Tuesday, July 8, 2025
Homeព្រឹត្តិការណ៍សង្គមគោ​ពាក់​ត្រ​ដោក

គោ​ពាក់​ត្រ​ដោក

ពីមុនយើងធ្លាប់បរិយាយពីប្រធានបទ “គោកៀចមិនងាយកៀង” ខណៈដែលបក្សប្រឆាំងធ្វើពហិការ មិនព្រមចូលរដ្ឋសភា និងកិកកុកជាហូរហែប៉ុន្មានខែ ចុងក្រោយនេះទើបតែចូលប្រជុំមិនទាន់ក្តៅកៅអីផង។ ឥឡូវបន្ទាប់ពីលោកកឹម សុខា ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានលើកលែងទោសក្រោមព្រះរាជសិទ្ធិដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ ដោយមានការស្នើសុំ និងសម្របសម្រួលពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន មក ក៏មានមតិខ្លះថា ស្ថានការណ៍នយោបាយមានភាពល្អប្រសើរជាង មុន ដោយសារ “គោពាក់ត្រដោក” ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ធម្មតាអ្នករកស៊ីចិញ្ចឹមគោហ្វូង ចាំបាច់ត្រូវតែរើសទីតាំងអំណោយផលល្អ ដូចជាជើងភ្នំសម្បូរស្មៅខ្ចី និងល្បាស់ស្លឹកព្រេច ឬស្លឹកឈើផ្សេងៗ ដោយមានទឹកអូរហូរកាត់ ជាពិសេស គេសង់ក្រោលយ៉ាងធំ ដោយព័ទ្ធរបងលួស ឬស្រាស់បន្លា ធ្វើរនុក យ៉ាងរឹងមាំសម្រាប់បញ្ចូលហ្វូងគោ។ គោ១ហ្វូង ដែលមានយ៉ាងតិច៣០ក្បាលនោះ ពេលគង្វាលបញ្ចោញពីក្រោល កៀង ទៅឱ្យស៊ីស្មៅ ផឹកទឹកដងអូរនោះ គេត្រូវបំពាក់ត្រដោកធំឱ្យមេហ្វូងឈ្មោលក៏បាន ញីក៏បាន ដែលវាចាស់ជាងគេ សម្រាប់នាំ មុខហ្វូង និងត្រដោកតូចមួយទៀតបំពាក់ឱ្យគោស្ទាវដែលចូលចិត្តរកស៊ីបែកហ្វូង ឬដើរតែក្រោយគេ។ ត្រដោកទាំង២នេះ ឮសូរប៉ូក!ៗ ឆ្លើយឆ្លងគ្នា ទោះជាហ្វូងគោចូលរកស៊ីក្នុងព្រៃ ក៏មិនបាត់ទៅណាដែរ ព្រោះគង្វាលដែលឡើងដេកលើប្រគាប ឈើ ចាំតែផ្ទៀងស្តាប់ស្នូរត្រដោក។ ឧបមាថា មេហ្វូងដើរទៅប៉ះហ្វូងគោរបស់គេ នឹងជល់គ្នាមិនខាន ដែលពេលនោះ ត្រដោក លាន់ឮប៉ូក!ៗ ញាប់រន្ថើន តម្រូវឱ្យគង្វាលរត់ទៅជួយគោរបស់ខ្លួន។ ក្នុងករណីខ្លះទៀត មេហ្វូងស៊ីឆ្អែតឡើងកម្លាំង ក៏ហក់ ហាច់លេងពេញវាល ធ្វើឱ្យត្រដោកឮញាប់រន្ថើនដែរ លុះគង្វាលរត់ទៅមើលមិនឃើញជល់ជាមួយគោគេ ក៏ខឹងសម្បា ទាញត្មោងវ៉ៃ មេហ្វូងនោះយ៉ាងចាស់ដៃ។ ចំណែកអាស្ទាវ ពាក់ត្រដោកតូច ពេលគោឯទៀតដើរសំដៅក្រោល បាត់តែវាមួយនៅក្រោយ គេ ឮប៉ូក!ៗ ពីចម្ងាយ ក៏ធ្វើឱ្យគង្វាលមួម៉ៅ តាមទៅវ៉ៃបណ្តេញបួនប្រាំត្មោងអ៊ីចឹងទៅ ។

