អាជ្ញាធរវៀតណាម បាននិយាយកាលពីថ្ងៃពុធទី៧ កញ្ញាឆ្នាំ២០២២ថាអគ្គិភ័យបានឆាបឆេះហាងខារ៉ាអូខេមួយកន្លែង នៅក្នុង ទីក្រុងហូជីមិញបណ្តាលអោយមនុស្ស១២ នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតរងរបួស ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា អគ្គិភ័យបានឆាបឆេះចេញពីជាន់ទី២និងទី ៣ នៃអគារមួយកាលពីយប់ថ្ងៃអង្គារធ្វើអោយជាប់គាំងអតិថិជន និងបុគ្គលិកមួយចំនួនខណៈដែលផ្សែងហុយពេញជណ្តើរ។
មនុស្សបួននាក់បានរួចជីវិតបន្ទាប់ពីបង្ខំចិត្តលោតចុះពីជាន់ទី២ និងទី៣ប៉ុន្តែពួកគេបានរងរបួស។សាក្សីម្នាក់លោក ង្វៀន សាង ដែលរស់នៅក្បែរហាងខារ៉ាអូខេ បានប្រាប់បណ្តាញព័ត៌មាន VnExpress ថា នៅពេលរថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុ បុគ្គលិកទទួលភ្ញៀវម្នាក់បាននិយាយថា មានមនុស្សចំនួន៤០នាក់ជាប់គាំងនៅខាងក្នុង។

លោក Nguyen Thanh Tam មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនិស្ត
ដែលកំពុងកាន់អំណាចនៅទីក្រុង Thuan An បានប្រាប់ AFP ថាក្រុមជួយសង្គ្រោះកំពុងស្វែងរកជនរងគ្រោះនៅកន្លែងកើតហេតុនៅឡើយ។មូលហេតុនៃការឆេះនេះមិនទាន់ត្រូវបានគេកំណត់ច្បាស់នោះទេ ខណៈការស៊ើបអង្កេតកំពុងបន្ត។គួររំឭកាថាកាលពីឆ្នាំ២០១៦ក៏មានករណីដូចគ្នាដែរក្នុងហាងខារ៉ាអូខេក្នុងទីក្រុងហាណូយបណ្តាលអោយមនុស្ស១៣នាក់បានស្លាប់និងឆ្នាំ២០១៨អគ្គិភ័យឆាបឆេះអគារផ្ទះល្វែងក្នុងទីក្រុងហូជីមិញដែលបានសម្លាប់មនុស្ស១៣នាក់ដែរ៕