ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ បានធ្វើសកម្មឆក់ទូរស័ព្ទដៃ មួយគ្រឿង ពីជនរងគ្រោះម្នាក់បានសម្រេច តែត្រូវបានប្រជាពលរដ្ឋដេញស្ទាក់ចាប់បានម្នាក់ភ្លាមៗ ហើយស្វាគមន៍ម្នាក់មួយដៃមួយជើង យ៉ាងចាស់ដៃ ចំណែកបក្ខពួក ២នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅផ្លូវបេតុង ខាងក្រោយបុរីអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានគ្នា ៣នាក់ ជិះម៉ូតូ ២គ្រឿង បានជិះឆ្វែលចុះឆ្វែលឡើងក្បែរជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច បម្រុងជិះគេចខ្លួន តែចំពេលផ្លូវស្ទះ ទើបជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគី និច ពណ៌ក្រហមលាយខ្មៅ បានបុកជាមួយរថយន្ត និងជ្រុលទៅបុកទ្វារសាលាអង្គការភាពញញឹម ហើយស្ទុះក្រោករត់ រហូតដល់ចំណុចព្រំប្រទល់ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាដេញស្ទាក់ចាប់បាន ហើយស្វាគមន៍យ៉ាងចាស់ដៃ ។ ចំណែកជនសង្ស័យពីរនាក់ទៀត បានជិះម៉ូតួរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់ ហើយនាំខ្លួនជនសង្ស័យ យកទៅសាកសួរ និងបានស្រាវជ្រាវរកជនរងគ្រោះ ឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់អូរបែកក្អម។
ជនសង្ស័យខាងលើ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