Monday, June 23, 2025
Homeសង្គម និងជីវិតជីងចក់ និងអតីតភរិយារូបស្រស់ ចេញមុខបំភ្លឺរឿងគេថា សម្តែងឈ្លោះគ្នា

ជីងចក់ និងអតីតភរិយារូបស្រស់ ចេញមុខបំភ្លឺរឿងគេថា សម្តែងឈ្លោះគ្នា

ភ្នំពេញ ៖ ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរវាងលោកជឿន ប៊ុនចក់ ហៅជីងចក់ និងអតីតភរិយា អ្នកនាង ទ្រិញ ផល្លា ដែលបានឈានដល់ផ្លូវបំបែកទាំងរកាំរកូស ដោយអ្នកនាងទ្រិញ ផល្លា បានទម្លាយបើកកកាយរឿងអាស្រូវអតីត

ស្វាមីខ្លួនយ៉ាងចាស់ដៃនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះ ស្រាប់តែពេលនេះ រឿងរ៉ាវអ្នកទាំងពីរចាប់ផ្តើមផ្ទុះកក្រើកសាជាថ្មី បន្ទាប់ពីមានការបែកធ្លាយរូបភាពលោកជីងចក់ និងអតីតភរិយា ចូលរួមជប់លៀងផឹក

ស៊ីនៅក្នុងក្លឹបមួយកន្លែង និងថែមទាំងបានថតរូបកៀកកើយគ្នាយ៉ាងស្អិតល្មួត រហូតធ្វើឱ្យមហាជនមួយចំនួនលើកឡើងថា ជម្លោះស្នេហាមួយនោះ គឺគ្រាន់តែជាការសម្តែងធ្វើជាឈ្លោះគ្នា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ចង់បាន View  និង Like និងដើម្បីលក់ផលិតផលរបស់ខ្លួនឱ្យកាន់តែដាច់ខ្លាំងប៉ុណ្ណោះ។

ជាការឆ្លើយតប ទៅនឹងការលើកឡើង និងយល់ឃើញរបស់មហាជន​ ដែលសង្ស័យថា ជីវិតប្តីប្រពន្ធរបស់ខ្លួនបែកបាក់ គ្រាន់តែជាការសម្តែង ចង់ល្បីនោះ សាមីខ្លួនទាំងពីរ (លោកជីងចក់ និងអតីតភរិយា) បានចេញមុខបក

ស្រាយបំភ្លឺពីជំហររៀងៗខ្លួន ពិសេសរៀបរាប់ពីមូលហេតុដែលនាំឱ្យរូបថតស្និទ្ធស្នាល១សន្លឹក បានបែកធ្លាយពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

អ្នកនាងទ្រិញ ផល្លា អតីតភរិយារបស់លោកជីង ចក់ កាលពីយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ បានផុសវីដេអូផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក របស់ខ្លួន រៀបរាប់ថា “ជាដំបូងឡើយ ខ្ញុំចង់បញ្ជាក់ជូនបងប្អូនថា ខ្ញុំមិនអាចយករឿងគ្រួសារមួយប៉ុនណាណី មកលេងសើចនៅលើសង្គមទេ អត់យករឿង គ្រួសារប៉ុនណាណី មកសម្តែង

ទាក់ទាញចំណាប់អារម្មណ៍ រក View រកអី អត់ទេបងប្អូន បងប្អូនសាកគិតថយក្រោយបន្តិចថា អ្នកណាអាចយករឿងគ្រួសាររបស់ខ្លួនមកលេងសើចក្នុងបណ្តាញសង្គមអ៊ីចឹងបាន? អ៊ីចឹងខ្ញុំសូមបកស្រាយពីរឿងយប់មិញហ្នឹង គឺ

មានកម្មវិធីដែលបងស្រី បងប្រុស គាត់ចង់ឱ្យត្រូវគ្នា គាត់ហៅទៅជល់គ្នា ហើយ២នាក់ខ្ញុំ អត់មានចេតនាអីថានឹងជួបគ្នាទេ ព្រោះអត់បានដឹងខ្លួនមុនទេ ក៏បានទៅជល់គ្នា រួចក៏ថតរូបថតអីធម្មតាទៅ ព្រោះនៅមុខមហាជន នៅទីសាធារណៈ មិនអាចអ្នកណាទៅធ្វើអីអាក្រក់ ឈ្លោះគ្នា ឬក៏ធ្វើអីដាក់គាត់បានទេ រឿងខឹង ខ្ញុំខឹងហើយ ដូចខ្ញុំ

