ខេត្តបាត់ដំបង ៖ បុរសជាអតីតមន្ត្រីនគរបាលម្នាក់ ឱ្យតែផឹកស៊ីស្រវឹង តែងអួតអាងក្នុងវង់ផឹកថា ខ្លួនចេះមន្តអាគមអូមអាមស្បែកស្វិត កាប់មិនមុត និងចេះតែហៅគេឱ្យសាកជាញឹកញាប់ តែកន្លងមក មិនមានអ្នកហ៊ាន ស្រាប់តែចុងក្រោយ ប៉ះចំបុរសម្នាក់ កំពុងស្រវឹងធ្លាក់ភ្នែក ដូចគ្នា ជ្រេញនឹងការអួតអាងរបស់បុរសរូបនោះពេក ក៏កាប់១កាំបិត ស្រាប់តែផុងលលាដ៍ក្បាល រងរបួសយ៉ាងធ្ងន់។
ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់។
ជនរងគ្រោះដែលត្រូវអ្នករួមវង់ផឹកស៊ីកាប់ ១កាំបិត ផុងលលាដ៍ រងរបួសធ្ងន់នោះ មានឈ្មោះជា សារឿន អាយុ៥៥ឆ្នាំ ជាអតីតមន្ត្រីនគរបាល មានលំនៅ ភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះហម ចាន់ អាយុ៤៩ឆ្នាំ ជាមន្ត្រីស៊ីម៉ាក់ កងអនុសេនាតូចគ្រឿងចក្រកម្ទេចមីន PDM2។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន មួយរូប បានបង្ហើបឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះជា សារឿន បានចូលរួមក្នុងវង់ផឹកស៊ីជាមួយមិត្តភក្តិ យ៉ាងសប្បាយក្អាកក្អាយ។ លុះដល់ពេលដែលស្រវឹងស្រឿងៗ ជនរងគ្រោះ ក៏ចាប់ផ្តើមអួតរឿងថា ខ្លួនចេះមន្តអាគមអូមអាម ស្បែកស្វិត កាប់មិនមុត គ្រាន់តែសូត្របាលីបន្តិច ឱ្យគេកាប់តាមចិត្ត អត់មុតទេ និងថែមទាំងបបួលអ្នកណាក៏បាន ឱ្យតែចង់មកសាកល្បង អាចមកសាកបានទៀតផង។
ប្រភពដដែល បន្តថា រំពេចនោះ អ្នកផឹកស៊ីក្នុងវង់ម្នាក់ ឈ្មោះហម ចាន់ ដែលកំពុងផឹកស្រវឹងជោកដូចគ្នា ដោយជ្រេញនឹងការអួតអាងរបស់ជនរងគ្រោះពេក ទើបទ្រាំមិនបាន ក៏ទាញកាំបិតកាប់ទៅលើជនរងគ្រោះ សាកមើល ស្វិតឬមិនស្វិត ស្រាប់តែកាប់ ១កាំបិត ចំក្បាល បណ្តាលឱ្យមុតលិចផុងលលាដ៍ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។
ប្រភពខាងលើ បញ្ជាក់ថា មកទល់ល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះដែលឱ្យត្រូវគេកាប់នោះ បានមកផ្ទះវិញហើយ។ ចំណែកជនសង្ស័យ ជាមន្ត្រីស៊ីម៉ាក់ ដែលអ្នកចិត្តសឿងទាញកាំបិតកាប់សាកនោះ ក៏មិនបានរត់ទៅណាទេ ដោយទំនងភាគីទាំងពីរ ជួបជជែកគ្នាឈានទៅព្រមព្រៀងសម្របសម្រួលគ្នាបញ្ចប់រឿង មិនប្តឹងផ្តល់ ដោយសារជាមិត្តភក្តិនឹងគ្នា៕