ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ បានអះអាងថា ប្តីរបស់ខ្លួនដែលជាមន្ត្រីនគរបាលមួយរូប ទើបនឹងទទួលបានតំណែងថ្មី ជាមេប៉ុស្តិ៍ ខ្ពស់មុខខ្ពស់មាត់ បែរជាបែកគំនិតលួចមានស្រីញីក្រៅផ្ទះ ភ្លេចប្រពន្ធកូន រហូតដល់ដាច់ចិត្តចុះចោលផ្ទះ ទៅសម្ងំរួមរស់ជាមួយស្រីថ្មី ទាំងមិនទាន់លែង លះប្រពន្ធដាច់ស្រេចនៅឡើយ ហើយស្ត្រីជាប្រពន្ធ អង្វរសុំអន្តរាគមន៍សម្តេចហ៊ុន សែន ជួយរឿងនេះផង។

បុរសជាប្តីដែលត្រូវស្ត្រីជាប្រពន្ធអះអាងថា បានក្បត់ផិតចិត្តប្រពន្ធកូន ទៅសម្ងំសោយសុខជាមួយស្រីថ្មីនោះ ជានាយនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលចុងកាល់ (មេប៉ុស្តិ៍ចុងកាល់) ចំណុះឱ្យអធិការដ្ឋាននគរបាលស្រុកចុងកាល់ ដែលទើបនឹងឡើងកាន់តំណែងថ្មីៗ ឈ្មោះគឹង រីកូ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះផល រដ្ឋា ។

ស្ត្រីជាប្រពន្ធ ឈ្មោះផល រដ្ឋា បានចោទប្រកាន់បុរសជាប្តីរបស់ខ្លួនថា គ្មានភាពទទួលខុសត្រូវលើប្រពន្ធកូន ដែលបានរៀបអាពាហ៍ពិពាហ៍ត្រឹមត្រូវតាមផ្លូវច្បាប់ និងមានសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាទៀតផង តែបែរជាបែកគំនិតមានស្រីថ្មី ចុះចោលផ្ទះ ព្រមទាំងគំរាមបាញ់សម្លាប់ប្រពន្ធចោលទៀតផង។ ដូច្នេះនាងស្នើសុំសម្តេចនាយលរដ្ឋមន្ត្រី ជួយអន្តរាគមន៍ដោះស្រាយរឿងនេះផង។

ស្ត្រីជាប្រពន្ធ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ថា “មកដល់ពេលនេះ លោកគឹង រីកូ មេប៉ុស្តិ៍ ស្រុកចុងកាល់ បានសម្រេចចិត្តថា លែងលះខ្ញុំជាប្រពន្ធ។ កាលពីនៅជាមន្ត្រីគ្មានឋានៈបុណ្យស័ក្តិ រស់នៅចុះសម្រុងធម្មតា ដល់ពេលបានក្លាយជាមេប៉ុស្តិ៍ មានឋានៈបុណ្យស័ក្តិ ចុះចោលប្រពន្ធកូន ហើយអាប្រុសថោកទាបនេះ វានិយាយថា វាមិនអាចយកប្រពន្ធកូនវិញបានទេ ព្រោះវាខ្លាចធ្លាក់បុណ្យស័ក្តិ តើថ្នាក់លើឱ្យតម្លៃប្រពន្ធ ថ្លៃជាងស្រី ឬស្រី ថ្លៃជាងប្រពន្ធ? រយ:ពេល១០ឆ្នាំ វានិយាយថា រស់នៅជាមួយប្រពន្ធកូន ទាំងបង្ខំចិត្ត ហើយពេលឈ្លោះគ្នាម្តងៗ វាប្រមាថមើលងាយ រកវ៉ៃ ជេរស្តីហើយថែមទាំងគំរាមរកបាញ់សម្លាប់ខ្ញុំជាប្រពន្ធទៀតផង។ ក្នុងនាមជាមន្ត្រីកាន់ច្បាប់ក្នុងដៃ ហ៊ានប្រមាថបាញ់ប្រពន្ធ តើថ្នាក់លើ នៅតែទុកមន្ត្រីបែបនេះទៀតទេ? សូមសម្តេចពុក ជួយរកយុត្តិធម៌ឱ្យប្រពន្ធដើមម្នាក់នេះផង បងប្អូនដែលបានឃើញ សូមជួយស៊ែរផង…”។

ដោយឡែក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ត្រីជាប្រពន្ធខាងលើ ធ្លាប់បានបង្ហោះរូបភាពចំនួន ៤សន្លឹក បង្ហាញពីមុខមាត់បុរសជាប្តី និងស្ត្រីម្នាក់ដែលត្រូវនាងអះអាងថា ជាស្រីរបស់ប្តី ជាមួយសំណេរថា “បងប្អូនជួយស៊ែរផង លោកគឹង រីកូ មេប៉ុស្តិ៍ស្រុកចុងកាល់ ចុះចោលប្រពន្ធនិងកូន ទៅដេកជាមួយស្រី សូមថ្នាក់លើ ជួយរកយុត្តិធម៌ឱ្យខ្ញុំផង! ចុះចោលប្រពន្ធនិងកូន រយៈពេល ៦ខែហើយ ទៅដេកតែជាមួយស្រីវា ឋានៈវាជាមេប៉ុស្តិ៍ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ វាសុខចិត្តអស់ឋានៈតួនាទី ដើម្បីស្រីវា សូមថ្នាក់លើខេត្តឧត្តរមានជ័យ ជួយបំពេញបំណងវាផង! ម៉ូតូប៉ូលិស ថ្នាក់លើបើកឱ្យជិះទៅធ្វើការ តែវាបែរជាយកទៅដេកជាមួយស្រីទាំងយប់ទាំងថ្ងៃ មិនចង់ធ្វើការ សូមថ្នាក់លើជួយអន្តរាគមន៍រឿងប្តីទៅដេកជាមួយស្រី ធ្វើបាបចិត្តប្រពន្ធដើមនេះផង…”។
បើតាមស្ត្រីជាប្រពន្ធរូបនេះ មកដល់ពេលនេះ លោកគឹង រីកូ មេប៉ុស្តិ៍ចុងកាល់ បានប្រាប់ថា ចង់លែងលះជាមួយនាងហើយ។ ស្ត្រីដដែល បានរៀបរាប់ទាំងស្តាយស្រណោះទៀតថា ពេលប្រពន្ធឈឺ មិនដែលមកមើលថែទេ ពេលដែលស្រីកំណាន់របស់មេប៉ុស្តិ៍ ទោះរវល់ធ្វើការប៉ុនណា ក៏គេចការងារទៅមើលដែរ។ នាងលើកឡើងថា នាងមិនចង់មេម៉ាយទេ អាណិតកូន តែប្តីចង់បោះបង់កូនចោល ទៅរស់នៅជាមួយស្រីថ្មី។
ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួន បុរសជាប្តី គឺលោកគឹង រីកូ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលចុងកាល់ បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