បញ្ជាក់ជូនបងប្អូនអ៊ីចឹង គាត់ក៏នៅស្រលាញ់ខ្ញុំ ខ្ញុំក៏នៅស្រលាញ់គាត់ ចិត្តអត់ដាច់ពីគ្នាទេ តែសួរថាយកគ្នាវិញនៅ? នៅទេណាបងប្អូនណា សួរថា ឱ្យយកគ្នាវិញនៅ គឺនៅទេ គ្រាន់តែជួបគ្នា វ៉ាក់អឺនៅក្រៅ ហើយថតរូបធម្មតាតែប៉ុណ្ណឹងឯង អត់ទាន់ត្រូវគ្នាទេ»។

អ្កនាងទ្រិញ ផល្លា បន្តថា «ហើយខ្ញុំចង់បញ្ជាក់ជូនថា ខ្ញុំអត់បានយករឿងគ្រួសារខ្ញុំ មកលេងសើចនៅលើបណ្តាញសង្គមទេ បងប្អូនសាកទៅមើលការឡាយរបស់ខ្ញុំពីមុនមក មួយសាទៀតថា សម្តែង អត់? ពីណាយករឿងអ៊ីចឹងមកសម្តែង បងប្អូន? អត់សម្តែងទេ ហើយ២នាក់ខ្ញុំ អត់ទាន់ត្រូវគ្នាទេ អត់ទាន់យកគ្នាវិញទេ តែគ្រាន់តែថា បើសិនពួកខ្ញុំជួបគ្នានៅខាងក្រៅ គឺធម្មតា អត់អាចទៅវ៉ៃគ្នាឱ្យបែកក្បាលហូរឈាមអីនៅមុខមហាជនអី គឺអត់ទេ។ ធម្មតាបងប្អូន ជួបគ្នានៅខាងក្រៅគឺធម្មតា តែបើសួរថា យកគ្នាជាប្តីប្រពន្ធវិញនៅ? គឺនៅទេ អត់មានបានយកគ្នាវិញទៅ បងប្អូនស្តាប់ឱ្យទាន់ អ៊ីចឹងអ្នកខ្លះគាត់យល់ច្រឡំថា ខ្ញុំហ្នឹងសម្តែង បងប្អូន ពីណាគេយករឿងអ៊ីចឹងមកសម្តែងកើត? ខ្ញុំអត់ដឹងពេលណាទេ តែខ្ញុំចង់បញ្ជាក់ជូនបងប្អូនថា ខ្ញុំអត់បានសម្តែងទេ រឿងដែលខ្ញុំមានបញ្ហាជាមួយគ្រួសារខ្ញុំ គឺជាការពិត មិនមែនធ្វើជាឈ្លោះគ្នា ដើម្បីឡាយ ទាក់ទាញយក View យកអីហ្នឹង គឺអត់ទេ អ្នកណាធ្វើឈ្លោះគ្នាអ៊ីចឹងម៉េច? ហើយខ្ញុំអត់មានដឹកនាំរឿង យករឿងហ្នឹងមកសម្តែង ដើម្បីទាក់ទាញបងប្អូន ទៅបំពុលសង្គម រឿងគ្រួសារខ្លួនឯងអី គឺអត់ទេ រូបហ្នឹងគ្រាន់តែថតធម្មតា ដោយសារតែយប់មិញ ខ្ញុំនិងគាត់ជួបគ្នាវ៉ាក់អឺនៅក្រៅ ក៏ថតរូបធម្មតាជាមួយគ្នាទៅ ហើយថតហ្នឹងង ខ្ញុំចង់បញ្ជាក់ថា ខ្ញុំអត់មានចេតនានឹងថត ហើយក៏អត់ដឹងថាគេថតទៀត លក្ខណៈថា ធម្មតាយើងទៅក្លឹប យើងមិនផឹកអី បើខ្ញុំផឹកនៅផ្ទះមិត្តភក្តិខ្ញុំ ឡើងខ្ញុំស្រវឹងហើយ ទម្រាំតទៅក្លឹបទៀត អ៊ីចឹងអាពេលហ្នឹង ខ្ញុំអត់ដឹងថាវាយ៉ាងម៉េចទេ អត់មានចេតនាថត អត់ដឹងថាគេថត បានថ្ងៃឡើង បើកទូរស័ព្ទមក ចុម! ភ្ញាក់ព្រើតហ្មង!»។

