ភ្នំពេញ ៖ បុរស ២នាក់ ជិះម៉ូតូ ១គ្រឿង ដឹកគ្នាក្នុងល្បឿនលឿន រួចជ្រុលបុកខឿនផ្លូវ បណ្តាលឱ្យដួលបោក ក្បាល បាក់កស្លាប់ម្នាក់ នៅនឹងកន្លែង ចោលប្រពន្ធសរសៃខ្ចី ដែលទើបនឹងសម្រាលកូនបានជាង ១ខែ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងតំបន់សួរឧស្សាហកម្មវឌ្ឍនៈទី២ ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ សា ភេទប្រុស អាយុជាង៣០ឆ្នាំ មានប្រពន្ធ និងកូន២នាក់ ក្នុងបន្ទុក ដោយកូនទី២ ទើបនឹងសម្រាលបានជាង ១ខែប៉ុណ្ណោះ។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN-6317 ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅបុកខឿនផ្លូវ ពេញទំហឹង បណ្តាលឱ្យដួលបោកនឹងបង្គោលភ្លើង ធ្វើឱ្យបុរសម្នាក់ បាក់ក បែកក្បាល ស្លាប់នៅនឹងកន្លែង យ៉ាងរន្ធត់ ចំណែកម្នាក់ទៀត រងរបួសធ្ងន់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ និងបានចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ បន្ទាប់មក សមត្ថកិច្ចបានស្រាវជ្រាវរកអត្តសញ្ញា ណជនរងគ្រោះ និងបានផ្តល់ដំណឹងទៅក្រុមគ្រួសារភ្លាមៗ។

បន្តិចក្រោយមក ឃើញសាច់ញាតិរបស់ជនរងគ្រោះដែលបាត់បង់ជីវិតខាងលើ បានមកដល់ទីតាំងកើតហេតុ ស្រែកទ្រហោយំគ្រប់គ្នា ដោយប្រាប់ថា ពួកគាត់មិនបានដឹងថា មុនកើតហេតុ ជនរងគ្រោះទើបនឹងចេញមកពីណា និងធ្វើដំណើរគោលដៅណានោះទេ ទើបបានជាមកជួប គ្រោះថ្នាក់បែបនេះ។

សាច់ញាតិរបស់ជនរងគ្រោះ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះ មានប្រពន្ធនិងកូន ២នាក់ ហើយប្រពន្ធសរសៃខ្ចី ទើបនឹងសម្រាលកូនទី២ បានប្រមាណជាង១ខែប៉ុណ្ណោះ និងកំពុងសម្រាកថែទាំងសុខភាពនៅឯស្រុកកំណើត ដោយប្តីចេញមកធ្វើការនៅភ្នំពេញ ស្រាប់តែអកុសល ត្រូវជួបគ្រោះថ្នាក់ចរាចរណ៍ បាត់បង់ជីវិតចោលប្រពន្ធកូនបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះធ្វើការវាស់វែង និងអូសយកម៉ូតូ ទៅរក្សាទុកជាបណ្តោះអាសន្ន។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រ គល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