ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងឃាត់ខ្លួនករណីរំលោភលើទំនុកចិត្ត ក្រោយពីជនសង្ស័យរូបនេះ ជិះម៉ូតូរបស់គេ ទៅទិញស្រាមួយភ្លែត តែបែរជាយកម៉ូតូទៅបញ្ចាំបានប្រាក់ចំនួន២០០ដុល្លារ យកទៅដើរស៊ីចាយអស់លុយ ក៏វិលត្រឡប់មក ផ្ទះវិញ ទើបត្រូវម្ចាស់ម៉ូតូប្តឹងសមត្ថកិច្ចឱ្យចាប់ក្របួចជាប់តែម្តង។
ករណីរំលោភលើទំនុកចិត្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះរបស់ ឈ្មោះឆុន សាត ស្ថិតនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ រហូតមកដល់វេលាម៉ោង១០ និង៣០នាទីព្រឹក នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យ នាំយកមកសាកសួរ។

ជនសង្ស័យ ដែលយកម៉ូតូរបស់គេទៅបញ្ចាំ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថា ផា ហៅញ៉ាញ់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិអណ្តូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះឆុន សាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង។ រីឯសម្ភារបាត់បង់ ម៉ូតូចំនួន១គ្រឿង ម៉ាកវ៉េវ ពណ៌ស។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះឆុន សាត និងជន សង្ស័យឈ្មោះថា ផា បានផឹកស្រាជាមួយគ្នា។ នៅពេលអស់ស្រាផឹក ជនរងគ្រោះក៏បានប្រើឱ្យ នសង្ស័យ ជិះម៉ូតូរបស់ខ្លួនម៉ាកវ៉េវ ពណ៌ស ទៅទិញស្រាយកមកផឹកបន្ត ដោយបានឱ្យប្រាក់ចំនួន១ម៉ឺនរៀលដើម្បីទិញសាច់ក្លែមទៀតផង។ បន្ទាប់មក ឈ្មោះថា ផា ក៏បានជិះម៉ូតូចេញ ទៅបាត់រហូតតែម្តង ដោយមិនឃើញត្រឡប់មកវិញសោះ។
ប្រភពដដែលបន្តថា រហូតដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះឆុន សាត បានទទួលដំណឹង ថាឈ្មោះថា ផា បានត្រឡប់មកផ្ទះវិញ ក៏បានស្នើសុំមកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំង យ៉ូវ ជួយធ្វើអន្តរាគមន៍តែម្តង។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបាលប៉ុស្តិ៍ក្រាំងយ៉ូវ បានកោះហៅឈ្មោះថា ផា មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងយ៉ូវដើម្បីធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះថា ផា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូម៉ាកវ៉េវ ពណ៌ស របស់ឈ្មោះឆុន សាត ទៅដាក់បញ្ចាំប្រាកដមែន ដោយបានប្រាក់ចំនួន២០០ដុល្លារ នៅកន្លែងបញ្ចាំមិនស្គាល់ឈ្មោះម្តុំផ្សារដើមគរ រាជធានីភ្នំពេញ។
បច្ចុប្បន្នជន សង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។/