ភ្នំពេញ ៖ បន្ទាប់ពីបានលាចាកសិក្ខាបទ បានជាង២ខែ អតីតភិក្ខុវជិរប្បញ្ញោ សាន សុជា បានធ្វើពិធី ភ្ជាប់ពាក្យ ជាមួយនារីរូបស្រស់ ជាអតីតដូនជីក្រមុំម្នាក់ ឈ្មោះឡៅ ដានេ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយក៏ បានស្រាយមន្ទិលមហាជនផងដែរថា នារីជាគូដណ្តឹងរបស់អតីតធម្មកថិកល្បីនេះ គឺជាកូនក្រមុំអ្នក ខេត្តសៀម រាប ដែលធ្លាប់មានប្រវត្តិតស៊ូជូរចត់មិនធម្មតា ធ្លាប់បានរងការមើលងាយមើលថោកថា កើតក្នុងគ្រួ សារក្រក្រី រហូតអ្នកស្រុកខ្លះថា ឪពុកម្តាយនាងដូចអ្នកសុំទានទៀតផង។

សូមបញ្ជាក់ថា អន្ទិតសាន សុជា ដែលសព្វថ្ងៃកំពុងរស់នៅប្រទេសអូស្ត្រាលី បានសម្រេចរៀបចំពិធីភ្ជាប់ពាក្យ ជាមួយនារីជាទីស្រឡាញ់ ឈ្មោះឡៅ ដានេ ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីដូចគ្នា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ហើយពិធីភ្ជាប់ពាក្យនេះ បានធ្វើឡើងនៅពីរប្រទេសព្រមគ្នាតែម្តង ដោយនៅឯប្រទេសកម្ពុជា នាទឹក ដីខេត្តសៀមរាប នៅ ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ឪពុកម្តាយកូន កំលោះក្រមុំ បានរៀបចំពិធី ស្តីដណ្តឹងនៅកេហដ្ឋានខាងស្រី។ ចំណែកនៅប្រទេសអូស្ត្រាលី សាមីខ្លួនកូនកំលោះ និងកូនក្រមុំ រៀបចំពិធីបំ ពាក់ចិញ្ចៀនភ្ជាប់ពាក្យ ដោយមានការបញ្ជូនរូបភាពតាមរលកធាតុអាកាស ប្រព័ន្ធ Zoom។

មហាជន បានសម្តែងការអបអរសាទរចំពោះគូដណ្តឹងមួយគូនេះ ដែលសុទ្ធតែជាបញ្ញវន្តដូចគ្នា ថែមទាំងមាន ប្រវត្តិជាអ្នកបួស មានចំណេះដឹងទាំងផ្លូវលោក និងផ្លូវធម៌ ខ្ពង់ខ្ពស់ដូចគ្នា ជាពិសេស មានការកោតសរសើរថា កញ្ញាឡៅ ដានេ គូដណ្តឹងរបស់អន្ទិតសាន សុជា ជានារីដែលមានប្រវត្តិតស៊ូក្នុងឆាកជីវិត ពីក្មេងស្រីកើតក្នុង ត្រកូលកសិករក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយឪពុកម្តាយ ប្រៀបប្រដូចទៅនឹងអ្នកសុំទាន ទីបំផុតនាងខំប្រឹង សិក្សា រហូតបានទទួលអាហារូបករណ៍ ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ហើយនាងជាអ្នកធ្វការងារសង្គម នៅតាមសហគមន៍ និងសព្វថ្ងៃជាពិធីការិនីបណ្តាញផ្សព្វផ្សាយ SBS Khmer នៅប្រទេសអូស្ត្រាលី ដែលធ្លាប់បាន ធ្វើបទសម្ភាសន៍ជាមួយអតីតភិក្ខុ សាន សុជា ជាច្រើនដង ដែលគេជឿថា ចំណងស្នេហ៍រវាងអ្នកទាំងពីរអាច ផ្តើមចេញពីទីនោះផងដែរ ទើបអតីតភិក្ខុសាន សុជា ទ្រាំនៅក្នុងភេទជាអ្នកបួសមិនបាន ក៏សម្រេចសឹកបាន តែជាង២ខែ ក៏ធ្វើពិធីស្តីដណ្តឹង ភ្ជាប់ពាក្យភ្លាមបែបនេះ។

កញ្ញា ឡៅ ដានេ គូដណ្តឹងលោកគ្រូសាន សុជា បានរៀបរាប់ឲ្យដឹងពីប្រវត្តិរបស់ខ្លួនថា “ឪពុករបស់នាងខ្ញុំ គឺជាជាងប៉ះកង់ទេ ហើយម្តាយនាងខ្ញុំ គឺជាអ្នកលក់ត្រី នាងខ្ញុំនៅពីតូច មិនសូវបានជួបជុំឪពុកម្តាយដូចគេទេ គឺនៅតែជាមួយម្តាយ ថ្វីត្បិតថាក្រុមគ្រួសារខ្ញុំ មិនមានទ្រព្យសម្បត្តិច្រើនដូចគេ តែឪពុកម្តាយនាងខ្ញុំ តែងតែ ពោលពាក្យមួយថា ទោះបីជាក្រលំបាកយ៉ាងណា ត្រូវបញ្ជូនកូនទៅសាលារៀន។ មុននឹងនាងខ្ញុំបានមក ដល់សាកលវិទ្យាល័យ នាងខ្ញុំមានអារម្មណ៍ស្មុគស្មាញខ្លាំងណាស់ ដូចជាដល់វ័យមួយដែលត្រូវគិតច្រើន ហើយនាងខ្ញុំស្មុគស្មាញច្រើនពេក ក៏សម្រេចចិត្តថា ចង់ទៅបួស។ ពេលហ្នឹងក៏គេមានកម្មវិធីអប់រំព្រះពុទ្ធ សាសនា ពូជពង្សវង្សត្រកូលនាងខ្ញុំ គឺគោរពព្រះពុទ្ធសាសនា បានទៅបួសជាដូនជី រយៈពេល១០ថ្ងៃ ប៉ុន្តែ មិននឹកស្មានថា ពេលដែលនាងខ្ញុំបួសហើយ មានការប្រឡងផ្នែកព្រះធម៌ ហើយនៅពេលដែលនាងខ្ញុំប្រឡង ក្នុងចំណោមសិស្ស ៦០០នាក់ហ្នឹង នាងខ្ញុំទទួលបានចំណាត់ថ្នាក់លេខ១ ហើយនាងខ្ញុំក៏ទទួលបានអាហា រូបករណ៍ពីសាកលវិទ្យាល័យបញ្ញាសាស្ត្រ ទៅសិក្សានៅសហរដ្ឋអាមេរិក…”។

កញ្ញា ឡៅ ដានេ បានបន្តថា “យើងជាស្ត្រី គឺមានបញ្ហាច្រើន ជាពិសេសគឺបញ្ហាមាត់អ្នកដទៃតែម្តងគេក៏និ យាយថា គ្រួសារអ្នកសុំទាន មកដល់ហើយ អ៊ីចឹងខ្ញុំក៏អន់ចិត្តដែរ តែយើងក្រឡេកទៅមើលឪពុកម្តាយយើង បងប្អូនយើង ប្រហែលជាសភាពដូចអ្នកសុំទានមែនហ្នឹងឯង ហើយក៏គិតក្នុងចិត្តថា អត់អីទេ ថ្ងៃនេះគេអាច និយាយថា ខ្ញុំគ្រួសារអ្នកសុំទាន ប៉ុន្តែថ្ងៃក្រោយ ខ្ញុំត្រូវផ្លាស់ប្តូរគ្រួសាររបស់ខ្ញុំ ហើយអ្វីដែលខ្ញុំផ្លាស់ប្តូរមិនមែន ដោយការតបត ឬក៏ការរិះគន់ទៅអ្នកដទៃវិញទេ ខ្ញុំតាំងចិត្តថា ខ្ញុំត្រូវតែផ្លាស់ប្តូរគ្រួសារខ្ញុំ ដោយការចាប់ផ្តើមពីខ្ញុំ គឺការសិក្សារៀនសូត្រឱ្យបានខ្ពស់…”។

