ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ នៃអាជ្ញាធរអប្សរា បានធ្វើកំណាយស្រាវជ្រាវនៅទួលត្រពាំងបុស្ស ស្ថិតក្នុងភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ដែលមានទីតាំងនៅខាងជើងខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ បានប្រទះឃើញឡដុតកុលាលភាជន៍បុរាណមួយ ដែលតាមការសន្និដ្ឋានបឋម ប្រហែលជាស្ថិតក្នុងសម័យអង្គរ ឬសម័យក្រោយអង្គរ។

លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយ បានឱ្យដឹងថា ការជ្រើសរើសទីតាំងធ្វើកំណាយ នៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថា ទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណ មែនឬអត់? ព្រោះកន្លងមក មានអ្នកស្រាវជ្រាវមួយចំនួន ប្រទះឃើញសំណល់បំណែកភាជន៍ ជាច្រើន រាយប៉ាយលើទួល នៅលើខ្នងទំនប់ ដែលមានទីតាំងនៅផ្នែកខាងលិចខ្លោងទ្វារដីឆ្នាំង នៃរាជធានីអង្គរធំ។ ប៉ុន្តែរហូតមកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថា ទីតាំងនេះជាឡដុតភាជន៍សម័យបុរាណ នៅឡើយទេ។ ដូច្នេះតាមរយៈបំណែកភាជន៍ និងបំណែកដីដុត ដែលបន្សល់ទុកនៅលើទួលធំវែង រហូតដល់សព្វថ្ងៃនេះ អ្នកស្រាវជ្រាវមួយចំនួន យល់ស្របគ្នាថា ទីតាំងនេះមានភាគរយខ្ពស់ អាចជាឡដុតភាជន៍សម័យបុរាណ។

គម្រោងនេះ នឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយតាមរយៈការធ្វើកំណាយ យើងក៏បានឃើញជញ្ជាំងឡ និងភាជន៍ភាគច្រើន ជារបស់ប្រើប្រចាំថ្ងៃ មាន ឆ្នាំងដី ក្បឿង ចង្ក្រាន ខួច ប៉ុន្តែពុំមានស្រទាប់រលោងទេ។ បន្ទាប់ពីកំណាយរួច នឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារ សម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនា និងការសិក្សារបស់អ្នកស្រាវជ្រាវផង។

លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរអប្សរា បានឱ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានិភ័យដល់សំណង់បុរាណនិងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ ដោយបែងចែកជាក្រឡា ដើម្បីងាយស្រួលប្រមូលទិន្នន័យ ថតរូបរចនាសម្ព័ន្ធនៃទីតាំងវត្ថុបុរាណ ការប្រើប្រាស់ឧបករណ៍តូចៗ និងអាចគ្រប់គ្រងរចនាសម្ព័ន្ធឡបានល្អ។ លក្ខណៈរចនាសម្ព័ន្ធឡ ដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ ព្រោះរូបរាងរចនាសម្ព័ន្ធឡនេះ ខុសពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ។ តាមរយៈវត្ថុដែលប្រទះឃើញនៅទីនេះ ក៏ធ្លាប់ឃើញនៅតាមការដ្ឋានកំណាយលើទីតាំងមនុស្សរស់នៅដែរ តែមិនដឹងថា វាមានប្រភពមកពីឡណាទេ។ ដូច្នេះវានឹងក្លាយជាភ័ស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡ និងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់?

លោក ឆាយ រចនា ប្រធានការិយាល័យអង្គភាពកុលាលភាជន៍អង្គរ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ ក៏បានបញ្ជាក់ដែរថា ខណៈនេះ មិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់អុស មានអង្កត់ផ្ចិតត្រឹម ៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ព័ន្ធឡដីឆ្នាំងនេះ ពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។

ចំណែកភាជន៍នៅទីនេះ ក៏គ្មានស្រទាប់រលោងដែរ តែមានក្បាច់លម្អ ហើយភាគច្រើនគឺឆ្នាំងដី និងក្បឿង ដែលខុសពីការផលិតនៅគោកព្នៅ និងគោកបី។ តាមរយៈបំណែកក្បឿង អាចសន្និដ្ឋានថា ឡដុតភាជន៍នេះ ប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះ មិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរ ទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដី ជាច្រើន៕