យោងតាមប្រភពព័ត៌មានរ៉យទ័រចេញផ្សាយកាលពីថ្ងៃចន្ទទី១៩ខែកញ្ញាឆ្នាំ ២០២២បានអោយដឹងថា នាវាផ្ទុកយន្តហោះអាមេរិកនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះសម្រាប់សមយុទ្ធរួមគ្នាជាលើកដំបូងក្នុងរយៈពេលប្រហែល៤ឆ្នាំចុងក្រោយខណៈដែលសម្ព័ន្ធមិត្តកំពុងស្វែងរកការដាក់ពង្រាយសព្វាវុធយុទ្ធសាស្ត្រដែលមានសមត្ថភាពនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដើម្បីរារាំង កូរ៉េខាងជើង។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំង USS Ronald Reagan នឹងមកដល់មូលដ្ឋានទ័ពជើងទឹកមួយនៅក្នុងទីក្រុងកំពង់ផែភាគខាងត្បូងទីក្រុង Busan នៅថ្ងៃសុក្រ។
សេចក្តីថ្លែងការណ៍បាននិយាយថាតាមរយៈការធ្វើសមយុទ្ធរួមគ្នាកងទ័ពជើងទឹកនៃប្រទេសទាំងពីរគ្រោងនឹងពង្រឹងការត្រៀមខ្លួនខាងយោធារបស់ពួកគេនិងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់នៃសម្ព័ន្ធភាពកូរ៉េខាងត្បូង–សហរដ្ឋអាមេរិក ដើម្បីសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។

កូរ៉េខាងជើងបានថ្កោលទោសការដាក់ពង្រាយយោធាអាមេរិកមុនៗ និងសមយុទ្ធរួមគ្នាថាជាការហាត់សមសម្រាប់សង្គ្រាម និងភស្តុតាងនៃគោលនយោបាយអរិភាពដោយទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល។
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់កូរ៉េខាងត្បូងដោយនាវាផ្ទុកយន្តហោះអាមេរិកចាប់តាំងពីឆ្នាំ ២០១៨។ ដែលកាលពីឆ្នាំនោះសម្ព័ន្ធមិត្តបានកាត់បន្ថយសកម្មភាពយោធារួមគ្នាជាច្រើនរបស់ពួកគេចំពេលមានកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីចូលរួមជាមួយកូរ៉េខាងជើង។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងរៀបចំដើម្បីបន្តការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។
កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានបរិហារគោលលទ្ធិនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលបានបង្ហាញ ថាជាការកើនឡើងនិងអស្ថិរភាពហើយទីក្រុងវ៉ាស៊ីនតោនបានប្តេជ្ញាបន្តដាក់ពង្រាយនិងអនុវត្តយុទ្ធសាស្ត្រដើម្បីរារាំងនិងឆ្លើយតបទៅនឹងទីក្រុងព្យុងយ៉ាង។
កាលពីខែមេសានាវាចម្បាំងUSS Ronald Reagan បានដាក់ពង្រាយទៅកាន់ដែនទឹករវាងកូរ៉េខាងត្បូង និងជប៉ុនជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧ហើយបានធ្វើសមយុទ្ធរួមគ្នាជាមួយកងកម្លាំងជប៉ុន។ លើកនេះ នាវាផ្ទុកយន្តហោះ និងក្រុមវាយប្រហាររបស់ខ្លួន នឹងហ្វឹកហាត់ជាមួយកងកម្លាំងកូរ៉េខាងត្បូង៕