ខេត្តសៀមរាប ៖ ប្តីប្រពន្ធ ២នាក់ រួមរស់មិនចុះសម្រុងនឹងគ្នា ក៏ឈានដល់ការបែកបាក់ លែងលះគ្នាដាច់ស្រេចទៅហើយ ស្រាប់តែក្រោយមក បុរសជាអតីតប្តី បានតាមទៅសុំយកខ្សែករបស់ខ្លួន ១ខ្សែ ពីអតីតស្ត្រីជាប្រពន្ធ ប៉ុន្តែអតីតប្រពន្ធមិន ឲ្យ ធ្វើឱ្យអតីតប្តីផ្ទុះកំហឹង ទៅទិញទឹកអាស៊ីដ ១ដប មកជះដាក់ស្ត្រីជាអតីតប្រពន្ធ បណ្តាលឱ្យរងរបួស និងត្រូវបានដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ជាអតីតប្តី ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការ តាមច្បាប់។
ករណីអតីតប្តីជះទឹកអាស៊ីដដាក់ប្រពន្ធនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្បែររង្វង់មូលភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។

ជនសង្ស័យជាអតីតប្តីដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះជុំ សារឿន អាយុ៤៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះអ៊ីម មុំ អាយុ៤៥ឆ្នាំ មានលំនៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។
តាមប្រភពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ជនសង្ស័យបានជិះម៉ូតូកង់បី ពណ៌ស ស៊េរីឆ្នាំ២០១៨ របស់ខ្លួន ចេញពីបន្ទប់ជួល ទៅរកទិញទឹកអាស៊ីដ ១ដប ក្នុងតម្លៃ ៣០០០រៀល ពីតូបអាជីវករមួយកន្លែង នៅផ្សារលើធំថ្មី។ លុះពេលទិញទឹកអាស៊ីដរួចហើយ ជនសង្ស័យបានដាក់តាមខ្លួន ក្នុងគោលបំណងទុកយកទៅជះលើជនរងគ្រោះឈ្មោះអ៊ីម មុំ ដែលជាអតីតប្រពន្ធរបស់ខ្លួន។
ប្រភពដដែល បន្តថា ដោយសារតែមិនទាន់មានភាពក្លាហានចេញទៅធ្វើសកម្មភាព ជនសង្ស័យបានទិញស្រាបៀរ ចំនួន ៦កំប៉ុង មកអង្គុយផឹកតែម្នាក់ឯង រហូតម៉ោងជាង ៤រសៀលថ្ងៃដដែល ចាប់ផ្តើមស្រវឹង ទើបជនសង្ស័យជិះម៉ូតូកង់បី សំដៅទៅផ្ទះជនរងគ្រោះតែម្តង។ លុះពេលជិះទៅដល់ចំណុចស្ថានីយប្រេងឥន្ធនៈមួយកន្លែង ក្បែររង្វង់មូលភ្នំក្រោម ស្ថិតក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ជនសង្ស័យបានឃើញអតីតប្រពន្ធខ្លួនឈរម្នាក់ឯង ពេលនោះជនសង្ស័យបានចូលទៅនិយាយ សុំខ្សែក ១ខ្សែ ពីអតីតប្រពន្ធ ដែលជារបស់ខ្លួន ប៉ុន្តែជនរងគ្រោះមិនឱ្យ។
ប្រភពខាងលើ បញ្ជាក់ថា ភ្លាមនោះ ដោយសារមានចិត្តខឹងសម្បាផង ណាមួយដោយសារស្រវឹងផង ទើបធ្វើឱ្យជនសង្ស័យដាច់ចិត្តទាញដបទឹកអាស៊ីដ ពីម៉ូតូកង់បី ជះទៅលើជនរងគ្រោះជាអតីតប្រពន្ធ បណ្តាលឱ្យរលាកលើផ្ទៃមុខជនរងគ្រោះ និងខ្ចាយទៅលើខ្នងជនសង្ស័យខ្លួនឯងផងដែរ ព្រោះពេលជះនោះ ក្នុងស្ថានភាពស្រវឹង ហើយណាមួយទឹកអាស៊ីដ ដែលយកទៅប្រើនោះ ទំនងជាទឹកអាស៊ីដសម្រាប់ប្រើប្រាស់អាគុយ ជាប្រភេទខ្សោយ បានជាមិនអាចរលាកធ្ងន់ពេក ហើយបន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានបើកម៉ូតូកង់បី រត់គេច ខ្លួនតែម្តងទៅ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការលើករណីនេះ ដើម្បីនាំខ្លួនជនសង្ស័យឱ្យមកទទួលទោសតាមផ្លូវច្បាប់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះភ្លាម សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជះទឹកអាស៊ីដដាក់អតីតប្រពន្ធប្រាកដមែន មូលហេតុដោយសារខឹងសុំខ្សែកប្លាទីន ១ខ្សែ ពីអតីតប្រពន្ធ មិនបាន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