អ្នកនាងទ្រិញ ផល្លា បន្តទៀតថា «ចង់និយាយថា ខ្ញុំអត់មានចេតនាថាថត អត់ដឹងថាខ្លួនឯងថត អត់ដឹងអីផង បើស្រវឹងហើយ ចុះមនុស្សកំពុងសេដ កំពុងពិបាកចិត្ត លេងពួយស្រាក្រហម និងវីស្គី ខ្ញុំផឹកដូចទឹកអ៊ីចឹងហ្នឹង ឥឡូវកំពុងនៅវិលពេញខ្លួន លេបបាយលេបទឹកអីមិនចូលទេនេះ គ្រាន់តែថា យប់មិញហ្នឹង ខ្ញុំស្រវឹងហើយ អត់ដឹងថាគេថត អត់ដឹងថាថតដោយវិធីណា អត់ដឹងទេ ទាល់បែកធ្លាយរូបផ្អើលពេញហ្នឹងទៅ បានខ្ញុំថា ខ្ញុំចប់បាត់ ខ្ញុំអត់ដឹងណា ខ្ញុំអត់ដឹងថាថតទេ ដល់បែកធ្លាយពេញហ្នឹងទៅ បានខ្ញុំភ្ញាក់ខ្លួនតើ! ស្រវឹងហើយបងប្អូន អត់មានបានដឹងថាថត មិនថតអីទេយប់មិញហ្នឹងហើយខ្ញុំឈរឱ្យគេថត តែចង់និយាយថា ពេលហ្នឹងគឺខ្ញុំស្រវឹងខ្លាំងហើយ មិនទាំងដឹងថាឈរឱ្យគេថត មិនទាំងដឹងថាគេថត មិនទាំងដឹងថាបានថតជាមួយគ្នាផង ចង់និយាយអ៊ីចឹងណា ទាល់តែថ្ងៃឡើង បើកហ្វេសប៊ុក ឡើងផ្ទុះ បានភ្ញាក់ខ្លួន ប៉ុន្តែចង់និយាយថា បើឱ្យជួបគ្នា អាក្រក់ដាក់គ្នានៅខាងក្រៅអី គឺអត់ទេ អតីតប្តីខ្ញុំ ទាំងខ្ញុំ គឺនៅស្រលាញ់គ្នា ចិត្តអត់ទាន់ដាច់ពីគ្នា អ៊ីចឹងជួបគ្នានៅខាងក្រៅអីគឺធម្មតា អត់បានសត្រូវដាក់គ្នាទេ អ៊ីចឹងរឿងដែលខ្ញុំចង់បកស្រាយរឿងពួកខ្ញុំ២នាក់ជួបគ្នាយប់មិញហ្នឹង គ្រាន់តែពួកខ្ញុំជួបគ្នាចៃដន្យនៅខាងក្រៅ ហើយក៏បានថតជាមួយគ្នាធម្មតា អត់មានបានត្រូវគ្នាទេ អត់ទាន់បានយកគ្នាវិញទេ សូមមេត្តាជ្រាប។ អ៊ីចឹងរឿងដែលខ្ញុំបកស្រាយ គឺមានតែប៉ុណ្ណឹង អត់មានអីបកស្រាយលើសពីហ្នឹងទៀតទេ ខ្ញុំអត់មានត្រូវគ្នាវិញទេ បើត្រូវគ្នាខ្ញុំប្រាប់ហើយ ខ្ញុំលាក់ធ្វើអី?…”។

