ខេត្តសៀមរាប ៖ បុរសជាព្រានព្រៃ ១ក្រុម បាននាំគ្នាជិះគោយន្តចេញទៅបរបាញ់សត្វ ដូចសព្វដង តែរកសត្វមិនបានសោះ ទើបបបួលគ្នាឡើងជិះគោយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែអកុសល បុរសម្នាក់ក្នុងចំណោមនោះ បានរៀលកៃកាំភ្លើង ត្រូវចំភ្លៅខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ ឈាមហូរមិនឈប់ លុះដឹកបញ្ជូនដល់មន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបាញ់ខ្លា ស្ថិតនៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ។
របាយការណ៍ររបស់សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះដែលរៀលកៃកាំភ្លើងត្រូវខ្លួនឯង បណ្តាលឱ្យស្លាប់នោះ មានឈ្មោះឆង ឆន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរព្រានព្រៃ មានលំនៅក្នុងភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។

របាយការណ៍បន្តថា យោងតាមការបំភ្លឺរបស់សាក្សីឈ្មោះភួង សុផាន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះ និងខ្លួន រួមនិងមិត្តភក្តិផ្សេងទៀត សរុបមានគ្នាចំនួន ៥នាក់ បានបបួលគ្នាទៅបាញ់រលក នៅក្នុងព្រៃ ចំណុចបាញ់ខ្លា ស្ថិតក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ដោយក្នុងនោះរួមមាន ៖ ១-ឈ្មោះឆង ឆន (ជនរងគ្រោះ)។ ២-ឈ្មោះភួង សុផាន់។ ៣-ឈ្មោះ តាន់ ខើ ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ។ ៤-ឈ្មោះភុង វាសនា ភេទប្រុស អាយុ២០ឆ្នាំ និង៥-ឈ្មោះប៉ិក ផាន់ណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម។

សាក្សីបន្តថា ពេលទៅដល់ចំណុចត្រូវរកសត្វ ពួកគេបាននាំគ្នាចុះដើររកសត្វ តែរកមិនមានសត្វសម្រាប់បាញ់នោះទេ រហូតដល់ម៉ោង ៣រសៀល ថ្ងៃដដែល ក៏បបួលគ្នាមកផ្ទះវិញ និងរៀបចំកាំភ្លើងច្នៃដាក់លើគោយន្តកន្ត្រៃវិញ ដោយឈ្មោះតាន់ ខើ កាន់កាំភ្លើងច្នៃ ១ដើម ឈ្មោះភូង សុផាន់ កាន់ ១ដើម ចំណែកជនរងគ្រោះ កាន់កាំភ្លើង

២ដើម។ លុះពួកខ្លួនបានរៀបចំទុកដាក់កាំភ្លើងលើគោយន្តរួច នៅសល់តែជនរងគ្រោះ យកកាំភ្លើងមកក្រោយគេ ស្រាប់តែឮសូរសំឡេងផ្ទុះផាំងពីក្រោយគោយន្ត ភ្លាមៗនោះពួកខ្លួនមើលទៅឃើញជនរងគ្រោះត្រូវរបួស ដោយសាររៀលកៃកាំភ្លើងច្នៃ ចំភ្លៅខាងឆ្វេង ធ្លាយពីម្ខាងទៅម្ខាង និងមានឈាមហូរច្រើន ក៏នាំគ្នាដឹកយកគាត់ទៅមន្ទីរពេទ្យស្រែណូយ។ ពេលទៅដល់ពេទ្យ ក៏បានសង្គ្រោះបានបន្តិច ពេទ្យក៏ប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដោយសារឈាមហូរអស់ច្រើនពេក។ រួចពួកខ្លួនក៏ដឹកសពយកមកផ្ទះ នៅភូមិបុស្សធំ ឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម និងរាយការណ៍ជូនសមត្ថកិច្ចតែម្តង។
សមត្ថកិច្ចបញ្ជាក់ថា ការពិនិត្យសព ផ្នែកក្បាល ដងខ្លួន និងអវយវៈទាំងអស់ ពុំមានស្លាកស្នាម អ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ទនោះទេ។
យោងតាមកិច្ចសហការរវាងកម្លាំងផ្នែកព្រហ្មទណ្ឌ និងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ព្រមទាំងការបំភ្លឺរបស់សាក្សី សន្និដ្ឋានថា សពបានស្លាប់ដោយសាររៀលកៃកាំភ្លើងច្នៃ ស្លាប់ដោយខ្លួនឯងប្រាកដមែន។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