សៀមរាប ៖ បន្ទាប់ពីល្បីល្បាញពេញបណ្តាញសង្គម ហ្វេសប៊ុក ករណីបុរសក្រីក្រម្នាក់ បានលួចជីកទំពាំង ហើយត្រូវបានស្ត្រីជាម្ចាស់ចម្ការ តាមទាន់ ចាប់ឲ្យទៅធ្វើត្រាប់សកម្មភាពលួច និងមានទាំងការរិះគន់ និងការអាណិត ក៏ដូចជាការវិភាគវែកញែកពីមហាជន ព្រមទាំងមានសប្បុរសជនមួយចំនួន បានយកអំណោយជាស្បៀងអាហារ និងលុយកាក់ ទៅចែកជូនបុរសលួចទំពាំងនោះ ក៏ផ្ទុះការរិះគន់ទៅលើស្រីស្អាត សិចស៊ី ២នាក់ ដែលបានប្រកាសប្រគល់ខ្លួនឲ្យបុរសជាចោរលួចទំពាំងនោះ ដោយមិនគិតលុយ ១រៀលឡើយ ដោយពួកនាងថា ដោយសារអាណិតបុរសទុរគតម្នាក់នោះ។

សូមរំឭកថា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ អ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៍ និងរិះគន់ស្ត្រីម្ចាស់ចម្ការម្នាក់ ដែលបានថតវីដេអូ និងរូបភាពចាប់បានចោរលួចជីកទំពាំង ក្នុងចម្ការរបស់ខ្លួន ស្ថិតនៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
អ្នកខ្លះបានលើកឡើងថា ពាក្យថាជាចោរ គឺខុសនឹងច្បាប់ និងធ្វើឲ្យមហាជនស្អប់ តែបើអ្នកក្រ ដាច់ចិត្តលួចទំពាំង មកស្ល ព្រោះតែការស្រេកឃ្លាន មិនគួរធ្ងន់ធ្ងរដល់ថ្នាក់ថតយកមកផុស បំបាក់មុខគ្នាបែបនេះទេ គួរធ្វើត្រឹមការអប់រំឲ្យឈប់ប្រព្រឹត្តបែបនេះបន្តទៀតទៅបានហើយ ព្រោះបើតាមមើលសាច់ឈាម សម្លៀកបំពាក់ និងលំនៅឋានរបស់បុរសលួចទំពាំងនោះ បញ្ជាក់ថា គាត់ជាជនទីទ័លក្រ ទើបដាច់ចិត្តលួចជីកទំពាំងក្នុងចម្ការគេយកមកស្លហូប ហើយតាមសម្តីបុរសវ័យជាង៣០ឆ្នាំ ម្នាក់នោះ ប្រាប់ថា ដំបូងគាត់ដើររកដកផ្សិតទេ តែរកមិនបានផ្សិត ប្រទះឃើញទំពាំង គាត់ចូលជីកបានបួនគល់ យកមកអង្គុយចិត ដើម្បីស្លប្រហើរ នៅផ្ទះរបស់គាត់ ស្រាប់តែម្ចាស់ទំពាំងតាមទាន់ បង្ខំឲ្យទៅធ្វើកិច្ចសន្យានៅផ្ទះមេភូមិ ព្រមទាំងឲ្យទៅធ្វើត្រាប់គ្រប់សកម្មភាពនៃការលួចចូលជីកទំពាំង ឱ្យគាត់មើលទៀត។
ករណីនេះ បានធ្វើឲ្យមហាជនមួយចំនួន មើលរំលងការស្អប់ពាក្យថាចោរ បែរជាកើតចិត្តអាណិតបុរសដ៏ទីទ័លក្រម្នាក់នោះទៅវិញ រហូតអ្នកខ្លះ ប្រកាសផ្តល់ជំនួយជាថវិកា និងគ្រឿងហូបចុកដល់បុរសនោះ និងបានរិះគន់ស្ត្រីម្ចាស់ទំពាំងថា ចិត្តអាក្រក់ហួសហេតុទៀតផង។
បន្ទាប់ពីទទួលរងការិះគន់ខាងលើនេះ ស្ត្រីជាម្ចាស់ចម្ការ អាយុជាង៥០ឆ្នាំ បានចេញមុខបកស្រាយថា ករណីនេះ ដោយសារគាត់ខឹងពេក ព្រោះគាត់ខំដាំ មិនទាន់បានប្រមូលផលផង បែរជាមានចោរហែករបងចម្ការ ចូលលួច បើសុំគាត់មួយម៉ាត់ទៅ ក៏គាត់មិនកំណាញ់ដែរ។

