ភ្នំពេញ ៖ លោកសន ប៊ុនថេង ដែលជាប្រធានក្រុមហ៊ុន ប៊ុនថេង សន ខនសាល់ធេន ឯ.ក ត្រូវបានប្រជាពលរដ្ឋចោទប្រកាន់ថា បានបោកប្រាស់លុយពីប្រជាពលរដ្ឋជាច្រើនរូប ដោយអះអាងថា ជួយរត់ការឱ្យចេញទៅធ្វើការនៅក្រៅប្រទេស ដោយក្នុងម្នាក់ចំណាយអស់រាប់ ពាន់ដុល្លារ ស្រាប់តែចុងក្រោយ វេចលុយរត់បាត់។

ប្រជាពលរដ្ឋដែលអះអាងថា ខ្លួនគឺជាជនរងគ្រោះ បានលើកឡើងថា លោក សន ប៊ុនថេន បានបោកលុយពួកគាត់ទាំង ៥នាក់ ក្នុងម្នាក់ៗ ត្រូវចំណាយលុយមុន ចាប់ពី ៣០០០ដុល្លារ ដើម្បីទៅធ្វើការនៅប្រទេសកាណាដា ដោយតម្រូវឱ្យជនរងគ្រោះ បង់លុយជាមុន ដើម្បីរត់ឯកសារ។

ប្រជាពលរដ្ឋជាជនរងគ្រោះ បានបន្តថា លោកសន ប៊ុនថេង ដែលជាប្រធានក្រុមហ៊ុន ប៊ុនថេង សន រូបនោះ បានសន្យាថា បើអ្នកបង់លុយគ្រប់ចំនួន ត្រឹមតែមួយខែ នឹងបានចេញទៅធ្វើការនៅក្រៅប្រទេស។ ប៉ុន្តែដោយសារជនរងគ្រោះទាំង៥នាក់ ជាកម្មកររោងចក្រ មិនទាន់មាន លុយ ៣០០០ដុល្លារ គ្រប់ចំនួន ដូចនេះលោកសន ប៊ុនថេង តម្រូវឱ្យជនរងគ្រោះបង់លុយក្នុងម្នាក់ ១០០០ដុល្លារសិន ហើយនិងបន្តបង់លុយតាមវីង និងទ្រូម៉ាន់នី ឱ្យគ្រប់ចំនួន ដោយក្នុងមួយខែៗ ជនរងគ្រោះ ផ្ញើលុយ ៤០០ដុល្លារ ១០០ដុល្លារ ៣៥០ដុល្លារ រហូតគ្រប់ចំនួន។
លុះពេលជនរងគ្រោះបង់លុយគ្រប់ចំនួនទៅឱ្យលោកសន ប៊ុនថេង រួចរាល់អស់ហើយ ស្រាប់តែលោកសន ប៊ុនថេង បិទទូរស័ព្ទ រើអីវ៉ាន់ចេញពីក្រុមហ៊ុន ដាក់មេប្រូចបាត់ឈឹងដោយសុវត្ថិភាពតែម្តង។
ជនរងគ្រោះទាំងនោះ បានទទូចស្នើសុំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមមេត្តាជួយរកយុត្តិធម៌ជូនដល់ពួកគាត់ផង ព្រោះមកដល់ពេលនេះ បាត់មុខនាយកក្រុមហ៊ុននោះឈឹងតែម្តង។
ជុំវិញករណីខាងលើ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីប្រធានក្រុមហ៊ុន ប៊ុនថេង សន បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