កាលពីថ្ងៃពុធទី១៥ ខែកញ្ញា ឆ្នាំ២០២២ប្រមុខការពារជាតិជប៉ុននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាធ្វើការស្រាវជ្រាវផ្នែកបច្ចេកវិទ្យា ដើម្បីទប់ទល់នឹងអាវុធដែលមានល្បឿនលឿនជាងសំឡេងចំពេលមានការអះអាងកាន់តែខ្លាំងឡើងរបស់ចិននៅក្នុងតំបន់។
កិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada និងសមភាគីអាមេរិក លោក Lloyd Austin នៅមន្ទីរបញ្ចកោណដែលជាកិច្ចប្រជុំទល់មុខគ្នាលើកដំបូងរបស់ពួកគេបានកើតមានឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រីណាន់ស៊ី ផេលូស៊ីទៅកាន់ កោះប្រជាធិបតេយ្យ។


លោក Austin បាននិយាយនៅដើមដំបូងនៃកិច្ចប្រជុំថា សកម្មភាពបង្ខិតបង្ខំរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់ និងក្នុងដែនទឹកជុំវិញប្រទេសជប៉ុន គឺជាការបង្កហេតុ ធ្វើឱ្យមានអស្ថិរភាពមិនធ្លាប់មានពីមុនមក។
នៅក្នុងកិច្ចប្រជុំនេះលោកHamada និង Austin បានយល់ព្រមចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីជំរុញសម្ព័ន្ធភាព សន្តិសុខទ្វេភាគីនៅក្នុងតំបន់ដែលពួកគេអាចធ្វើបាន។វិស័យទាំងនោះរួមមានបច្ចេកវិទ្យាការពារប្រឆាំងនឹងមីស៊ីល លឿនជាងសំឡេងចំពេលមានការប្រជែងអាវុធកាន់តែខ្លាំងជាមួយចិន និងរុស្ស៊ី។


អាវុធលឿនជាងសំឡេង Hypersonic ត្រូវបានរចនាឡើងដើម្បីធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងប្រាំដង។ យោងតាមអ្នកជំនាញបានឱ្យដឹងថា ប្រព័ន្ធតាមដាននិងការការពារប្រឆាំងនឹងពួកគេគឺមានភាពលំបាកដោយសារតែពួកគេអាចធ្វើសមយុទ្ធនៅលើផ្លូវទៅកាន់គោលដៅនិងហោះហើរក្នុងរយៈកម្ពស់ទាបជាងមីស៊ីលផ្លោងធម្មតា។
មន្ត្រីរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយថា ការផ្តោតសំខាន់នៃការស្រាវជ្រាវរួមគ្នាដែលរំពឹងទុកនឹងផ្តោតលើ បច្ចេកវិទ្យានិងសមាសធាតុដែលចាំបាច់សម្រាប់ការអភិវឌ្ឍមីស៊ីលដែលអាចស្ទាក់ចាប់អាវុធល្បឿនលឿនជាងសំឡេង។
Hamada និង Austin ក៏បានរិះគន់យ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលផ្លោងរបស់ចិនដែលជាផ្នែកមួយ នៃសមយុទ្ធទ្រង់ទ្រាយធំនៅជិតកោះតៃវ៉ាន់កាលពីខែមុនដែលមួយចំនួនបានធ្លាក់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ដែលជាឧប្បត្តិហេតុ “ធ្ងន់ធ្ងរ” ប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសជប៉ុន និងសុវត្ថិភាពសាធារណៈ។ នេះបើតាមក្រសួងការពារជាតិជប៉ុន។