីករាយណាស់ ព្រោះឃើញអ្នកខមិន និងស៊ែររូបសើចច្រើនណាស់ ។ តោះ!ឥឡូវមកអាន និងមើលរូបក្រោយអាពាហ៍ពិពាហ៍ម្តងណា ប្រាប់ឲ្យហើយ កុំសើចណា សសេររាងវែងបន្តិច ៖
-ថ្ងៃទី១៥ ខែ១១ ឆ្នាំ២០១៥ ជាថ្ងៃពួកយើងបានរៀបការនឹងគ្នា ជាថ្ងៃដែលបងប្អូន មិត្តភក្តិរវល់ពេញភូមិ
-ឆ្នាំទី១ យើងក៏មានសមាជិកថ្មី ជាកូនប្រុស ថានុរតន:
… តែក្នុងពេលរីករាយ វាហាក់ដូចខ្លីបន្តិច ក្រោយពីកូនប្រុសទី១ អាយុបាន១ខែ១៥ថ្ងៃ ប៉ុណ្ណោះ ប្តីខ្ញុំបានជួបគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី០៩ ខែ១២ ឆ្នាំ២០១៦ វេលាម៉ោង ៩:៤៦នាទី នៅមុខភោជនីដ្ឋានមួយកន្លែង គ្រប់គ្នាបារម្ភពីខ្ញុំ ព្រោះខ្ញុំនៅសរសៃខ្ចី ព្យាយាមលាក់ ប៉ុន្តែខ្ញុំបានដឹងពីភ្មួយប្រុសគាត់ នៅម៉ោង៤ភ្លឺ ខ្ញុំបានដាស់ប្អូនស្រីទី៣ ឲ្យឌុបទៅមន្ទីរពេទ្យភ្លាមៗ ខ្ញុំទៅដល់ភ្លាម គេប្រាប់គាត់មានអាការធ្ងន់ធ្ងរ មានឈាមកក និងខ្ទាំក្នុងខួរក្បាលស្រទាប់ទី២ខ្លាំង បាក់ជើងខាងឆ្វេង អារម្មណ៍ខ្ញុំសឹងតែសន្លប់ ទឹកភ្នែកក៏ហូរមិនចេញ អួលដើមក ថប់ដើមទ្រូងណាស់ ។

នៅពេលកំពុងវះកាត់ត្រូវប្រើឈាមច្រើនណាស់ យើងពិបាករកឈាម ខំខលស្វែងរកបងប្អូន មិត្តភក្តិ ទាំងទាបភ្លឺ ហើយក៏អរគុណមិត្តភក្តិ និងបងប្អូនទាំងអស់គ្នា ដែលបានជួយផ្តល់ឈាមដល់ពួកយើង ។ ប៉ុន្តែបន្ទាប់ពីចេញពីបន្ទប់វះកាត់គេក៏បញ្ជូនទៅបន្ទប់ ICU បន្ត តែពេទ្យប្រាប់ថា គាត់សង្ឃឹមតែ ៣០% ទេ អារម្មណ៍ខ្ញុំហាក់ដូចជាគ្មានវិញ្ញាណក្នុងខ្លួនទេ អង្គុយក្បែរប្តី ហើយសម្លឹងមើលតែអេក្រង់ជីពចរ និងចង្វាក់បេះដូង ពេលចង្វាក់បេះដូងធ្លាក់ចុះម្តងៗ ភ័យណាស់ ខំស្រែកផង រត់ផង ទឹកភ្នែកផង ទៅរកពេទ្យ ពេទ្យឡើងអាណិតដែរ តែស្អែកឡើង ពេទ្យក៏មកប្រាប់ថា រៀបចំផ្ទះ ឲ្យហើយទៅ…។
អ្នកណាខ្លះយល់អារម្មណ៍មួយនេះ? ប៉ុន្តែគេងបន្ទប់ ICU បាន៥យប់ គាត់ក៏រាងធូរបន្តិច ចាប់ផ្តើមរើ និងប្រកាច់ម្តងៗ វគ្គហ្នឹងក៏អាណិតគាត់ដែរ គេត្រូវចងខ្លួន ដៃ ជើងគាត់ព្រោះពេលរើ ធ្វើឲ្យដាច់ទុយោសុង និងសេរ៉ូម ពេទ្យពិបាកធ្វើការ ។ សូមចប់ពីបន្ទប់ ICU ទៅបន្ទប់ធម្មតាវិញ …។

