ខេត្តសៀមរាប ៖ បន្ទាប់ពីទីក្រុងសៀមរាប បានប្រែមុខមាត់ថ្មី ជាមួយផ្លូវ ៣៨ខ្សែ ដែលទើបស្ថាបនា និងសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី០៤ មេសា ឆ្នាំ២០២២ នោះមក លោកស្រីទាង អេង ទៀសីហា ភរិយាអភិបាលខេត្តសៀមរាប បានបង្ហាញនូវវីដេអូស្តីពីទិដ្ឋភាពនៅក្រុងសៀមរាប នាពេលបច្ចុប្បន្នដ៏ស្រស់ស្អាត។ ជាមួយនេះ លោកស្រីក៏បានអំពាវនាវដល់ពុកម៉ែ បងប្អូន កុំភ្លេចមកលេងសៀមរាបថ្មី ដែលជាក្រុងបុរាណនិងក្រុងទំនើប ប្រែក្លាយមុខមាត់ថ្មី លើទឹកដីអច្ឆរិយដែលកំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ដូចបណ្តាខេត្តនានាទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតនិងប៉ិនប្រសប់ របស់សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកស្រីទាង អេង ទៀសីហា បានបង្ហោះវីដេអូ បង្ហាញពីទិដ្ឋភាពនៅក្រុងសៀមរាប នាពេលបច្ចុប្បន្ន ក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ ជាមួយសំណេរថា «នេះជាទិដ្ឋភាពនៅក្រុងសៀមរាប នាពេលបច្ចុប្បន្ន ពុកម៉ែ បងប្អូន កុំភ្លេចមកលេងសៀមរាបថ្មី ឥឡូវ!

ផ្លូវ ៣៨ខ្សែ ដែលទើបស្ថាបនាលើទឹកដីខេត្តសៀមរាប តារារះនាទិសឧត្តរ ដែលទើបសម្ពោធដាក់ឱ្យប្រើប្រាស់ ថ្ងៃទី០៤ មេសា ឆ្នាំ២០២២ នេះ ជាផ្លែផ្កាដែលបានមកពីសន្តិភាព និងការអភិវឌ្ឍដោយផ្ទាល់របស់កម្ពុជា។
ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែ ដែលបាននិងកំពុងបង្ហាញរូបរាងដ៏ស្រស់ត្រកាលនៅលើទឹកដីអង្គរ នាពេលនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យមួយបន្ថែមទៀត ដែលបានសាងសង់ឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ ជាចំណងដៃដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកខេត្តសៀមរាប ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅនិងយូរអង្វែង ព្រមទាំងលើកម្ពស់នូវតំបន់ទេសចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា»។

លោកស្រីទាង អេង ទៀសីហា សរសេរបន្តថា «ក្រុងបុរាណ និងក្រុងទំនើប ប្រែក្លាយមុខមាត់ថ្មីលើទឹកដីអច្ឆរិយមួយនេះ ពិតជាធ្វើខ្ញុំមានមោទនភាពនូវអ្វីដែលខ្មែរ កំពុងតែមានភាពរីកចម្រើន និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសប់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី។
តម្លៃនៃសុខសន្តិភាព បាននាំមកនូវក្តីសង្ឃឹម និងស្នាមញញឹមដល់ប្រជាពលរដ្ឋគ្រប់រូប នៅទូទាំងប្រទេស ជាមួយនឹងការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ក្នុងរយៈពេលជាងពីរទសវត្សរ៍ កន្លងមកនេះ ហើយយើងទាំងអស់គ្នាត្រូវតែចងចាំជានិច្ច ។

អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាពនិងឯកភាពជាតិពេញលេញ!
សៀមរាប ផ្ទះខ្ញុំ! ខេត្តសៀមរាប ធ្វើបាន!»។
គួរបញ្ជាក់ថា ក្រុងសៀមរាប ខេត្តសៀមរាប បានប្រែមុខមាត់ថ្មីថែមទៀត បន្ទាប់ពីមានការសាងសង់ផ្លូវ ៣៨ខ្សែ និងការកែលម្អដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២។

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងការកែលំអរដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប។
សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់គណៈកម្មការអន្តរក្រសួង ដែលបានខិតខំប្រឹងប្រែងក្នុងការកសាងផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ឱ្យក្លាយជាសមិទ្ធផលដ៏ល្អប្រណិតនាពេលនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា ផ្លូវទាំង ៣៨ខ្សែ គឺជាការយកកម្ពុជា ចិញ្ចឹមកម្ពុជា ពីព្រោះការសាងសង់ផ្លូវទាំងនេះ ជាការសាងសង់ដោយកូនខ្មែរ និងជាថវិការបស់ជាតិផ្ទាល់តែម្តង មិនមានបរទេសណាចូលរួមនោះទេ។ សម្តេច ពិតជារីករាយចំពោះសមិទ្ធផលថ្មីនេះ និងប្រកាសជាថ្មីថា សមិទ្ធផលទាំងអស់ដែលកើតមានឡើងលើទឹកដីនៃខេត្តសៀមរាប នេះ ត្រូវប្រសិទ្ធនាមថា ជាតារារះនាទិសឧត្តរ។ សម្តេច បានមានប្រសាសន៍បន្តទៀតថា ផ្លូវទាំង ៣៨ខ្សែនេះ សុទ្ធតែមានព្រះនាមព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗកម្ពុជា ដែលបានសាងស្នាព្រះហស្ត និងស្នាដៃចំពោះជាតិនាពេលកន្លងមក។

សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា ការសាងសង់ផ្លូវ និងកែលម្អស្ទឹងសៀមរាប មិនអាចកាត់ផ្តាច់នូវការចូលរួមរបស់ប្រជាពលរដ្ឋនោះឡើយ ពីព្រោះមានប្រជាពលរដ្ឋខ្លះបានរងប៉ះពាល់ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប ហើយដែលបានស្ម័គ្រចាកចេញពីកន្លែងដែលត្រូវសាងសង់ និងប្រគល់ដីជូនអាជ្ញាធរ។ សម្តេច បានណែនាំដល់ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្តសៀមរាប ត្រូវយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋយើង ដែលត្រូវបានផ្លាស់ចេញពីកន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងសៀមរាប ហើយទៅរស់នៅភូមិអភិវឌ្ឍតេជោ រុណតាឯកនោះ។
សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងការកែលម្អដងស្ទឹងសៀមរាប យើងមិនអាចចាក់បេតុងនៅតាមច្រាំង និងមាត់ស្ទឹងនោះទេ ព្រោះជាតំបន់អភិរក្ស និងជាលក្ខខណ្ឌរបស់អង្គការយូណេស្កូ ដែលបានកំណត់ថា ប្រាសាទអង្គរ ត្រូវបានដាក់ចូលបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។ សម្តេច ក៏បានអរគុណដល់ ICC-Angkor ដែលបានចូលរួមអភិរក្សប្រាសាទអង្គរ និងក្រុងសៀមរាប ហើយកម្ពុជា បានចុះហត្ថលេខាការងារជាបន្តទៀត ជាមួយ ICC-Angkor ក្នុងការអភិរក្សប្រាសាទអង្គរ និងការអភិវឌ្ឍក្នុងក្រុងសៀមរាប រយៈពេល ១០ឆ្នាំបន្តទៀត បន្ទាប់ពីអនុវត្តបាន ៣០ឆ្នាំមកហើយ។ នៅថ្ងៃនោះ សម្តេចហ៊ុន សែន បានថ្លែងប្រតិកម្មនឹងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមួយចំនួន ដែលចង់ឱ្យមានការអភិវឌ្ឍអគារខ្ពស់ៗនៅក្នុងក្រុងសៀមរាប។ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រសិនបើធ្វើអគារខ្ពស់ៗបែបនោះ អង្គរវត្ត នឹងត្រូវដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ សម្តេច បានផ្តល់ដំបូន្មានដល់អ្នកអភិវឌ្ឍន៍វិស័យអចលនទ្រព្យថា ត្រូវមើលព្រៃទាំងមូល កុំមើលឈើមួយដើម។ សម្តេច បានជម្រាបទៅយូណេស្កូ ថាសូមកុំបារម្ភចំពោះការអនុវត្តនូវលក្ខខណ្ឌទាំងឡាយចំពោះការអភិរក្សនៅតំបន់ក្រុងសៀមរាប គឺកម្ពុជា មិនកាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ ផ្ទុយទៅវិញ គឺកម្ពុជា ត្រូវចិញ្ចឹមមេមាន់ឱ្យធំធាត់ ដើម្បីយកពងយូរអង្វែង។
នៅថ្ងៃនោះ ដោយសារជាថ្ងៃទី៤ ខែមេសា ជាថ្ងៃកំណើតផ្លូវការរបស់សម្តេច ដូច្នេះ សម្តេចហ៊ុន សែន សូមយកឱកាសនេះ ថ្លែងអំណរព្រះគុណដល់ព្រះមហាក្សត្រ អរព្រះគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានជូនពរសម្ដេច ក្នុងថ្ងៃនេះ។ សម្តេច បន្តថា ថ្ងៃនេះ កាលពី ៥២ឆ្នាំមុន ជាពេលដែលសម្តេច ក្លាយជាយុទ្ធជនដែលបានធ្វើដំណើរតស៊ូចូលទៅក្នុងព្រៃ តាមការអំពាវនាវរបស់សម្តេចព្រះបរមរតនកោដ្ឋ។
ជាថ្មីម្ដងទៀត នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ សម្ដេចនាយករដ្ឋមន្ត្រី សូមឲ្យបងប្អូនប្រជាពលរដ្ឋ អាចកម្សាន្តសប្បាយរីករាយតាមប្រពៃណីទំនៀមទម្លាប់ខ្មែរយើង ប៉ុន្តែត្រូវអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ពីការចម្លងជំងឺកូវីដ-១៩។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ ក៏បានចូលរួមលើកកម្ពស់មុខមាត់ខេត្តសៀមរាប ដែលត្រូវបានកំណត់ជាតំបន់ស្នូលក្នុងប៉ូលសេដ្ឋកិច្ចទី៣ រួមមាន ៖ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលជាគោលដៅទេសចរណ៍វប្បធម៌ បូជនីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិ ប្រកបដោយសក្តានុពលសេដ្ឋកិច្ច សម្បូរណ៍បែប និងអាចទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើន ចូលមកទស្សនា។
សូមជម្រាបជូនថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប មានប្រវែងសរុប ១០៨,៧៤គីឡូម៉ែត្រ ប្រើប្រាស់ថវិកាសន្សំរបស់ជាតិ សរុបចំនួន ១៤៩,២១៦លានដុល្លារ អាមេរិក ដោយក្នុងនោះ ចំនួន ៩លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ ចំណាយពេលសាងសង់ ចំនួន ១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន ០៨ រួមមាន ៖ ១- កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២- កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣- កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤- អគ្គនាយកដ្ឋានសាធារណការ ៥- អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦- នាយកដ្ឋានគ្រឿងចក្រនិងស្ថាបនាផ្លូវ ៧- នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និង ៨- មន្ទីរសាធារណការនិងដឹក ជញ្ជូនខេត្តសៀមរាប៕ ខៀវទុំ