យ៉ាងណាមិញ មេបក្សប្រឆាំងដែលរួចពីក្រោល ឬការឃុំខ្លួនឯងក្នុងទីស្នាក់ការគណបក្ស ក៏ដូចសកម្មជនមួយចំនួនដែល ត្រូវបានដោះលែងពីពន្ធនាគារ ច្បាស់ជាមានលក្ខខណ្ឌខ្លះៗ ឬបំពាក់គោលជំហរឱ្យកាត់បន្ថយការប្រឆាំងមិនខានឡើយ ដូច អ្វីដែលតាៗញៀនកាហ្វេខ្លះបានជជែកគ្នា។

នៅក្នុងតៀមកាហ្វេមួយកន្លែង ក្បែរវត្តសន្សំកុសល តាម្នាក់ដែលធ្លាប់មានពាក្យសម្តីថ្វីមាត់ និងជាអ្នកគាំទ្របក្សកាន់ អំណាច បាននិយាយថា “មេបក្សប្រឆាំង និងកូនចៅគាត់ ដែលត្រូវដោះលែងនោះ ត្រូវតែដឹងគុណអ្នកជួយ ដោយកាត់ បន្ថយការវាយប្រហារបក្សកាន់អំណាចដោយពាក្យសម្តីអសុរោះ បន្តុះបង្អាប់គេ… បើនៅតែអ៊ីចឹងទៀត ជាប់ផុងលើកក្រោយ គ្មានអ្នកណាជួយទៀតទេ”។ តាម្នាក់ទៀត គាំទ្របក្សប្រឆាំង ពោលថា “ធម្មតាមេហ្វូងគោចេញពីក្រោល គេពាក់ត្រដោកឱ្យ អ៊ីចឹងហើយ ទោះជាដើរទៅរកស៊ីដល់ណាក៏គង្វាលចាំតែស្តាប់ស្នូរត្រដោកហ្នឹង!”។ តាម្នាក់ទៀតនិយមផ្លូវកណ្តាល បញ្ចោញ ទស្សនៈថា “ទោះជាត្រូវដោះលែងក៏នៅតែមានភាពរសេមរសាមរវីមរវាមជាប់ខ្លួន ងាកទៅណាក៏មិនស្រួលដែរ ជាក់ស្តែង លោកកឹម សុខា បានរួចពីទោសមែន ប៉ុន្តែ មាននាងកញ្ញាម្នាក់ គំរាមប្តឹងថែមទៀត”។

បើយកការព្រោកប្រាជ្ញរបស់តាៗចូលចិត្តតាមដានស្ថានការណ៍នយោបាយមកវិភាគ យើងឃើញថា អ្នកនយោបាយ ដែល ទើបទទួលបានការលើកលែងទោសនោះ ប្រៀបបាននឹង “គោពាក់ត្រដោក” ពោលគឺបើត្រដោកនោះឮសូរស្រាលៗ ប៉ូក!ៗ ធម្មតាអត់អីទេ តែបើឮប៉ូក!ៗ ញាប់រន្ថើន ឬថាគាត់ប្រឆាំងខ្លាំងដូចមុន ច្បាស់ជាមានបញ្ហាជាមួយបក្សកាន់អំណាច បើមិន ច្រើនក៏តិចដែរ។ ភាពរសេមរសាមរវីមរវាម មានអ្នកគំរាមប្តឹងហ្នឹងហើយ គឺជាត្រដោកពាក់ជាប់កមេហ្វូងគោ មិនអាចដោះ ចេញដោយខ្លួនឯងបាន។