ដោយឡែក លោកជឿន ប៊ុនចក់ ហៅជីងចក់ ក៏បានចេញផុសវីដេអូផ្សាយផ្ទាល់ (Live) បកស្រាយបំភ្លឺ តាមគណនីហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នោះដែរថា “ថ្ងៃនេះ ខ្ញុំចង់បកស្រាយពីរឿងរូបថត តាមពិតទៅរូបហ្នឹង គឺជារូបពិតមែន ដែលបានថតកាលពីយប់មិញ ក៏ប៉ុន្តែរូបហ្នឹង សូម្បីតែខ្ញុំ និងអតីតប្រពន្ធខ្ញុំ ក៏ហួសចិត្តដែរ គឺជាកម្មវិធី បានន័យថា ការជួបគ្នាហ្នឹង គឺជាការរៀបចំ ព្រោះនៅក្នុងការជួបគ្នានេះ គឺមានបងស្រីម្នាក់ គាត់ខលមកប្រាប់ខ្ញុំ គាត់ថា ជីងចក់ មកកម្មវិធីបង គាត់ថាខួបកំណើតកូនគាត់ ខ្ញុំក៏ថា ខ្ញុំអត់អីជិះទេ គាត់ថា ចាំឱ្យគេទៅយក អ៊ីចឹងខ្ញុំគិតថាទើសទាល់ពេក ព្រោះខ្ញុំរាប់អានជាមួយបងស្រីហ្នឹង អ៊ីចឹងខ្ញុំក៏បានឱ្យក្មេងៗជូនទៅ។ បន្ទាប់មក ខ្ញុំទៅដល់កម្មវិធីនៅក្នុងក្លឹបហ្នឹងមុនគាត់ បន្ទាប់មក មិនដល់ ២០នាទីផង ក៏ឃើញគាត់មកដល់ញ៉ាច់ នៅមុខហ្នឹងហ្មង ដល់អ៊ីចឹងខ្ញុំស្រឡាំងកាំងហ្មង ខ្ញុំក៏អត់ដឹងថា គាត់ទៅចូលរួមកម្មវិធីខួបកំណើតបងស្រីដែលគាត់អញ្ជើញខ្ញុំទៅដែរ ហើយដល់ពេលវ៉ាក់អឺគ្នាទៅ ខ្ញុំបានសួរបងស្រីហ្នឹងថា ហេតុអីបានទៅជាអ៊ីចឹងវិញ? គាត់ថា គាត់ចង់សម្រុះសម្រួល គាត់ចង់ឱ្យពួកខ្ញុំទាំង២នាក់ហ្នឹង ត្រូវគ្នាវិញ គឺចរចា គាត់អត់ចង់ឃើញ

ពួកខ្ញុំទាំង២នាក់ ចែកផ្លូវគ្នាដោយបែបហ្នឹង ហើយខ្ញុំវាហួសចិត្តមែន ខ្ញុំនិយាយត្រង់បងប្អូន ប៉ុន្តែចំពោះរូបភាពនេះ គឺខ្ញុំអត់ប្រកែកទេ គឺពិតជារូបភាពដែលខ្ញុំបានថតកាលពីយប់មិញមែន នៅក្នុងក្លឹប នៅក្នុងកម្មវិធីខួបកំណើតដែលបងស្រីគាត់អញ្ជើញទៅមែន ហើយខ្ញុំក៏អត់ដឹងថា គាត់ហៅខ្ញុំទៅ ហើយគាត់ហៅខាងអតីតភរិយាខ្ញុំមកហ្នឹង ដើម្បីសម្រួល ដើម្បីចរចាគ្នានោះទេ ប៉ុន្តែមែន ដូចអ្វីដែលបងប្អូនបានឃើញមែន បងប្អូនគិតថានេះគឺជារឿងសម្តែង ធ្វើឱ្យគេ មហាជនពេញម៉ាប្រទេស ពេញម៉ានគរ តាមដាន ដល់ចុងក្រោយ មកត្រូវគ្នា គឺមិនអ៊ីចឹងទេ។ បងប្អូនត្រូវគិតថា មនុស្សដូចខ្ញុំ ខ្ញុំអត់ចេះ Prank ខ្ញុំអត់ចេះសម្តែងទេ ខ្ញុំមិនមែនស៊េរីអាមាន អាម៉ាណ អី Prank ហើយ Prank ទៀត Prank រាល់ថ្ងៃ គឺខ្ញុំអត់ចេះហ្មង ព្រោះខ្ញុំប៉ុណ្ណឹង ល្មមគេស្គាល់ហើយ អ៊ីចឹងខ្ញុំមិនចាំបាច់ទៅ Prank ឱ្យផ្ទុះ ឱ្យគេចាប់អារម្មណ៍ ចង់បាន  View ចង់បាន Like ចង់បាន Share គឺមិនទេ ព្រោះតាំងពីដើមមក ខ្ញុំធ្វើអី គឺអត់ចេះសម្តែង អត់ចេះ Prank ទេ ក៏ប៉ុន្តែតាមរយៈរូបភាពនេះ ខ្ញុំពិតជាលើកដៃសុំទោសដល់បងប្អូនមែន ប៉ុន្តែមិនដូចអ្វីដែលបងប្អូនគិតនោះទេ មិនមែនថាឈ្លោះគ្នាហែកហួរគ្នាប៉ុន្មានថ្ងៃនេះ ហេតុអីមកត្រូវគ្នាវិញ ធ្វើឱ្យអ្នកតាមដានដាច់ចង្កេះ»។

