Saturday, September 20, 2025
Homeព័ត៌មានជាតិយាយរវល់ដាំបាយ ចៅលង់ទឹកស្លាប់

យាយរវល់ដាំបាយ ចៅលង់ទឹកស្លាប់

ខេត្តបាត់ដំបង ៖ ក្មេងស្រីតូចម្នាក់ ត្រូវបានម្តាយផ្ញើទុកឱ្យជីដូនជួយមើលថែ លុះជីដូនរវល់ដាក់ដាំបាយ និងធ្វើម្ហូបភ្លេចខ្លួន ស្រាប់តែចៅស្រីបានដើរលេងក្បែរប្រឡាយទឹក រួចក៏ធ្លាក់ទឹកបណ្តាលលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង០៥នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប្រឡាយទឹក មួយកន្លែង ស្ថិតនៅចំណុចឈ្នាន់៣ ក្រុមទី១៤ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់។

ក្មេងស្រីរងគ្រោះដែលលង់ទឹកប្រឡាយស្លាប់ មានឈ្មោះឈាន គឹមលាង អាយុ២ខួប មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះនាក់ លឿត ភេទស្រី អាយុ៦១ឆ្នាំ ត្រូវជាជីដូនបង្កើតរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ចៅស្រីម្នាក់នេះ ត្រូវម្តាយនាងយកមកផ្ញើឱ្យគាត់ជាជីដូន ជួយមើលថែ ព្រោះគេរវល់ចេញទៅធ្វើការងាររកស៊ី។ នៅថ្ងៃកើតហេតុ វេលាម៉ោង ១០និង៥៥នាទីព្រឹក ខណៈដែលគាត់កំពុងដាំបាយ និងធ្វើម្ហូបនៅក្នុងផ្ទះ ស្រាប់តែឮសំឡេងចៅឈ្មោះចម្រើន ពិសិទ្ធ ភេទប្រុស អាយុ៣ឆ្នាំ ស្រែកយំនៅក្នុងប្រឡាយទឹកមេលេខ១ ចេញពីទំនប់កង្ហត ទៅស្រុកគាស់ក្រឡ ដែលមានចម្ងាយប្រហែល ២០ម៉ែត្រពីខាងជើងផ្ទះរបស់គាត់ ពេលនោះ គាត់ក៏រត់ទៅមើល ឃើញចៅប្រុសនៅក្នុងទឹកប្រឡាយ ដោយដៃតោងជណ្តើរឡើង ភ្លាមនោះ គាត់ក៏ចុះទៅលើកចៅប្រុសឡើងមកលើគោក តែបាត់ចៅស្រីម្នាក់ទៀត (ក្មេងស្រីរងគ្រោះ) ហើយក៏នាំកូនចៅ តាមរកនៅក្នុងទឹកប្រឡាយ រហូតឃើញសពចៅស្រី អណ្តែតទឹកក្នុងប្រឡាយ ដែលមានចម្ងាយជាង ២០០ម៉ែត្រ ពីកើតផ្ទះរបស់គាត់ ទើបនាំគ្នាស្រង់ចៅស្រីយកមកផ្ទះ រួចរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង ។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញ សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យសពក្មេងស្រីរងគ្រោះ រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាលង់ទឹកប្រឡាយស្លាប់ប្រាកដមែន។ មូលហេតុ ចុះលេងទឹកប្រឡាយ ខណៈពេលយាយរវល់ដាំបាយ និងធ្វើម្ហូបនៅផ្ទះ មិនបានមើលចៅដិតដល់។

សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES