Sunday, November 9, 2025
Homeព័ត៌មានជាតិនារីរូបស្រស់ថា បានងារមេម៉ាយ រំភើបឡើងស្រក់ទឹកភ្នែក

នារីរូបស្រស់ថា បានងារមេម៉ាយ រំភើបឡើងស្រក់ទឹកភ្នែក

ខេត្តព្រះសីហនុ ៖ នារីរូបស្រស់ម្នាក់បានទម្លាយពីអារម្មណ៍ពិតរបស់ខ្លួន បន្ទាប់ពីបានងារមេម៉ាយ ថាធ្វើឲ្យនាងរំភើបឡើងស្រក់ទឹកភ្នែក ក្រោយពីជីវិតគូរបស់នាងជាមួយស្វាមីជួបភាពរកាំរកូសមិនចុះសម្រុងគ្នា រហូតនាងសម្រេចលែងលះស្វាមី ក្រោយពីរួមរស់បានកូនមួយ។

នារីវ័យក្មេងរូបស្រស់ដែលរំភើបពេលមានឈ្មោះមេម៉ាយនោះ មានឈ្មោះ លី វណ្ណរក្សា អាយុជា២០ឆ្នាំ របស់នៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ ចំណែកបុរសជាប្តី មានឈ្មោះណុប ដារ៉ូ អាយុជាង២០ឆ្នាំ រស់នៅជាមួយគ្នាក្នុងភូមិខាងលើ។ គូស្វាមីភរិយានេះ មានកូនប្រុសម្នាក់ អាយុជាង២ឆ្នាំ។

តាមប្រភពនារីជាប្រពន្ធ ឈ្មោះលី វណ្ណរក្សា បានឲ្យដឹងថា តាមពិតនាងមិនចង់លែងប្តី មានឈ្មោះជាស្រីមេម៉ាយនោះទេ តែដោយសារតែការរស់នៅមិនចុះសម្រុងគ្នា ទើបនាងសម្រេចលែងលះជាមួយស្វាមី។

ប្រភពដដែល បន្តថា ពាក់ព័ន្ធបណ្តឹងលែងលះរបស់នាងត្រូវសាលាដំបូងខេត្តព្រះសីហនុ កោះហៅឡើងតុលាការនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នេះ បន្ទាប់ពីនាងបានដាក់ពាក្យប្តឹងលែងប្តី ទៅសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

អ្នកស្រីលី វណ្ណរក្សា បានសរសេរក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ថា «តាំង​ពី​បាន​ងារ​ជា​មេម៉ាយ​មក រំភើប​ឡើង​ស្រក់​ទឹក​ភ្នែក​ហើយ ហើយ​ក៏​អរគុណ​ដល់​បងៗ អូនៗដែលឆាតមកលើកទឹកចិត្ត ​និងផ្ដល់កម្លាំងដល់រូបនាងខ្ញុំអរគុណមែនទែន! ខ្ញុំ​ក៏​ត្រូវ​រឹងមាំ​បន្ត​ទៀត ​ព្រោះ​ខ្ញុំ​បាន​ដើរ​មក​ឆ្ងាយ​ហើយ

ផ្លូវ​មួយ​នេះ ​ខ្ញុំ​ជា​អ្នក​រើស​ដើរ​ដោយ​ខ្លួន​ឯង ​ទោះ​បី​មាន​ឧបសគ្គ ក៏ខ្ញុំត្រូវតែជម្នះដើរទៅមុខបន្ដ។ រាល់ថ្ងៃ​នេះ ​អត់​សរសើរ​ខ្លួន​ឯង​មិនបានទេ ជួបបញ្ហាលំបាកក្នុងជីវិត​ច្រើន​ណាស់​ដែរ ​តែនៅតែមុខក្រាស់ រស់បន្តបានទៀត»។

ដោយឡែក កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ស្ត្រីខាងលើ បានបង្ហោះដីកាកោះអញ្ជើញរបស់ចៅក្រម តាក់ គឹមសៀ នៃសាលាដំបូងខេត្តព្រះសីហនុ ក្នុងគណនីហ្វេសប៊ុកដដែល​ជាមួយសំណេរថា «ជួប​គ្នា​ថ្ងៃទី២៣ អត់​មាន​ស្រី​ណា​ម្នាក់​ដែរ​ចង់​ជាប់​ឈ្មោះ​ជា​ស្រី​មេម៉ាយ​ទេ ហើយ​ក៏គ្មាន​ស្រី​ណា​ម្នាក់​ចង់​លែង​លះ​ស្វាមី​ដែរ តែ​បើ​ទ្រាំ​រស់នៅ​ក្នុង​ជីវិត​គូ​ដែល​មិន​ចុះសម្រុង​នឹង​គ្នា ​សួរ​ថា​មាន​ក្ដី​សុខ​ទេ?​ មិន​បន្ទោស​អ្នក​ណា ​ដឹង​ត្រឹមថា យើងទាំងពីរនៅ ជាមួយ​គ្នា​លែង​បាន​ហើយ! ហើយ​បើសួរថា អូននៅស្រលាញ់បងទេ? ខ្ញុំ​ក៏​ឆ្លើយទាំងញញឹមថា អូននៅតែស្រលាញ់បងដូចថ្ងៃដែលផ្ដើម​ ខ្ញុំ​នៅតែ​ដូច​មុន​ អ្នក​ដែល​មិន​ដូច​មុន ​គឺ​បង

អារម្មណ៍​ល្អ​ៗ​ដែល​មាន​ចំពោះ​បង ​កន្លង​មក ​នៅដូចដើម តែអូនសុំមិនត្រឡប់ទៅអានសៀវភៅចាស់ៗដែលធ្លាប់អានហើយនោះទេ ព្រោះសាច់រឿងនិងអត្ថន័យវាដដែលៗ។ ជូន​ពរឲ្យ​បង​ជោគជ័យ​ក្នុង​ជីវិត ​ជួប​តែ​ជីវិត​គូ​ដែល​មានក្ដីសុខ! អ្វី​ដែល​ធ្វើឲ្យ​ខ្ញុំ​តូចចិត្ត​នោះ​គឺ​មើលទៅ​កូន​គេ ​មាន​ទ្រនំ​ជួបជុំ ​តែ​កូន​ខ្ញុំ​វិញ ​បែរ​ជា​មាន​ទ្រនំ​បាក់​មែក តែមិនជាអ្វីទេម៉ាក់នឹងធ្វើគ្រប់យ៉ាងដើម្បីឲ្យកូនមានក្ដីសុខបំផុត តាមដែលម៉ាក់អាចធ្វើទៅបាន ម៉ាក់​សន្យា​ (ដារិទ្ធ)។ ឆ្លៀត​ឱកាស​នេះ ​ប្រម៉ូតខ្លួនឯងបន្តិច​ អូន​មេម៉ាយចាយរាង»៕

RELATED ARTICLES