លោកជីងចក់ បន្តថា «ចំពោះខ្ញុំ គឺនៅតែប្រកាន់ជំហរថា គឺពួកខ្ញុំមិនត្រូវគ្នាទេ ដូចអ្វីដែលគាត់និយាយអ៊ីចឹង គាត់ថា គាត់ចែកផ្លូវជាមួយខ្ញុំហើយ ហើយគាត់ចាត់ទុកថាខ្ញុំជាសំរាមដែលគាត់ត្រូវបោះចោល អ៊ីចឹងវាអត់មានលក្ខខណ្ឌណា អត់មានហេតុផលណាដែលត្រូវគាត់យកខ្ញុំវិញទេ មិនអ៊ីចឹង? ខ្ញុំនិយាយមែនទែនទៅ រូបភាព ១សន្លឹកនេះណា បងប្អូនខ្លះអាចនិយាយថា ហេតុអី ជួបហើយមិនដើរចេញ ហេតុអីជួបហើយចាំបាច់ទៅស្និទ្ធស្នាល ថតអ៊ីចឹងធ្វើអី? បងស្រីម្ចាស់កម្មវិធីហ្នឹង គាត់ថា ដើម្បីបំពេញមុខកម្មវិធីរបស់គាត់ គាត់សុំថតតែ១សន្លឹកទេ ប៉ុន្តែក៏ខ្ញុំអត់ដឹងថា រូបភាពហ្នឹងអ្នកណាជាអ្នកផុសចេញមកដែរ ខ្ញុំអត់ដឹងទាល់តែសោះហ្មង ហើយប្រសិនបើខ្ញុំដឹងថា រូបភាពហ្នឹងផុសចេញមកជាសាធារណៈអ៊ីចឹង ក៏ខ្ញុំហាមមិ4នឱ្យអ្នកថតហ្នឹងផុសចេញដែរ ព្រោះវាមានការយល់ច្រឡំ វាធ្វើឱ្យមហាជនទូទាំងនគរ គេ យល់ច្រឡំថា ខ្ញុំទាំង២នាក់ ត្រូវរ៉ូវគ្នា ហើយហ្នឹងគ្រាន់ជាការសម្តែង គឺខ្ញុំប្រកែក

ដាច់អហង្ការហ្មង មកទល់នឹងពេលនេះ ម៉ោងនេះ គឺមិនទាល់តែសោះ ហើយខ្ញុំក៏មិនបន្ទោសអីដែរ ចំពោះអ្នកផុស ដោយសារគាត់គិតថា ការផុសនេះវាគ្រាន់តែបញ្ចេញឱ្យមហាជនដឹងថា ពួកខ្ញុំទាំង២នាក់ ទៅចូលរួម ទៅចូលរួមគឺទៅចូលរួមមែន ប៉ុន្តែក្នុងន័យដូចខ្ញុំជម្រាបប្រាប់តាំងពីដើមអ៊ីចឹងថា បងស្រីគាត់ហៅខ្ញុំថា ទៅខួបកំណើតកូនរបស់គាត់ បន្ទាប់មក គាត់ហៅអតីតភរិយារបស់ខ្ញុំទៅចូលរួមដែរ ដល់ជួបគ្នាញ៉ាច់ ខ្ញុំសួរថា ហេតុអីបានបងធ្វើអ៊ីចឹង? គាត់ថា គាត់ចង់សម្រុះសម្រួលគ្នាឱ្យពួកខ្ញុំត្រូវគ្នាវិញ រឿងគឺវាអ៊ីចឹង ហើយបងប្អូនត្រូវគិតថាអ៊ីចេះ មកទល់នឹងពេលនេះ ម៉ោងនេះ សួរថាខ្ញុំឈឺចាប់ទេ? សួរថាខ្ញុំខឹងទេ? កូនប្រុសណារងការប្រមាថប៉ុណ្ណឹងហើយ សួរថាខ្ញុំទទួលយកបានអត់? ខ្ញុំទទួលយកអត់បានទេ ហើយសូម្បីតែម្តាយខ្ញុំ ក៏គាត់សួរទៀតថា កូន ឃើញរូបថតគេផុសព្រោងព្រាត កូនឯងត្រូវគ្នាវិញមែន? ខ្ញុំថា អត់ទេម៉ែ ខ្ញុំថាអត់ទេ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំបានទៅចូលរួមកម្មវិធីខួបកំណើតរបស់បងស្រីមួយ គាត់ហៅខ្ញុំទៅ ហើយបន្ទាប់មក ក៏គាត់ហៅខាងណោះមកដែរ ដើម្បីឱ្យពួកយើងជួបគ្នា ដើម្បីចរចា ប៉ុន្តែខ្ញុំដូចខ្ញុំនិយាយអ៊ីចឹង គឺថាអត់ទេ ហើយខ្ញុំក៏បានប្រាប់ម៉ែខ្ញុំអ៊ីចឹងដែរ ខ្ញុំពិតជាហួសចិត្ត ខ្ញុំនិយាយត្រង់ហ្មងបងប្អូន ខ្ញុំពិតជាហួសចិត្តចំពោះរូប ១សន្លឹកនេះ ហួសចិត្តត្រង់ថា វាមិនគួរណាត្រូវផុសចេញ ឡើងធ្វើឱ្យមហាជនម៉ាប្រទេស ឱ្យគេយល់ច្រឡំថា ពួកយើងសម្តែង ហើយមុនហ្នឹង ខ្ញុំក៏បានឃើញគាត់ឡាយដែរ គាត់ក៏បដិសេធដែរ អ៊ីចឹងបានន័យថា បងប្អូនចាំមើលទៅ»។

