Saturday, June 21, 2025
Homeសង្គម និងជីវិតប្តីស្លាប់ ម៉ែក្មេកដេញចេញពីផ្ទះ កូនប្រសាស្រី ទទូចសុំយុត្តិធម៌

ប្តីស្លាប់ ម៉ែក្មេកដេញចេញពីផ្ទះ កូនប្រសាស្រី ទទូចសុំយុត្តិធម៌

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ បានអះអាងថា ត្រូវបានម្តាយក្មេករបស់នាង បណ្តេញចេញពីដី និងផ្ទះរបស់នាង ដោយគ្មានហេតុផល ក្រោយពេលដែលប្តីរបស់នាងបានស្លាប់ ជាហេតុធ្វើឱ្យរូបនាងកើតទុក្ខមិនសុខចិត្ត ទទូចសំណូមពរដល់អាជ្ញាធរ ជួយអន្តរាគមន៍ផ្តល់ភាពយុត្តិធម៌ ជូនរូបនាងជាស្រីមេម៉ាយ ឱ្យបានចូលមករស់នៅលើដីនិងផ្ទះរបស់នាងឡើងវិញ។

តាមសម្តីឈ្មោះលិត លាស់ អាយុ៣៧ឆ្នាំ បានអះអាងថា ទីតាំងដីនិងផ្ទះដែលរូបនាងមានទំនាស់ជាមួយនឹងម្តាយក្មេក មានទីតាំងស្ថិតនៅភូមិដូនទា ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។ ចំណែកម្តាយក្មេកដែលជាភាគីទំនាស់ មានឈ្មោះឈឿន រួម អាយុ៧៤ឆ្នាំ មានលំនៅក្នុងភូមិដូនទា ឃុំអម្ពិល ស្រុកបន្ទាយអម្ពិល។

នាងលិត លាស់ បានរៀបរាប់ប្រាប់ថា នាងបានរៀបការប្តីឈ្មោះវៀត ដុង (ត្រូវជាកូនបង្កើតរបស់ស្ត្រីឈ្មោះឈឿន រួម)  អស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយកាលណោះ ម្តាយក្មេក បានចែកដីស្រះទឹកមួយកន្លែង មកឱ្យប្តីប្រពន្ធរបស់នាង ហើយក្រោយមក ប្តីប្រពន្ធនាងក៏បានរកប្រាក់រួមគ្នា ចាក់ដីបំពេញស្រះទឹក និងសង់ផ្ទះ រស់នៅជាមួយគ្នា និងបានរួមគ្នាទិញដីស្រែបានខ្លះផង។

នាងលិត លាស់ បានបន្តថា ដោយការខ្វះខាតប្រាក់មួយចំនួន សម្រាប់សង់ផ្ទះ នាងនិងប្តី ក៏បានខ្ចីប្រាក់ពីធនាគារ ចំនួន ១៥ម៉ឺនបាត (ប្រាក់ថៃ) ដោយបានដាក់បញ្ចាំប្លង់ដីផ្ទះ និងប្លង់ដីស្រែ (ឈ្មោះប្តីប្រពន្ធ)។ ក្រោយមក ដោយសាររកប្រាក់បង់ធនាគារមិនបាន ទើបនាងនិងប្តី ក៏សម្រេចចិត្តធ្វើចំណាកស្រុក ចេញទៅរកការងារធ្វើនៅឯប្រទេសថៃ និងបានទម្លាក់ប្រាក់ សម្រាប់បង់ធនាគារឱ្យម្តាយក្មេក បានចំនួន ៥ម៉ឺនបាត ហើយចំនួនប្រាក់នៅសល់ ម្តាយក្មេក ក៏បានបង់ផ្តាច់ជំនួស កុំឱ្យខាតការប្រាក់ច្រើន ហើយក៏មានសាក្សីបានផ្តិតមេដៃដឹងឮពីការខ្ចីប្រាក់នោះដែរ លុះបង់ផ្តាច់ធនាគាររួច ម្តាយក្មេកនាងក៏បានយកប្លង់ដីផ្ទះ និងប្លង់ស្រែ ទៅរក្សាទុក។

ស្ត្រីរងគ្រោះ បានបន្ថែមថា បន្ទាប់មក ជាអកុសុល ប្តីរបស់នាងក៏បានស្លាប់ចោលឆ្អឹងនៅស្រុកថៃ ហើយនាងក៏បានត្រឡប់មកស្រុក និងបានសុំទាមទារប្លង់ទាំងនោះ មកកាន់កាប់ ដោយសុំសងប្រាក់គ្រប់ចំនួនដល់ម្តាយក្មេកវិញ ប៉ុន្តែម្តាយក្មេក មិនព្រមប្រគល់ឱ្យ ដោយនិយាយថា កូនប្រុសគាត់បានស្លាប់ហើយ ហេតុនេះនាងជាកូនប្រសា គ្មានសិទ្ធិរស់នៅលើដីផ្ទះ និងដីស្រែនោះទៀតទេ និងបានដេញនាងឱ្យចេញពីផ្ទះ ពីដីរបស់នាង រហូតដល់បច្ចុប្បន្ន។

ដោយសារតែទទួលរងនូវភាពអយុត្តិធម៌ខ្លាំងពេក ទើបរូបនាងសម្រេចដាក់ពាក្យបណ្តឹងឡើងទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីឱ្យជួយអន្តរាគមន៍ តែជាយូរខែឆ្នាំហើយ នៅមិនទាន់ទទូលបានពន្លឺយុត្តិធម៌នៅឡើយ។

ពាក់ព័ន្ធករណីវិវាទរវាងម្តាយក្មេក និងកូនប្រសាស្រីខាងលើនេះ អាជ្ញាធរភូមិ ឃុំ រហូតលោកអភិបាលស្រុកបន្ទាយអម្ពិល បានលើកឡើងប្រហាក់ប្រហែលគ្នា ដោយគាំទ្រភាគីកូនប្រសា។ មិនតែប៉ុណ្ណោះ អាជ្ញាធរបានជួយសម្របសម្រួលដែរ តែភាគីខាងម្តាយក្មេក មិនព្រមទទួលយក។

បច្ចុប្បន្ន ភាគីកូនប្រសាស្រី បានទទូចទាមទារឱ្យអាជ្ញាធរនិងសមត្ថកិច្ច ពិសេសស្ថាប័តុលាការ មេត្តាជួយអន្តរាគមន៍ចំពោះករណីនេះ ដើម្បីផ្តល់យុត្តិធម៌ដល់រូបនាង ដែលជាស្ត្រីមេម៉ាយ ដើម្បីបានចូលមកស្នាក់នៅកាន់កាប់និងអាស្រ័យផលលើដីនិងផ្ទះរបស់នាងវិញផង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីស្ត្រីជាម្តាយក្មេក បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES