ខេត្តកណ្តាល ៖ ជនសង្ស័យ ចំនួន៤នាក់ បានរៀបចំផែនការជិះម៉ូតូដឹកគ្នាដើរធាក់ប្លន់ម៉ូតូប្រជាពលរដ្ឋ តាមដងផ្លូវ នៅពេលយប់ គាប់ជួនត្រូវកម្លាំងសមត្ថកិច្ចល្បាត ប្រទះឃើញ ឃាត់សាកសួរ មិនព្រមឈប់ ព្យាយាមជិះរត់គេច ទើបកម្លាំងសមត្ថកិច្ចបានប្រដេញតាម បែរជា ក្រុមជនសង្ស័យព្យាយាមតដៃ ដោយយកដងឆត្រ វាយមកលើសមត្ថកិច្ច ទីបំផុតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ ខណៈបក្ខពួក២នាក់ទៀត បានរត់គេចបាត់។

ករណីនេះ បានកើតឡើងកាលពីម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនសង្ស័យទាំង២នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះកែវ សំណាង ហៅង៉ោល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះសុន ណៃស៊ីង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកបក្ខពួក ២នាក់ទៀត ដែលបានរត់គេចខ្លួន ទី១-ឈ្មោះឡុង ភេទប្រុស និងទី២-ឈ្មោះប្រុស រ៉ាឌីន ភេទប្រុស អាយុ១៧ឆ្នាំ។
ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន២គ្រឿង (១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ២-ម៉ាកស៊ុយស៊ូគី និច ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HR-1948) ព្រមទាំងទូរស័ព្ទដៃ ម៉ាក iPhone ពណ៌ខ្មៅ ១គ្រឿង និងស្លាកលេខម៉ូតូ ភ្នំពេញ 1JV-3706 ចំនួន ១សន្លឹក។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបានណាត់ជួបគ្នា និងប្រមូលបក្ខពួក រួចឈ្មោះឡុង បានបបួលគ្នាជិះម៉ូតូ ទៅរកកាប់និងប្លន់យកម៉ូតូប្រជាពលរដ្ឋ នៅតាមផ្លូវជាតិលេខ៣។ ពេលជិះហួសស្ពានអាកាសចោមចៅ ពួកគេ បានឈប់ម៉ូតូប្តូរគ្នាជិះ ហើយជនសង្ស័យឈ្មោះប្រុស រ៉ាឌីន បានរើសយកដងឆត្រ នៅតាមផ្លូវកៀបនឹងភ្លៅ សម្រាប់ធ្វើជាអាវុធ។ លុះជិះដល់ម្តុំវត្តស្លែង ពួកគេបានជួបក្រុមក្មេងទំនើង ១ក្រុមទៀត មានគ្នាប្រមាណ ២០នាក់ ជិះម៉ូតូ ១៥គ្រឿង ដេញវាយក្រុមខ្លួន ទើបពួកគេជិះរត់គេចមកសម្ងំនៅម្តុំកន្លែងកើតហេតុខាងលើ។
ប្រភពបន្តថា មួយសន្ទុះក្រោយមក ពេលក្រុមជនសង្ស័យ ជិះម៉ូតូបម្រុងត្រឡប់ទៅរាជធានីភ្នំពេញ ក៏បានជួបជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រមៀត កំពុងល្បាត។ ដោយមានការសង្ស័យ កម្លាំងប៉ុស្តិ៍ បានជិះម៉ូតូដេញតាមសាកសួរ តែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេច និងបានយកដងឆត្រ វាយមកលើសមត្ថកិច្ចថែមទៀត។ ភ្លាមនោះ ជនសង្ស័យ បានផ្តួលម៉ូតូ រត់គេចខ្លួន ប៉ុន្តែត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានម្នាក់ ឈ្មោះកែវ សំណាង។ លុះដល់ថ្ងៃទី៣ ឧសភា ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនបក្ខពួក ម្នាក់ទៀត ឈ្មោះសុន ណៃស៊ីង យកមកសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានរៀបចំផែនការប៉ុនប៉ងវាយប្លន់ម៉ូតូអ្នកដំណើរពេលយប់ប្រាកដមែន។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។ ដោយឡែក បក្ខពួក ២នាក់ទៀតដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