ខេត្តបន្ទាយមានជ័យ ៖ បុរស ២នាក់ បានស្កាត់មកជួបអ្នកយកព័ត៌មាន ដោយរៀបរាប់ថា ពួកខ្លួន ២នាក់ បានចំណាយប្រាក់ ម្នាក់អស់ ២០០ដុល្លារ ព្រោះចង់ទៅធ្វើការស្របច្បាប់ លើទឹកដីថៃ ដឹងអីត្រូវក្រុមហ៊ុននាំពលករស្របច្បាប់មួយ បានត្រឹមតែសន្យា និងយកប្រាក់ហើយ បែរជាមិនទទួលខុសត្រូវទៅវិញ។

បុរសទាំង២នាក់ ទី១-ឈ្មោះសម ឌីណែត អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងទី២-ឈ្មោះតាំង ពៅ អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
បុរសទាំង២នាក់ខាងលើ បានរៀបរាប់ប្រាប់ថា កាលពីអំឡុងខែឧសភា ឆ្នាំ២០២២ ពួកខ្លួនត្រូវបានស្ត្រីម្នាក់ ឈ្មោះភា ជាបុគ្គលិកក្រុមហ៊ុននាំពលករស្របច្បាប់ ឈ្មោះព្រីមៀម មេនផៅវ័រសឺវីស ឯ.ក មានការិយាល័យនៅខាងជើងឆៀងខាងលិចសាលាក្រុងប៉ោយប៉ែត ជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ណែនាំឱ្យធ្វើលិខិតឆ្លងដែន ដើម្បីបានចេញទៅធ្វើការនៅប្រទេសថៃ ផ្នែកអេឡិចត្រូនិក។ លុះស្តាប់កាណែនាំពីរបៀបបំពេញឯកសារ និងពីច្បាប់ការងារនៅក្នុងប្រទេសថៃ នៅសាខាក្រុមហ៊ុនខាងលើរួច ឈ្មោះផាន ភេទប្រុស ជាបុគ្គលិកក្រុមហ៊ុន ក៏នាំពួកខ្លួនទៅកាន់ការិយាល័យធ្វើលិខិតឆ្លងដែន ក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល។
បុរសទាំង២នាក់ បន្តថា ក្រោយធ្វើលិខិតឆ្លងដែនរួច ខាងក្រុមហ៊ុន ប្រាប់ឱ្យរង់ចាំរយៈពេលយ៉ាងយូរ ២ខែ ទើបបានចេញដំណើរតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទៅធ្វើការនៅប្រទេសថៃ។ លុះដល់រយៈពេលកំណត់ ពួកខ្លួនទៅសួរនាំរឿងចេញដំណើរទៅប្រទេសថៃ បែរជាខាង ក្រុមហ៊ុន និយាយថា ឥឡូវក្រុមហ៊ុនប្តូរគោលការណ៍ហើយ គឺមិនទៅកាត់ប្រាក់ធ្វើការ ម្នាក់ ១៨ ០០០បាត នៅប្រទេសថៃ ដូចគម្រោងពីមុនឡើយ ពោលគឺបើចង់ទៅ ត្រូវបង់ប្រាក់ម្នាក់ ១៨ ០០០បាត នៅដីខ្មែរ ជាមុនសិន។
បុរសទាំង២នាក់ បន្តថា បើខាងក្រុមហ៊ុនណែនាំឱ្យច្បាស់លាស់ ពួកខ្លួនក៏មិនចំណាយប្រាក់ម្នាក់ ២០០ដុល្លារដែរ។ មិនតែប៉ុណ្ណោះ ខាងក្រុមហ៊ុន ឱ្យពួកខ្លួនឡើងទៅដកលិខិតឆ្លងដែនវិញ បើមិនព្រមបង់ប្រាក់ ម្នាក់ ១៨ ០០០បាត ដើម្បីចង់បន្តដំណើរទៅធ្វើការលើទឹកដីថៃ។ លុះពេលពួកខ្លួនទារប្រាក់ ម្នាក់២០០ដុល្លារវិញ បែរជាខាងក្រុមមិនទទួលខុសត្រូវ និងរុញដាក់គ្នាពីម្នាក់ទៅម្នាក់ និងនិយាយថា បុគ្គលិកចាស់ៗ ទៅអស់ហើយ នៅតែពួកខ្លួន ជាអ្នកថ្មី មិនដឹងអីទេ។
ជុំវិញករណីខាងលើ លោកស៊ន សារិន ប្រធានក្រុមហ៊ុនព្រីមៀម មេនផៅវ័រសឺវីស ឯ.ក បានបដិសេធថា លោកមិនបានដឹងរឿងរ៉ាវខាងលើទេ ដោយនិយាយថា ដរាបណាបុរសទាំង២នាក់ ហៅអ្នកពាក់ព័ន្ធទទួលឯកសារ ឬប្រាក់ មកជួប ទើបដឹង។
ពេលសាកសួរបន្តថា តើក្រុមហ៊ុនរបស់លោក មានការិយាល័យនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងមានបុគ្គលិកប្រុសស្រីឈ្មោះភា ឬឈ្មោះផាន ដែរឬទេ? លោកទទួលស្គាល់ថា មានមែនហើយ តែបុគ្គលិកប្រុស ឈ្មោះផាន បានឈប់យូរហើយ ខណៈបុគ្គលិកស្រី ឈ្មោះភា ត្រូវបានលោកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល ដើម្បីស្រាវជ្រាវហៅសាកសួរ ព្រោះធ្វើការខុសលក្ខខណ្ឌរបស់ក្រុមហ៊ុន ធ្វើឱ្យកើតមានបញ្ហា៕