លោកជីងចក់ បន្តថា «និយាយមែនទែនទៅ រូបភាព វាគឺជារូបភាពហើយ ក៏ប៉ុន្តែខ្ញុំសូមបកស្រាយ គឺមិនដូចអ្វីដែលបងប្អូនគិតថា ២នាក់ហ្នឹងត្រូវគ្នាហើយហ្នឹង គឺអត់ទេ ហើយខ្ញុំសូមនិយាយថា ខ្ញុំមួយ អត់ចេះសម្តែង អត់ចេះ Prank ទេ ហើយក៏មិនចាំបាច់ទាមទារការចាប់អារម្មណ៍ពីបងប្អូនដែរ ព្រោះបងប្អូនក៏ស្គាល់ខ្ញុំស្រាប់ ក៏ស្គាល់ខ្ញុំច្រើនហើយដែរ អ៊ីចឹងខ្ញុំអត់ចាំបាច់អីទៅធ្វើឱ្យផ្ទុះ ហើយសួរថាសម្តែងយ៉ាងម៉េច? សម្តែងឱ្យប្រពន្ធហែកហួរ សម្តែងឱ្យប្រពន្ធជាន់ឈ្លីកិត្តិយសខ្លួនឯងផង អ្នកមានគុណផង សួរថាអាហ្នឹងសម្តែងយ៉ាងម៉េច? សួរថា ខ្ញុំកូនប្រុសដើមទ្រូង៥ហត្ថ សួរថាយកការសម្តែងទៅដោះដូរហ្នឹងអាចឹងមែន? គឺអត់ទេ អត់សោះតែម្តង អ៊ីចឹងបងប្អូនមហាជន គ្រប់សារព័ត៌មាន គ្រប់អង្គភាពព័ត៌មានទាំងអស់ ខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀតថា រូបនេះ គឺជារូបថតពិតដែលខ្ញុំថតកាលពីយប់មិញ នៅក្នុងកម្មវិធីខួបកំណើតមួយ ដែលបងស្រីម្នាក់គាត់បានអញ្ជើញទៅ ប៉ុន្តែខ្ញុំក៏អត់ដឹងថា

គាត់ខាងណោះក៏គាត់មក ហើយគាត់ហ្នឹងក៏អត់ដឹងថាខ្ញុំទៅដែរ ប្រសិនបើគាត់ដឹង ក៏គាត់មិនមក ប្រសិនបើខ្ញុំដឹង ក៏ខ្ញុំមិនទៅដូចគ្នា ព្រោះពួកយើងវាចប់ហើយ វាអត់មានអីដែលត្រូវជួបគ្នាទៀតទេ តែគ្រាន់តែថា ដើម្បីបំពេញមុខបងស្រីដែលគាត់សុំ យើងក៏បានថតរូប ១សន្លឹកហ្នឹងទៅ ប៉ុន្តែរូបហ្នឹង មិនមែនថា ខ្ញុំយកមកសេវទុកផុសអីគឺអត់ទេ អានេះខ្ញុំសូមប្រាប់បងប្អូនមហាជន ហើយនិងអង្គភាពសារព័ត៌មាន ទាំងអស់ឱ្យបានដឹងនៅពេលហ្នឹង ថានេះមិនមែនជាការសម្តែង ឬក៏ជាចេតនាបោកប្រាស់ទំនុកចិត្តរបស់បងប្អូនមហាជននោះទេ ខ្ញុំនៅតែអះអាងក្នុងនាមជាកូនប្រុស ខ្ញុំនិយាយមែន បើសិនជាខ្ញុំដឹងថាគាត់ទៅ ក៏ខ្ញុំអត់អាចទៅបានដែរ ហើយបើសិនជាគាត់ដឹងថាខ្ញុំទៅ ក៏គាត់មិនមកដែរ ព្រោះ រឿងវាក្តៅគគុកដូចបាយពុះហើយ សួរថាទៅជួបគ្នាយ៉ាងម៉េច វាមិនអាចទាល់តែសោះហ្មង ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ប៉ុន្តែនេះគឺជាការរៀបចំ ព្រោះបងស្រីនោះ គាត់ស្គាល់ខាងណោះ ហើយគាត់ស្គាល់ខ្ញុំទៀត រាប់អានជិតដិតទៀត គាត់ថា ជីងចក់ អើយ មកៗ មកខួបកំណើតកូនបងមក ហើយបងមានរឿងចង់និយាយជាមួយតិច ហើយយើងនឹកឃើញថា ក្នុងនាមជាអ្នករាប់អាន ទៅមួយភ្លែតទៅ ព្រោះគាត់តេហើយតេទៀតៗ ទើបខ្ញុំក៏ទៅៗ តែចុងក្រោយនៅពេលដែលរូបភាពនេះចេញមក បានខ្ញុំស្រឡាំងកាំង បានខ្ញុំហួសចិត្តហ្មង»។

