ភ្នំពេញ ៖ តារាកំប្លែងវ័យចំណាស់ លោកឈុំ ប៊ុនឈឿន ហៅតាចេក ដែលជាតារាកំប្លែងល្បីឈ្មោះ ក្នុងក្រុមនាយកុយ ត្រូវបានមហាជនមួយចំនួន មានការភ្ញាក់ផ្អើល និងភាន់ច្រឡំថា លោកបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុក) តែក្រោយ កើតមានការល្បីតៗគ្នាបែបនេះ តាចេក បានចេញមុខបដិសេធភ្លាមៗថា ជាការច្រឡំចំពោះរូបលោក ជាមួយបុរសម្នាក់ ឈ្មោះតាចក ដោយសារមានមុខមាត់ស្រ ដៀងគ្នា ការពិតលោកកំពុងនៅមានជីវិត ហើយសុខភាពល្អធម្មតា។

គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ អ្នកប្រើប្រាស់បណ្តាញសង្គម ជាច្រើន បានចែករំលែកតៗគ្នា នូវការបង្ហោះរបស់ម្ចាស់គណនីបណ្តាញសង្គមមួយ ឈ្មោះ «ម៉ាក់ មុំ» ដែលបានបង្ហោះរូបថតបុរសម្នាក់ មានមុខ មាត់និងភិនភាគស្រដៀងនឹងតារាកំប្លែង តាចេក បេះបិទ ដោយភ្ជាប់ជាមួយសំណេរថា “លឿនម៉្លេះប៉ា ប៉ុន្មានម៉ោងសោះ ប៉ាទៅចោលកូនចៅ ទាំងមិនដឹងខ្លួន…”។
តាមរយៈការបង្ហោះរបស់ម្ចាស់គណនីបណ្តាញសង្គម ខាងលើនេះ បានធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកសិល្បៈ មានភ្ញាក់ផ្អើល នឹកស្មានថា តាចេក ទទួលមរណភាព។
បន្ទាប់ពីផ្ទុះព័ត៌មានខាងលើ លោក ឈុំ ប៊ុនឈឿន ហៅតាចេក បានចេញមុខបដិសេធភ្លាមៗថា ដំណឹងមរណ ភាពខាងលើនេះ ជាការភាន់ច្រឡំ ដោយសារបុរសដែលស្លាប់នោះ មានមុខមាត់ស្រដៀងលោក ចំណែករូប លោក នៅមានជីវិត និងមានសុខភាពល្អធម្មតាទេ។

នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ តារាកំប្លែង តាចេក បានបង្ហោះរូបថតរបស់លោក ១សន្លឹក ដាក់ផ្ទឹមនឹងរូបថតបុរសម្នាក់ មានមុខមាត់ស្រដៀងលោក ដែលកូនចៅគាត់ប្រកាសតាមបណ្តាញសង្គមថា បានទទួល មរណភាពដោយគ្រោះថ្នាក់ចរាចរណ៍នោះ ភ្ជាប់ជាមួយសំណេរថា “នេះបងប្អូនដែលច្រឡំថាជាខ្ញុំ តាមពិតគ្រាន់តែដូចគ្នាទេ ចំណែកខ្ញុំ សុខភាពធម្មតាទេ គេប្រាប់ថា គាត់ឈ្មោះតាចក នៅរំដួល…”។
នៅព្រឹកថ្ងៃដដែលនោះ លោក ឈុំ ប៊ុនឈឿន ហៅតាចេក បានចេញវីដេអូ បកស្រាយបន្ថែមថា “ជម្រាបសួរ បងប្អូនទាំងអស់! ខ្ញុំបាទ នាយចេក អ្នកកំប្លែង ក្នុងព្រះរាជាណាចក្រកម្ពុជា ថ្មីៗនេះ មានព័ត៌មានឃើញតាមហ្វេសប៊ុក ដែលថា ខ្ញុំបាទហ្នឹង គ្រោះថ្នាក់ចរាចរណ៍ បានស្លាប់ហើយ កាលពីម្សិលម៉្ងៃ ម្សិលមិញ ហើយអ្នកខ្លះក៏គាត់ច្រឡំថា ព្រឹកមិញនេះ ហើយចេះតែតេសួរខ្ញុំបាទ។ ខ្ញុំបាទ សូមជម្រាបជូនបងប្អូនថា ខ្ញុំបាទ នាយចេក សព្វថ្ងៃ គឺមានសុខភាពល្អទេ អត់ទាន់មានបញ្ហាអី ឈឺថ្កាត់អីធ្ងន់ធ្ងរទេ សព្វថ្ងៃ គឺមានសុខភាពធម្មតា។ ដូច្នេះសូមអរគុណដល់បងប្អូន ដែលមានចិត្តមេត្តា នៅរាប់អាន ខ្លះក៏ឆាតតាមឆាត ខ្លះក៏តេតាមទូរស័ព្ទ មកសួរសុខទុក្ខ ហើយសួរថា យ៉ាងម៉េចយ៉ាងម៉ាអី។ ខ្ញុំបាទ សូមអរគុណដល់បងប្អូនទាំងអស់ដែលបានឆាត ឬក៏តេមកសួរខ្ញុំបាទនេះ តាមពិតទៅ ខ្ញុំបាទអត់អីទេ ហើយគ្រោះថ្នាក់ចរាចរណ៍នេះ គឺមិនដឹងខាងណាខាងណីទេ បើអ៊ីចឹង សូមកុំភាន់ច្រឡំតទៅទៀត។ ហើយសូមអរគុណដល់បងប្អូនទាំងអស់ ដែលនៅគ្នុងព្រះរាជាណាចក្រកម្ពុជា សូមឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន សូមឱ្យរកទទួលទានមានបាន សូមឱ្យជួបប្រទះសេចក្តីសុខ ចម្រុងចម្រើន ២០២៦-២០២៧ សូមឱ្យរួចពីទុក្ខភ័យទាំងអស់គ្នា បានសេចក្តីសុខចម្រុងចម្រើន សុខភាពល្អ សូមអរ គុណ…”។

ក្រោយពីបានឃើញតារាកំប្លែង តាចេក ចេញមុខមកបញ្ជាក់បែបនេះ បានធ្វើឱ្យមហាជន ជាពិសេស មិត្តភក្តិក្នុងវិស័យសិល្បៈ បានដឹងនិងលែងមានការភាន់ច្រឡំតទៅទៀត តែយ៉ាងណា មហាជន ពិសេសអ្នកគាំទ្រ បានជូនពរឱ្យតារាកំប្លែងរូបនេះ មានសុខភាពល្អផងដែរ។

គួរបញ្ជាក់ថា តារាកំប្លែងតាចេក ក្រោយពីខ្សត់ការងារសិល្បៈ បានធ្វើឱ្យជីវភាពរបស់លោកធ្លាក់ចុះខ្លាំង រហូតលោកងាកទៅចាប់យករបរលក់ទឹកអំពៅនិងភេសជ្ជៈ នៅតាមចិញ្ចើមផ្លូវ លើកំណាត់ផ្លូវជាតិលេខ៣ ម្តុំរង្វង់មូលកួរស្រូវ ទៅសៀមរាប កន្ទួត។ យ៉ាងណា មួយរយៈចុងក្រោយនេះ លោកហាក់មានទីផ្សារសិល្បៈវិញខ្លះៗ ដោយបានចូលរួមសម្តែងកំប្លែងខ្លីៗ និងលេងល្ខោនបាសាក់ តាមរោងនានា រួមទាំងសម្តែងក្នុងពិធីកាត់សក់ មង្គលការ ជាបន្តបន្ទាប់ ដែលធ្វើឱ្យលោកអាចដោះស្រាយជីវភាពបានមួយគ្រាៗដែរ។

លោក ឈុំ ប៊ុនឈឿន ហៅតាចេក ធ្លាប់បានត្អូញត្អែរថា ហេតុតែពិបាកពេក បើជីវិតលោកអស់ត្រឹមហ្នឹង ក៏បានដែរ ហើយលោកតូចចិត្ត ចង់គិតខ្លីដែរ តែបើគិតខ្លី ដូចជាកំសាកពេក អ៊ីចឹងមានតែស៊ូៗដើរទៅមុខ។

តាចេក បាននិយាយទាំងទឹកភ្នែកនៅពេលនោះថា “ខំរកស៊ីដែរ តែមិនកាក់កបសោះ ខ្ញុំតូចចិត្តណាស់ តែមិនដឹងធ្វើម៉េច ប្រហែលសាងបុណ្យពីមុនមិនល្អ ទើបជាតិនេះគ្មានលំនឹងនឹងគេ ជីវិតរដាក់រដុប…”៕ ខៀវទុំ