ស្ត្រីជាប្រពន្ធ សរសេរបន្តថា “បាន១អាទិត្យ គាត់ក៏បានដឹងខ្លួនវិញ ប៉ុន្តែមិនស្គាល់សូម្បីខ្ញុំ និងម៉ាក់គាត់ មិននិយាយ មិនហូប សូម្បីជុះ និយាយឲ្យអស់ យើងមើលថែគាត់ដូចកូនក្មេង១ខួប បញ្ចុកបាយ ជូតគូទពេលជុះ គេងពេទ្យស្រុកខ្មែរ បាន២អាទិត្យ មើលទៅគាត់មិនបានធូរស្រាល បងថ្លៃខ្ញុំ គាត់ក៏បានបញ្ជូនប្តីខ្ញុំទៅពេទ្យក្រៅប្រទេស បន្តទៀត ។
លើកទី១ ដែលខ្ញុំជិះឡានពេទ្យ បើកសារ៉ែនឮៗ ក្នុងចិត្តភ័យណាស់ ខ្លាចណាស់ ពេលទៅដល់ពេទ្យ ក៏យប់ ពេទ្យចាប់ផ្តើមពិនិត្យឡើងវិញ និងចាប់ផ្តើមវះកាត់ឡើងវិញ នៅព្រឹកស្អែក ក្នុងចិត្តភ័យទៀតហើយ ពេលឮថាត្រូវចូលបន្ទប់វះកាត់ទៀត ។
បន្ទាប់ពីសម្រាកនៅទីនោះបានប្រហែលជា២អាទិត្យទៀត គាត់ចាប់ផ្តើមធូរស្បើយច្រើនណាស់ ហើយខ្ញុំក៏ត្រូវដល់ពេលចូលធ្វើការវិញ មើលកូនផង ធ្វើការផង ថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹក ធ្វើការ ពេលថ្ងៃត្រង់ ត្រូវឡើងឡានក្រុង ទៅជួបគាត់នៅពេទ្យនៅក្រៅប្រទេស ថ្ងៃអាទិត្យ ពេលល្ងាចមកវិញ ថ្ងៃចន្ទ ក៏ចូលធ្វើការធម្មតា អ៊ីចឹងបានគេនិយាយថា ប្រពន្ធស្រលាញ់ប្តីជាងកូន ព្រោះយើងសុខចិត្តផ្ញើកូននៅម្តាយ ឬអ្នកផ្សេង ដើម្បីទៅជួបប្តី”។

ស្ត្រីដដែលបានសរសេរបន្តថា “បន្ទាប់ពីព្យាបាលនៅក្រៅប្រទេស ប្រហែលជា៤ខែ គាត់ក៏បានធូរច្រើនមែនទែន បន្ទាប់មកគាត់ក៏បានត្រឡប់មកផ្ទះវិញ ដំបូងៗការរស់នៅថ្មីរបស់គាត់ហាក់ដូចជាពិបាកដែរ ព្រោះខ្ញុំត្រូវទៅធ្វើការ ហើយនៅផ្ទះខ្ញុំ មានតែម៉ាក់ខ្ញុំម្នាក់នៅផ្ទះ ត្រូវមើលកូនខ្ញុំ ហើយការងារផ្ទះទាំងអស់ទៀត ដូចនេះគាត់ក៏សម្រេចចិត្តទៅរស់នៅជាមួយនឹងម៉ាក់គាត់មួយរយ: ។ ពួកយើងរស់នៅបែកពីគ្នា ប្រហែលជាជិត២ឆ្នាំ ពេលមករស់នៅជុំគ្នាវិញ បាន២ខែ មានកូនស្រី១ទៀតបណ្តោយ…។ សូមចប់រឿងកម្សត់ត្រឹមហ្នឹងចុះបងប្អូន…។ សរុបរួម៥ឆ្នាំនេះ សល់បានត្រឹមកូន២ប៉ុណ្ណោះ»។
ស្ត្រីជាប្រពន្ធដដែល បានសរសេរបន្តទៀតថា “ខ្ញុំដឹងថា គ្រប់គ្នាមានរឿងពិបាករៀងៗខ្លួន ប៉ុន្តែសូមចងចាំថា ពេលយើងជួបការពិបាក មិនប្រាកដយើងជួបតែម្នាក់ឯងទេ អ្នកខ្លះអាចពិបាកជាងយើងទៀត ពេលខ្ញុំពិបាកចិត្ត ខ្ញុំតែងតែគេងមើលមុខកូន ហើយប្រាប់ខ្លួនឯងថា ត្រូវរឹងមាំ ទ្រាំបន្តិចទៅ បន្តិចទៀត វានឹងប្រសើរហើយ ដើម្បីកូន យើងត្រូវមើលថែគាត់ ឲ្យគាត់ក្លាយជាមនុស្សល្អបំផុត។

ឆ្នាំទី៥នេះ គ្រាន់តែចង់រំលឹកអនុស្សាវរីយ៍ខ្លះៗ និងចង់ផ្តាំទៅប្តីដែរថា គ្រប់ពេលដែលបងចង់ក្បត់ចិត្តអូន សូមបងស្រមៃឃើញរូបអូនឈរយំស្ទើរអស់ទឹកភ្នែក នៅចុងជើងបង និងសូមបងឮសំឡេងអូនហៅបង ពេលបងមិនអាចនិយាយបាន អូនមិនដែលចង់បានអ្វីច្រើនពីបងទេ ព្រោះអ្វីដែលអូនធ្វើទៅ វាជាការស្រលាញ់ពិត តែសុំម៉្យាងគឺ ស្រលាញ់អូន និងកូន បង្កើនសុភមង្គលគ្រួសារយើងឲ្យបានច្រើនរហូតទៅ…»៕