ភ្នំពេញ ៖ បុរសម្នាក់ បានរំលឹកពីអនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន ដែលកាលពីថ្ងៃភ្ជាប់ពាក្យ គ្មានលទ្ធភាពសូម្បីតែទិញចិញ្ចៀន តម្លៃ ១០០ដុល្លារ ជូននារីជាទីស្រលាញ់ ប៉ុន្តែយ៉ាងណា នាងនៅតែមិនអាក់អន់ស្រពន់ចិត្ត ស្ម័គ្ររួមវាសនា បង្កើតជាគ្រួសារ ប្រឹងពួតដៃគ្នារកស៊ី ត្រឹមរយៈពេល ២ឆ្នាំ ស្រាប់តែមានលទ្ធភាពទិញវីឡា និងរថយន្តទំនើប ប៉ះប៉ូវផ្លូវចិត្តជូនភរិយាជាទីស្រលាញ់។

បុរសឈ្មោះហែម ធឿន បានបង្ហោះរូបភាពរថយន្តទំនើប ម៉ាកឡង់គ្រីសឺរ ស៊េរី២០២១ និងផ្ទះវីឡាថ្មីរបស់ខ្លួន ក្នុងគណនីបណ្តាញាង្គមហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ជាមួយសំណេរថា “កាលពីរឆ្នាំមុន ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ មកដល់ពេលនេះ យើងបានចាប់ដៃគ្នាកសាងគ្រួសារមួយ ហើយអ្វីដែលបងនឹកស្មានមិនដល់ថា ពួកយើងដើរដល់ចំណុចដែលហួសពីការរំពឹងទុក។

រំលឹកកាលពី ២ឆ្នាំមុន សូម្បីតែចិញ្ចៀនភ្ជាប់ពាក្យមួយវង់ តម្លៃ ១០០ដុល្លារ ក៏បងគ្មានលុយទិញឱ្យអូនពាក់ តែមកដល់បច្ចុប្បន្ននេះ បងអាចរកអ្វីឱ្យអូនបានទាំងអស់ បងមិននឹកស្មានថា ខ្លួនឯងមានសមត្ថភាពអាចរកលុយ ឡាន ផ្ទះ និងសុភមង្គលក្នុងគ្រួសារបាន ត្រឹមរយៈពេលខ្លី ២ឆ្នាំប៉ុណ្ណោះ។ បងអរគុណដែលអូននៅក្បែរបងរហូតមក អរគុណឪពុកម្តាយទាំងសងខាង ជាពិសេស ខ្ញុំសូមអរគុណដល់អគ្គនាយកក្រុមហ៊ុន សេង ហាន ដែលបានបង្កើតក្រុមហ៊ុនមួយនេះឡើង ដើម្បីជួយដល់ពលរដ្ឋខ្មែរ គ្រប់រូបដែលចង់ផ្លាស់ប្តូរជីវិត មិនរើសអើងកម្រិតវប្បធម៌…”។

ដោយឡែកស្ត្រីជាប្រពន្ធ ក៏បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួននៅថ្ងៃដដែលនោះថា “ខ្ញុំទើបតែដឹងថា មនុស្សយើង ពេលយើងងើបឡើងតស៊ូជោគជ័យ គឺមានមនុស្សច្រើនណាស់ចាំជាន់ពន្លិចយើងទៅវិញ និងតិះដៀលយើង យើងរកស៊ីចេះ រកស៊ីចុះ គឺចាំតែមើលងាយ និងច្រណែនយើង អ៊ីចឹងហើយ យើងត្រូវនៅឱ្យឆ្ងាយពីមនុស្សប្រភេទនេះ យើងខ្ពស់ជាង គឺមិនបានម៉ង ខ្ជិលនិយាយពីមនុស្សប្រភេទហ្នឹងវែងឆ្ងាយ ណាស់

តែអរគុណខ្លាំងណាស់សម្រាប់បងបងមួយចំនួនទៀត ដែលបាន Comment សរសើរ និងលើកទឹកចិត្តដល់ពួកខ្ញុំ អ្វីៗក៏ដោយ សុទ្ធតែផ្ទុយគ្នាទាំងអស់ ខ្ពស់ទាប ល្អអាក្រក់ សខ្មៅ អត់មានរូបថ្មីផុសទេ មានតែរូបចាស់ៗផុសច្រើនតិចហើយ បើនៅឆ្ងល់ទៀតថា ពួកខ្ញុំជោគជ័យលឿនម៉្លេះ មកជួបពួកខ្ញុំផ្ទាល់មក ខ្ញុំនឹងបានណែនាំឱ្យធ្វើការជាមួយខ្ញុំ អរគុណ…”៕


