ភ្នំពេញ ៖ ក្រុមហ៊ុន King Technologies Co.,Ltd ដែលគេស្គាល់ថា ជាក្រុមហ៊ុនអ៊ីនធើរណិត Opennet ដែលក្ស័យធន ត្រូវបានផ្ទេរឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អភិបាលបណ្តោះអាសន្ន នៃក្រុមហ៊ុន Opennet ចុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២។

សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា «អភិបាលបណ្តោះអាសន្ន នៃកូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ប្រកាសថា អតិថិជនទាំងអស់របស់កូនបំណុលក្រុមហ៊ុន King Technologies Co., Ltd. (Opennet) ត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Ezecom Co., Ltd ចាប់ពីថ្ងៃប្រកាសព័ត៌មាននេះតទៅ។ សូមទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ៨៨៨ ១៨១ និង ០៨៥ ៨៨៨ ១៨១ សម្រាប់សេវាអតិថិជន»។

គួរបញ្ជាក់ថា ក្រុមហ៊ុន Opennet បានជំពាក់បំណុលពន្ធរដ្ឋ មិនអាចដោះស្រាយបាន ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តែងតាំងអភិបាលបណ្តោះអាសន្ន ដើម្បីគ្រប់គ្រងបន្តលើក្រុមហ៊ុននេះ។ ប៉ុន្តែពេលនេះ ត្រូវបានផ្ទេរទៅឲ្យក្រុមហ៊ុន Ezecom របស់អ្នកឧកញ៉ា គិត ម៉េង ជាអ្នកគ្រប់វិញជំនួសហើយ៕