ធម្មតាអ្នកនយោបាយជាប់ទោស លុះត្រាតែមានលក្ខខណ្ឌខ្លះៗទើបគេដោះលែង សូម្បីអ្នកនយោបាយជំនាន់មុន ក៏ ធ្លាប់ឆ្លងកាត់ករណីនេះដែរ ឧទាហរណ៍លោកប៊ុណ្ណ ច័ន្ទម៉ុល ដែលធ្លាប់ជាប់គុកកោះត្រឡោច លុះជប៉ុនធ្វើអន្តរាគមន៍ ទើប បារាំងយល់ព្រមដោះលែង ប៉ុន្តែ គេតាមដានគោលជំហរគាត់យ៉ាងម៉ឺងម៉ាត់ គេគាបគាត់ឱ្យដើរត្រង់គន្លង។ ដោយមិនអាច សម្របខ្លួនតាមបារាំងបាន លោកប៊ុណ្ណ ច័ន្ទម៉ុល ក៏រត់ចូលព្រៃទៅបង្កើតចលនាខ្មែរឥស្សរៈប្រឆាំងបារាំងដដែល។ អតីតព្រះ- មហាក្សត្រខ្មែរ ព្រះបាទស្រីសុរិយោពណ៌ ពេលបែកបន្ទាយលង្វែក ក៏ត្រូវកងទ័ពសៀមចាប់ជាឈ្លើយ យកព្រះអង្គទៅឃុំ ទុកនៅក្រុងអយុធ្យា។ ក្រោយមក ដោយមានអន្តរាគមន៍ពីព្រះអយ្យកា (ជីដូន) ទើបស្តេចសៀមយល់ព្រមដោះលែងព្រះ- ស្រីសុរិយោពណ៌ ឱ្យមកសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា។ តាំងពីពេលនោះមក ព្រះរាជាអង្គនេះ តែងចាត់ឱ្យនាំសួយ- សារអាករទៅថ្វាយស្តេចសៀម និងយកបែបផែនរដ្ឋបាលតាមសៀមទាំងអស់ តែព្រះអង្គទ្រាំមិនបានក៏រើបម្រះ កើតជាសង្គ្រាម ជាមួយសៀម។

ទោះយ៉ាងណា បក្សកាន់អំណាច បានលើកឡើងថា ការដោះលែងលោកកឹម សុខា គ្មានលក្ខខណ្ឌអ្វីទេ គឺជាបំណងល្អ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់បង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ ប៉ុន្តែលោកសម រង្ស៊ី ចង់តែបង្កជម្លោះឱ្យមានការ បែកបាក់គ្នា។ ចំណែកលោកកឹម សុខា បានលើកឡើងថា “គណបក្សសព្វថ្ងៃហ្នឹងមានពីរនៅក្នុងសភា បើទោះបីមួយរាង ផ្អៀងទៅរកសិទ្ធិសេរីភាពបន្តិច មួយរាងផ្ទៀងទៅរកសន្តិភាព ស្ថិរភាព បន្តិចក៏ដោយ អត់អាក្រក់ទេ ល្អទាំងអស់គ្នា… អ៊ីចឹង រកចំណុចរួមមក…អង្គុយនិយាយគ្នារកចំណុចរួមឱ្យឃើញ…”។