លោកជីងចក់ បន្តទៀតថា «មកទល់នឹងម៉ោងនេះ ពេលនេះ ដូចខ្ញុំនិយាយអ៊ីចឹង គឺពួកយើងមិនទេ ពួកយើងដូចអ្វីដែលគាត់លើកឡើង ដែលគាត់ឡាយប៉ុន្មានដងអ៊ីចឹងថា ពួកយើងគឺចប់គ្នាហើយ ហើយតាមរយៈរូបថតដែល បែកធ្លាយហ្នឹង ដូចខ្ញុំបញ្ជាក់អ៊ីចឹងថា នេះគ្រាន់ជាការរៀបចំ ដែលបងស្រីដែលគាត់ស្គាល់ទាំងសងខាងនោះ គឺគាត់ណាត់ ដើម្បីឱ្យចរចាសម្រុះសម្រួលគ្នា ក៏ប៉ុន្តែពួកយើងប្រកាន់ បានន័យថា ប្រកាន់ទស្សនៈរៀងខ្លួន គាត់ក៏អត់ ខ្ញុំក៏អត់ ចុះមហាជនដឹងឮមួយប្រទេសហើយ សួរថាទៅធ្វើរឿងអ៊ីចឹងកើតដែរ? វាអត់កើតទេ អ៊ីចឹងនេះគឺជាការបកស្រាយដែលខ្ញុំចង់ប្រាប់បងប្អូនមហាជន និងខាងសារព័ត៌មានទាំងអស់ថា គឺមិនដូចអ្វីដែលរូបថតបានបែកធ្លាយនោះទេ គឺខ្ញុំនៅប្រកាន់ជំហរថា គឺពួកយើងបានបញ្ចប់គ្នាហើយ វាអត់ពិបាកអីវិលវល់អ្នកតាមដានអីទេ ដូចខ្ញុំបានប្រកាសប្រាប់មិញអ៊ីចឹងថា ខ្ញុំគឺមិនទេ រឿងក្តៅប៉ុនណាណី ហើយផ្អើលពេញស្រុកទេស អ៊ីចឹងបានថា ខ្ញុំហួសចិត្តហ្មង ហួសចិត្តខ្លាំងមែនទែនហ្មងចំពោះរូបភាព ១សន្លឹកហ្នឹង វាមិនគួរណាត្រូវបានគេផុសចេញជាសាធារណៈ ហើយធ្វើឱ្យមហាជនគេហួសចិត្ត គេស្រឡាំងកាំង ហើយសំខាន់គឺគេជេរទៀត គេគិតថាពួកខ្ញុំសម្តែង អានេះវាមិនខុសអី មិនស្មើអីនឹងបោកប្រាស់ទំនុកចិត្តបងប្អូនទេណា ដែលគាត់ខំតាមដាន គាត់ខំវែកញែក គាត់ខំផ្តល់កម្លាំងចិត្ត ដល់ចុងក្រោយយើងមកធ្វើអ៊ីចឹង សួរថា ឯណាតម្លៃនៃមនុស្ស? តម្លៃមនុស្សគឺភាពស្មោះត្រង់ អ៊ីចឹងបានថា បើបាត់ភាពស្មោះត្រង់ហើយ អាហ្នឹងតម្លៃរបស់មនុស្ស គឺលែងមានហើយ ហើយត្រូវចាំថា ចំពោះខ្ញុំ ជីងចក់ មួយ គឺខ្ញុំមិនដែលចេះ Prank ឬក៏សម្តែងម្តងណាទេ បើខ្ញុំចេះ Prank អាជ្រួញ ឱ្យកាមេរ៉ាខ្ញុំ ឱ្យធ្វើ Vlog ធ្វើអី ខ្ញុំ Prank បាត់ហើយ  ខ្ញុំធ្វើវីដេអូបាត់ហើយ សូម្បីតែអា Bro KH ក៏ហៅខ្ញុំទៅ Prank ជាមួយវាដែរ តែខ្ញុំអត់ដែលទៅ ព្រោះអីខ្ញុំអត់ចូលចិត្តហ្មង អាហ្នឹងអ្វីដែលខ្ញុំចង់និយាយ ចង់ប្រាប់ ចង់បកស្រាយ ទៅកាន់បងប្អូនមហាជន និងសារព័ត៌មានគ្រប់អង្គភាពទាំងអស់ ខ្ញុំចង់បញ្ជាក់ជាចុងក្រោយថា រូបភាពនេះ គឺជារូបភាពពិត ប៉ុន្តែខ្ញុំបានច្រានចោលហើយថា មិនដូចអ្វីដែលបងប្អូនគិតថា ពួកខ្ញុំត្រូវគ្នានោះទេ គឺពួកខ្ញុំមិនត្រូវគ្នានោះទេ ព្រោះពួកខ្ញុំអត់ចង់បានទេ អារឿងធ្វើឱ្យផ្ទុះ បង្កើតជាសាច់រឿងបោកប្រាស់អារម្មណ៍បងប្អូនគឺ ខ្ញុំអត់ទាល់តែសោះហ្មង អាហ្នឹងគឺសម្តីដែលខ្ញុំត្រូវប្រកែក ត្រូវបដិសេធនៅក្នុងពេលនេះ ម៉ោងនេះ។ ជាចុងក្រោយ ខ្ញុំសូមអរគុណដល់បងប្អូនមហាជន ចំពោះការលើកទឹកចិត្ត ចំពោះរឿងរ៉ាវដែលកើតឡើងចំពោះខ្ញុំកន្លងមកទាក់ទង ការបែកបាក់ ហើយខ្ញុំពេលនេះ វាអាចថា វាធូរស្រាល រឹងមាំ ដើម្បីបន្តការងារខ្ញុំ ហើយខ្ញុំមិនយករឿងគ្រួសារមកលាយឡំជាមួយការងារ គឺអត់ទេ ជំហររបស់ខ្ញុំគឺនៅតែធ្វើការដូចដើមអ៊ីចឹង…”។

