បាត់ដំបង ៖ ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងអាណិតអាសូរបំផុត សម្រាប់ក្រុមគ្រួសារមួយ ខណៈដែលរស់ នៅក្នុងជីវភាពទីទ័លក្រ មានកូនដល់ទៅ៥នាក់ ស្រាប់តែកូនទី៦ កើតមក មានកាយសម្បទាខុសប្រក្រតី ដោយមានដៃ៤ ចំណែកជើង៤ ខុសប្លែកពីទារកដទៃ ជាហេតុធ្វើឱ្យឪពុកម្តាយ មានការរន្ធត់ចិត្តយ៉ាងខ្លាំង។

ទារកចម្លែក ដៃ៤ ជើង៤នេះ ទើបនឹងចាប់កំណើតកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅឯមន្ទីរពេទ្យបង្អែក សំពៅលូន ស្ថិតក្នុងភូមិសាស្តា ឃុំតាស្តា ស្រុកសំពៅលូន។ ទារក មានឈ្មោះសំ ណាង មាន ឪពុកឈ្មោះសុខ ខេន អាយុ៣៤ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះសាំង ឃីម អាយុ៣២ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិអូរ កណ្តោ ល ឃុំសន្តិភាព ស្រុកសំពៅលូន និងមានស្រុកកំណើតនៅភូមិបារាយណ៍ ឃុំបារាយណ៍ ស្រុកកំពង់ធំ ខេត្ត កំពង់ធំ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យបង្អែកសំពៅលូន ស្ថិត ក្នុងភូមិសាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីដ៏ភ្ញាក់ផ្អើល ខណៈពេលស្ត្រីម្នាក់ ឈ្មោះ សាំង ឃីម អាយុ៣២ឆ្នាំ បានប្រសូតកូនប្រុសម្នាក់ ឈ្មោះសំ ណាង មានកាយសម្បទាចម្លែកគួរឱ្យ សង្វេគ ជាពន់ពេក គឺមានជើងបួន ដៃបួន។

ប្រភពដដែល បន្តថា ស្ត្រីជាម្តាយរបស់ទារកចម្លែក បានឲ្យដឹងថា គាត់មានកូនចំនួន ៥នាក់ហើយ ក្នុងនោះកូន ប្រុស៣ កូនស្រី២ គឺមានលក្ខណៈជាធម្មតា ចម្លែកតែកូនប្រុសចុងក្រោយ កើតមកមានមានលក្ខណៈ ខុសប្លែក ពីកូនឯទៀត ធ្វើឲ្យគាត់តក់ស្លុត អាណិតកូនជាពន់ពេក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺក្រុមគ្រួសារទារកចម្លែក កំពុងតែជួបនូវការខ្វះខាត ដូច្នេះបើបងប្អូនជនរួមជាតិ អាណិតអាសូរចំពោះទារកចម្លែកនេះ សូមចូលរួមចែករំលែកនូវទាន ដើម្បីឲ្យគ្រួសារនេះមានលទ្ធ ភាពវះកាត់ ទារកចម្លែកនេះផង។

ពាក់ព័ន្ធករណីខាងលើនេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ថា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ មន្ទីរពេទ្យបង្អែកសំពៅលូន បានសម្រាលទារកមានរូបរាងខុសប្លែកពីធម្មតា មួយករណី ដោយលើកលែងការបង់ថ្លៃសេវា ដែលទារក មានទម្ងន់ ៣៧០០ក្រាម មានជើងបួន ដៃបួន បន្ថែម ជាប់ជាមួយអវយវ:ខាងក្រោម។ បច្ចុប្បន្នទារកចម្លែកនៅមានជីវិតធម្មតា បៅបាន បន្ទោបង់បាន និងត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប តាមសំណូមពររបស់ក្រុមគ្រួសារ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តបាត់ដំបង តំណាងឱ្យក្រុមគ្រួសារទារក សូមគោរពថ្លែងអំណរគុណ ចំពោះ សប្បុរសជនដែលបានបរិច្ចាគធថវិកា ជូនក្រុមគ្រួសារទារក រួមមាន : ១. លោកអ៊ុយ សុធាវី អភិបាល រងខេត្ត បាត់ដំបង ២០០ ០០០៛ ២. ឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្ត ២០០ ០០០៛ ៣. លោក ហម សំខាន់ អភិបាលស្រុកសំពៅលូន ៥០០ ០០០៛ ៤. លោកវេជ្ជបណ្ឌិត ទូត មករា ២០០ ០០០៛ ៥. លោកទឹម វិឆ័យ អធិការស្រុកសំពៅលូន ១០០ ០០០៛ ៦. លោក ឡា គង់ ជានាយកសាលា EIS ២០០ ០០០៛ ៕