តារាចម្រៀងវ័យ៤៦ឆ្នាំព្រាប សុវត្ថិ បានដើរចេញពីហង្សមាសរយៈពេល១០ខែទៅហើយដើម្បីទៅចូលរួមជាមួយGalaxy ដែលតាំងពីមុនចេញបទចម្រៀងនៅផលិតកម្មថ្មីនេះម្លេះកំពូលតារាចម្រៀងរូបនេះត្រូវបានមតិភាគច្រើនយល់ថាការចេញពីទ្រនុំធំទៅជ្រកនៅទ្រនុំថ្មីច្បាស់ជាធ្វើឲ្យកេរ្ដិ៍ឈ្មោះរបស់លោកដែលល្បីល្បាញជាង២០ឆ្នាំនោះមានការប្រែប្រួលជាមិនខាន ខណៈអ្នកគាំទ្រខ្លះលើកឡើងថាពួកគេស្ដាប់និងច្រៀងតែបទចម្រៀងព្រាប សុវត្ថិ តែនៅហង្សមាសព្រោះតាំងពីលោកទៅGalaxy ផលិតកម្មនេះមិនទាន់ធ្វើបទណាមួយឲ្យត្រូវសម្ថភាពសម្លេងដែលខ្ពស់បំផុតរបស់លោកដូចកាលនៅហង្សមាសឡើយ។ទោះជាយ៉ាងណាតាមការកត់សម្គាល់ទូទៅព្រាប សុវត្ថិ ដែលចេញបីហង្សមាសបាន៣០០ថ្ងៃឬស្មើនិង១០ខែនេះកេរ្ដិ៍ឈ្មោះរបស់លោកហាក់មិនបាក់ស្រុកដូចការព្យាករណ៍របស់មនុស្សមួយចំនួនធ្លាប់សន្និដ្ឋាននោះទេព្រោះថាពេលនេះលោកនៅតែរក្សារលំនិងបានដូចមុនដដែល។



ការសម្អាងថាព្រាប សុវត្ថិ មិនធ្លាក់ចុះក្រោយប្ដូរផលិតកម្មនេះត្រូវបានអ្នកជំនាញធ្វើភ្លេង(Composer)នៅហង្សមាសនិយាយថាដោយសារតែរដូវកូវីដនេះតារាទាំងឡាយមិនអាចឡើងច្រៀងសម្ដែងតាមឆាកធំៗដូចមុនបានហេតុនេះហើយគេមើលទៅលើស្ពតពាណិជ្ជកម្មដែលព្រាប សុវត្ថិ កាលនៅហង្សមាសនិងពេលទៅGalaxy បើក្រុមហ៊ុនទាំងនោះនៅតែបន្ដចាប់ដៃព្រាប សុវត្ថិ ដូចមុននោះបញ្ជាក់ថាកំពូលតារាចម្រៀងរូបនេះនៅតែរក្សារបានទីផ្សារសិល្បៈដដែលទេ។ប៉ុន្ដែនៅពេលដែលស្ងាត់កូវីដនៅពេលខាងមុខហើយបណ្ដារConcertsទាំងឡាយបើកវិញនោះលោកអះអាងថាគេអាចតាមដានមើលថាតើព្រាប សុវត្ថិ នៅតែលេចមុខតាមឆាកធំៗទាំងនោះដូចមុនទៀតឬអត់នោះគឺទស្សនិកជននឹងអាចវាយតម្លៃពីព្រាប សុវត្ថិ កាលនៅហង្សមាសនិងពេលទៅGalaxyបានហើយ។



តាមរយៈការលើកឡើងបែបនេះបញ្ជាក់ថាព្រាប សុវត្ថិ ប្ដូរផលិតកម្មជិត១ឆ្នាំនេះមិនទាន់មានការប្រែប្រួលឬចុះខ្សោយនោះឡើយព្រោះថាលោកនៅតែក្ដាប់ស្ពតធំៗដូចជារថយន្ដIsuzu និងទូរស័ព្ទVivo ជាដើមដែលក្នុង១ឆ្នាំៗកំពូលតារាចម្រៀងរូបនេះស៊ីថ្លៃរាប់ម៉ឺនដុល្លារ។គេកត់សម្គាល់ដែរថាក្រោយចេញពីហង្សមាសនេះព្រាប សុវត្ថិ កាន់តែលូកដៃចូលជ្រៅទៅលើវិស្ស័យជំនួញដូចជាការបើកភោជនីដ្ឋានដ៍ធំមួយនៅភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ដែលចំណាយទុកដល់ទៅរាប់សែនដុល្លារ និងការដាក់ទុនធំផ្សេងទៀតចំនួនទ្វេរដងសង់រម្យនីយ៍ដ្ឋាន(Resort)នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌុលគិរី ជាដើម។តាមរយៈការពង្រីកមុខជំនួញនៅរដូវកូវីដនេះព្រាប សុវត្ថិ ក៍ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាអតីតតារាចម្រៀងហង្សមាសចាប់អាជីពចម្រៀងរយៈពេលជាង២៣ឆ្នាំមកនេះសល់ទ្រព្យសរុបខ្ទង់៣០លានដុល្លារផងដែរ។



ថ្វីត្បិតតែព្រាប សុវត្ថិ មានមុខជំនួញរឹងមាំដែលអាចធ្វើឲ្យលោកនៅតែមានប្រាក់ចំណូលជាប្រចាំទោះជាមិនចេញច្រៀងសម្ដែងទៀតក្ដី ប៉ុន្ដែក្នុងវ័យជ្រេបន្ដិចនេះព្រាប សុវត្ថិ នៅតែបន្ដវាយលុកទីផ្សារចម្រៀងហើយរហូតមកដល់ឆ្នាំ២០២១នេះតារាចម្រៀងដែលអាចប្រជែងជាមួយលោកបានគឺមានតែលោកខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ដ ម្នាក់ប៉ុណ្ណោះកំពុងធ្វើព្យុះភ្លៀងនៅហង្សមាស។ចំពោះព្រាប សុវត្ថិ មានចំណុចខ្សោយព្រោះការជ្រកនៅទ្រនុំថ្មីធ្វើឲ្យលោកខ្វះដៃគូដ៍សាកសមព្រោះជាតារាល្បីល្បាញបំផុតតែមានដៃគូនាងតន់ ច័ន្ទសីម៉ា តែម្នាក់នោះមិនគ្រប់គ្រាន់ឡើយ ។យ៉ាងណាតារាចម្រៀងស្រីដែលសាកសមក្នុងការធ្វើជាដៃគូជាមួយព្រាប សុវត្ថិ មានដូចជានាងមាស សុខសោភា និងពេជ្រ សោភា ជាដើមនោះបានបដិសេធចូលទៅGalaxyតាមព្រាប សុវត្ថិ ទើបធ្វើឲ្យតារាជើងចាស់រូបនេះមិនអាចរកដៃគូបន្ថែមពីលើនាងសីម៉ា ឡើយ។



លោកកៅ សីហា អ្នកដឹកនាំសម្ដែងហង្សមាសធ្លាប់និយាយថាព្រាប សុវត្ថិ ល្បីផុតគេអស់ទៅហើយអីចឹងតើឲ្យលោកល្បីយ៉ាងម៉េចទៀតទៅ បើលោកឡើងហួសគេឯងហើយហ្នឹង? ហ៊ឹម វិចិត្រ