គួររំលឹកថា លោកជឿន ប៊ុនចក់ ហៅជីងចក់ ដែលជាពិធីករបាល់ទាត់ល្បីឈ្មោះតាមបណ្តាញសង្គមហ្វេសប៊ុក និងអ្នកនាង ទ្រិញ ផល្លា ដែលជាអ្នកលក់ឡេតាមអនឡាញ បានដឹកដៃគ្នាចូលរោងការ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ស្រាប់តែមកដល់អំឡុងចុងខែមេសា ឆ្នាំ២០២២ ពោលគឺត្រឹមរយៈពេលប្រមាណជាង ៥ខែប៉ុណ្ណោះ ចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរ ក៏បានឈានដល់ផ្លូវបំបែក ទាំងរកាំរកូស ដោយអតីតភរិយាអះអាងថា មូលហេតុ បណ្តាលមកពីអតីតស្វាមី ខិលខូចរឿងស្រីញីខ្លាំងពេក ក្បត់ចិត្តប្រពន្ធ ឆាតញ៉ែ លួងលោមស្រីៗទៅដេក រហូតដល់ ២០នាក់ឯណោះ ហើយពួកគេបានប្រកាសលែងលះគ្នាទៀតផង ស្រាប់តែចុងក្រោយឃើញរូបថតដែលពួកគេថតកៀកកើយគ្នាក្នុងក្លឹបរាត្រី ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសង្ស័យថា ពួកគេគ្រាន់តែសម្តែងឈ្លោះគ្នា ដើម្បីទាក់ទាញភាពល្បីតាមបណ្តាញសង្គមតែប៉ុណ្ណោះ ទើបធ្វើឲ្យពួកគេនៅមិនសុខ ក៏ចេញមុខបកស្រាយបំភ្លឺនៅពេលនេះ៕ ដារិទ្ធ

RELATED ARTICLES