ខេត្តបាត់ដំបង ៖ យុវជនឈាមរាវចំនួន ២នាក់ បានកើតមានទំនាស់ពាក្យសម្តីជាមួយនឹងបុរសម្នាក់ រហូតដល់ផ្ទុះជាអំពើហិង្សា ទាញពូថៅកាប់គូទំនាស់ បណ្តាលឱ្យរងរបួសប្រអប់ដៃយ៉ាងធ្ងន់ និងត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ឃាត់ខ្លួនជនដៃដល់បានម្នាក់ភ្លាមៗ ចំណែកបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។
ករណីអំពើហិង្សាដោយចេតនាខាងលើនេះ បានកើតឡើង កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។

ជនសង្ស័យដែលកាប់គូទំនាស់បណ្តាលឱ្យរងរបួស និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះវ៉ាន់ ដាណេភេត្រា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះសៅ ម៉ារិន ភេទអាយុ ៣៦ឆ្នាំ មានលំនៅ ភូមិ វត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ (រងរបួសនៅប្រអប់ដៃខាងស្តាំ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង រួមនិងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះវ៉ាន់ ដាណេភេត្រា នាំមកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីធ្វើការសាកសួរស្រាវជ្រាវ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ដោយពូថៅ) ទៅលើជនរងគ្រោះឈ្មោះសៅ ម៉ារិន បណ្តាលឱ្យរងរបួសនៅប្រអប់ដៃខាងស្តាំ ។
ប្រភពដដែល បន្តថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីវេលាយប់ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ វ៉ាន់ ដាណេភេត្រា នេះ ត្រូវបានបក្ខពួកម្នាក់ទៀត បបួលឱ្យទៅជួយអន្តរាគមន៍ ដោយសារគេមានទំនាស់ជាមួយអ្នកផ្សេងទៀត នៅចំណុចភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង។ ពេលឮគេបបួលបែននេះ ជនសង្ស័យបានទៅជាមួយ ដោយនៅក្នុងដៃមានកាន់ពូថៅទៅជាមួយផង លុះទៅដល់ចំណុចខាងលើ គេប្រាប់ខ្លួនថា អាម្នាក់នឹងហើយ (ជនរងគ្រោះ) ស្រាប់តែជនសង្ស័យបានចូលទៅកាប់ជនរងគ្រោះតែម្តង បណ្តាលឱ្យត្រូវដៃជនរងគ្រោះ រងរបួសយ៉ាងធ្ងន់ និងមានការប្រតាយប្រតប់គ្នា រហូតបណ្តាលឱ្យពូថៅរបូតចេញពីដៃ ទើបជនដៃដល់និងបក្ខពួក បាននាំគ្នារត់គេចចេញពីកន្លែងកើតហេតុតែម្តង។
នៅពេលកើតហេតុភ្លាមៗ ជនរងគ្រោះ បានប្តឹងរាយការណ៍មកសត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈព័ត៌មាននេះ សមត្ថកិច្ចនគរបាល បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ១នាក់ខាងលើ រីឯបក្សពួកម្នាក់ទៀត កំពុងគេចខ្លួន ដោយដកហូតបានពូថៅដងឈើ ចំនួន១ ដែលជាវត្ថុតាងប្រព្រឹត្តសកម្មភាពល្មើស។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