ខេត្តស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីវិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាង ដោយបានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងការចូលរួមទប់ស្កាត់និងចាត់វិធានការទប់ស្កាត់ការនាំសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «កន្លងមកនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញថា មានអាជីវករមួយចំនួនបានលួចនាំចូលដោយខុសច្បាប់នូវសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ ពីប្រទេសជិតខាង ចូលមកខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួន ដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យបានត្រឹមត្រូវ និងមួយផ្នែកធ្វើឱ្យបាត់បង់ចំណូលពីការបង់ពន្ធចូលថវិកាជាតិ។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់បញ្ហាកើតមានអសកម្មខាងលើនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដូចខាងក្រោម ៖
១. ស្នងការនគរបាលខេត្ត វរនគរបាល/យោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។

២. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធតាមបណ្តាច្រកររបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជាប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីចាំបាច់ ត្រូវរាយការណ៍និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើស មកផ្តន្ទាទោសតាមច្បាប់។
ទទួលបានការណែនាំនេះ សូមសមត្ថកិច្ចពាក់ព័ន្ធ រួមជាមួយមន្ទីរជំនាញ អាជ្ញាធរដែនដី ត្រូវចូលរួមនិងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»៕