ស្ត្រីជាម្ចាស់ចម្ការ បានបន្តថា គាត់ធ្វើបែបនេះ ដោយសារតែសោកស្តាយរបស់ដែលគាត់ខំធ្វើដំណើរមកពីឆ្ងាយ មកដាំដំណាំ ដើម្បីយកផល ហើយចាប់ពីដាំ មកដល់ពេលនេះ មានរយ:ពេល ៥ឆ្នាំហើយ គាត់មិនដែលបានទទួលផលទេ ដោយសារតែចោរលួចគាស់របស់គាត់ ហើយដំណាំរបស់គាត់ បានបាត់ជាហូរហែ។
ស្ត្រីដដែល បន្តថា ករណីលួចទំពាំងនេះ បើអ្នកលួចនោះមកសុំគាត់ ក៏គាត់ឲ្យដែរ គឺចែកជាធម្មទាន គាត់មិនជាចិត្តអាក្រក់ទេ តែនេះគេបានហែករបងចម្ការគាត់ លូនចូល ទើបគាត់មានចិត្តខឹង ក៏ថតបង្ហោះហ្វេសប៊ុក ដើម្បីឲ្យរាងចាល។ ប៉ុន្តែទោះបីជាយ៉ាងណា ករណីនេះ គាត់ក៏បានសុំទោសបុរសលួចទំពាំងនោះ និងបានធ្វើកិច្ចសន្យា បញ្ចប់រឿងរួចរាល់ហើយ ដូច្នេះបើបងប្អូនទាំងឡាយគិតថាគាត់ចិត្តអាក្រក់ និងមានកំហុសលើរឿងនេះ តើមានបានយល់ដល់អារម្មណ៍ និងកម្លាំងគាត់ដែលខំដាំដំណាំនោះដែរឬអត់? ដូច្នះសូមមហាជនពិចារណាតាមការគួរទៅចុះ។
យ៉ាងណា បន្ទាប់ពីបានស្តាប់ការបកស្រាយរបស់ស្ត្រីជាម្ចាស់ចម្ការខាងលើរួចមក មនុស្សភាគច្រើនយល់ថា ម្ចាស់ចម្ការនោះមិនខុសទេ ព្រោះបុរសម្នាក់នោះ បានហែករបងចម្ការរបស់គាត់ ចូលទៅលួចជីកទំពាំង ដែលគាត់ខំប្រឹងដាំ និងថែទាំ ដូច្នេះមហាជនមិនគួរគាំទ្រ លើកទឹកចិត្តអ្នកលួច (ចោរ) នោះទេ ព្រោះវាជាគំរូអាក្រក់ លើសពីនេះ អ្នកសប្បុរសដែលផ្តល់អំណោយជូនបុរសជាចោរលួចទំពាំងគេនោះ ប្រៀបដូចលើកទឹកចិត្តដល់ចោរ ឬអំពើលួច យ៉ាងដូច្នោះដែរ។
ទោះបីជាយ៉ាងណា ស្របពេលដែលរឿងចោរលួចទំពាំងនេះ កំពុងល្បីល្បាញពេញបណ្តាញសង្គមនោះ ស្រាប់តែមាននារីរូបស្រស់ ២នាក់ បានប្រកាសប្រគល់ខ្លួនប្រាណ ឲ្យបុរសជាចោរលួចទំពាំងនោះ ដោយមិនគិតលុយទៀតផង។
ស្រីស្អាត ២នាក់ ដែលប្រកាសស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យបុរសចោរលួចទំពាំងនោះ មានវ័យប្រមាណ២០ឆ្នាំ ក្នុងនោះម្នាក់ បញ្ជាក់ថា ជាមេម៉ាយកូន១ ហើយការដែលពួកនាងប្រកាសបែបនេះ ដោយសារតែអាណិតចោរលួចទំពាំងនោះពេក។
ស្រីស្អាតទី១ (សុំមិនបញ្ចេញឈ្មោះ) បានបង្ហោះរូបរបស់ខ្លួន និងរូបបុរសជាចោរលួចទំពាំងនោះ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរថា «អ្នកណាស្គាល់គាត់ ជួយទាក់ទងមកខ្ញុំផង ខ្ញុំស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យគាត់ ដោយមិនគិតលុយកាក់ សូម្បី ១០០៛ ព្រោះតែខ្ញុំអាណិតគាត់»។

ចំណែកស្រីស្អាតទី២ (សុំមិនបញ្ចេញឈ្មោះ) បានបង្ហោះរូបរបស់ខ្លួន និងរូបបុរសជាចោរលួចទំពាំងនោះ ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ជាមួយសំណេរដូចស្រីស្អាតទី១ ដែរថា «អ្នកណាស្គាល់គាត់ ជួយទាក់ទងមកខ្ញុំផង ខ្ញុំស្ម័គ្រចិត្តប្រគល់ខ្លួនប្រាណឲ្យគាត់ ដោយមិនគិតលុយកាក់ សូម្បី ១០០៛ ព្រោះតែខ្ញុំអាណិតគាត់។ រាល់ថ្ងៃខ្ញុំជាមេម៉ាយកូនមួយ»។
បន្ទាប់ពីបានឃើញការប្រកាសស្ម័គ្រចិត្តប្រគល់ខ្លួនឲ្យចោរលួចទំពាំង របស់ស្រីស្អាតទាំង២នាក់ ខាងលើនេះ មហាជន អ្នកប្រើប្រាស់បណ្តាញសង្គម បានផ្ទុះការរិះគន់ព្រោងព្រាតទៅលើនារីទាំង២ ថា ខ្វះសីលធម៌ គ្មានសេចក្តីថ្លៃថ្នូរ មិនសមជានារីខ្មែរ ជាពិសេសទង្វើរបស់ពួកនាង គឺជាការលើកទឹកចិត្តដល់អ្នកប្រព្រឹត្តអំពើលួច ឬចោរ ដែលសង្គមស្អប់ខ្ពើមនោះទៅវិញ៕ ខៀវទុំ