ដូច្នេះយើងឃើញថា លោកកឹម សុខា ផ្លាស់ប្តូរវោហារសាស្ត្រហើយ មិនរម៉ាំងរម៉ោកដូចមុនទេ បន្ទាប់ពីត្រូវបានដោះលែង ឱ្យរួចពីទោសទណ្ឌពាក់ព័ន្ធរឿងស្រីញីមក។ ផ្ទុយទៅវិញ លោកសម រង្ស៊ី ដែលជាមេហ្វូងធំជាងគេ នៅតែបន្តវាយប្រហារ ដោយ ពាក្យសម្តីធ្ងន់ៗមកលើបក្សកាន់អំណាច ដដែល។ ចំណុចខុសគ្នានេះ អាចថា មកពីមេហ្វូងគោសម រង្ស៊ី មិនធ្លាប់ជាប់ក្រោល ឃ្នង និងមិនត្រូវគង្វាលគោចាប់បំពាក់ត្រដោក ទើបគាត់ថាអ្វីក៏បានតាមចិត្ត។ ចំណែកលោកកឹម សុខា បើនៅតែបន្តធ្វើខ្លាំង ដូចលោកប្រធាននោះ ច្បាស់ជាមានការប្តឹងផ្តល់ថែមទៀត ខណៈដែលនាងក្រមុំម្នាក់ដែលគំរាមបន្តប្តឹងនោះ ប្រាប់ឱ្យសុំទោស តែលោកមិនធ្វើតាម។

យោងតាមការកត់សម្គាល់ អ្នកនយោបាយជាន់ខ្ពស់ ទោះជាភាគីម្ខាងបំពាក់គោលជំហរយ៉ាងណា ក៏ដើរតាមគេតែមួយ ខ្យល់ប៉ុណ្ណោះ បន្ទាប់មក ក៏ដោះខ្លួនប្រឆាំងវិញដដែល។ ករណីអតីតព្រះមហាក្សត្រខ្មែរ ដូចជា ព្រះបាទអង្គច័ន្ទទី១ ឬព្រះ- ច័ន្ទរាជា, ព្រះបាទស្រីសុរិយោពណ៌ ធ្លាប់នៅក្នុងការឃុំឃាំងរបស់ស្តេចសៀម រួចព្យាយាមរើបម្រះពីសៀម ខណៈដែលព្រះ- បាទអង្គឌួង នៅក្រោមគំនាបសៀម និងយួន រួចព្រះអង្គងាកទៅចាប់ដៃបារាំង ក៏ដូចជាលោកប៊ុណ្ណ ច័ន្ទម៉ុល, លោកសឺង ង៉ុកថាញ់ ធ្លាប់ត្រូវបារាំងចាប់ដាក់គុក លុះរួចមកវិញ នៅតែប្រឆាំងបារាំង នោះស្តែងឱ្យឃើញថា អ្នកនយោបាយចិត្តមុត មិនងាយឱ្យគេបំពាក់ត្រដោកបានយូរទេ។ ទោះយ៉ាងណា ដើម្បីឯកភាពជាតិ គួរតែអ្នកនយោបាយប្រឆាំង បន្ទន់ឥរិយាបថ ពី “ប្រឆាំងខ្លាំង” មក “ប្រឆាំងល្មមៗ” បានហើយ ឬថា កុំហក់ហាប់កញ្ឆក់កញ្ឆោងឱ្យត្រដោកឮខ្លាំងពេក។

សរុបទៅ “គោពាក់ត្រដោក” គ្រាន់តែជាការប្រៀបធៀបបកស្រាយទៅតាមការសន្ទនារបស់តាៗញៀនកាហ្វេតែប៉ុណ្ណោះ ពុំមែនជាគំនិតផ្ទាល់របស់ “នគរធំ” នោះទេ។ ហេតុនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការចេះអត់ឱនយោគយល់គ្នា ដើម្បី បញ្ចៀសអរិភាព មុនពេលរៀបចំការបោះឆ្នោត នាឆ្នាំ២០១៧-២០១៨ ខាងមុខ ដោយទុកគុណសម្បត្តិ និងគុណវិបត្តិរបស់ អ្នកនយោបាយជូនប្រជាពលរដ្ឋខ្មែរ ជាអ្នកវាយតម្លៃផ្តល់ពិន្ទុល្អជាង៕

ដោយ ៖ អាចារ្យថាំ

RELATED ARTICLES