កញ្ញាឡៅ ដានេ បានបន្តទៀតថា “ការងារសហគមន៍ដែលនាងខ្ញុំធ្វើកន្លងមក វាមិនមែនទើបតែចាប់ផ្តើមពេល ដែលនាងខ្ញុំធំទេ ដោយសារបេះដូងហ្នឹងមានចិត្តចង់ជួយគេ តាំងពីអាយុ១៣ឆ្នាំ នៅក្នុងគម្រោងដែលនាងខ្ញុំ បានធ្វើទាំងអស់ គឺគម្រោងដែលមានលោកម្ចាស់គ្រូ ពេញ វិបុល នៅជាទីប្រឹក្សាហ្នឹង គឺបានកសាងអនុវិទ្យា ល័យមួយនៅខេត្តកំពង់ឆ្នាំង ហើយបច្ចុប្បន្ននេះ ដែលនាងខ្ញុំកំពុងធ្វើទៀត គឺនឹងធ្វើអគារសិក្សាមួយ ឱ្យក្មេងៗ នៅជើងភ្នំឱរ៉ាល់ ដែលយើងប្រឹងប្រែងធ្វើការ ប៉ុន្តែគេអត់ឱ្យតម្លៃយើង បែរជាគេនិយាយថា យើងធ្វើការងារ ដែលក្រោមរូបភាពផ្សេង ដើម្បីផលប្រយោជន៍ខ្លួនឯង ហើយជាមនុស្សស្រីបែបនេះ ធ្វើការជាមួយនឹងមនុស្ស ចាស់បែបនោះ ប្រហែលជាដើម្បីគោលបំណងអីផ្សេង។ ពាក្យទាំងអស់នេះ គឺប៉ះពាល់ដល់ផ្លូវចិត្តខ្ញុំមែនទែន ព្រោះខ្ញុំធ្វើការសហគមន៍ អត់មានអ្នកណាគេមកឱ្យប្រាក់ខែខ្ញុំទេ ខ្ញុំធ្វើការដោយសុទ្ធចិត្ត ហើយការងារសហ គមន៍ហ្នឹង វាបង្រៀនឱ្យយើងចេះអត់ធ្មត់ជាមួយការលំបាក មានចិត្តមេត្តាករុណា យើងបានស្គាល់មនុស្សថ្មីៗ យើងបានរៀនសូត្រអំពីសង្គមរបស់យើង ថាតើបច្ចុប្បុន្ននេះ សង្គមរបស់យើងហ្នឹង វាមានផលលំបាកអ្វីខ្លះ? គឺថាការងារសហគមន៍នេះ គឺមនុស្សឱ្យតម្លៃខ្លាំងណាស់ ដូចជានាងខ្ញុំបានទៅសិក្សានៅសហរដ្ឋអាមេរិក ពេលនាងខ្ញុំចូលទៅសម្ភាសន៍ នាងខ្ញុំសប្បាយរីករាយ ពេលដែលគេសួរសំណួរមកទាក់ ទងទៅនឹងភាពជាអ្នក ដឹកនាំ និងកិច្ចការស្ម័គ្រចិត្ត នាងខ្ញុំមិនខ្វះចម្លើយនឹងផ្តល់ឱ្យគណៈកម្មការរបស់នាងខ្ញុំទេ ពីព្រោះមិនមែន យើងបង្កើតចម្លើយដែលមិនពិត ដល់គណៈកម្មការទេ ដោយសារតែយើងធ្លាប់ធ្វើនិងឆ្លងកាត់កន្លងមក។ ពេលដែលនាងខ្ញុំទៅដល់សហរដ្ឋអាមេរិក មនុស្សម្នាច្រើនមែនទែន ដែលគេចង់ស្តាប់អំពីការងារ សហគមន៍ ដែលនាងខ្ញុំបានធ្វើ ហើយនាងខ្ញុំបានសិក្សាត្រឹមតែរយៈពេល ១០ខែទេ ហើយក្នុងរយៈពេល ១០ខែហ្នឹង មិនត្រឹម តែការសិក្សានៅក្នុងសាលាទេ មានការងារមមាញឹក គឺការងារសហគមន៍មួយទៀត ដែលនាងខ្ញុំបានទៅធ្វើ គឺនាងខ្ញុំបានចែករំលែក នូវអ្វីដែលនាងខ្ញុំបានធ្វើនៅសង្គមខ្មែរយើងនេះ ទៅដល់សង្គមនៅអាមេរិក នាងខ្ញុំបាន ធ្វើបទបង្ហាញទៅ ១៦កន្លែងផ្សេងៗគ្នា ទាំងអង្គការក្រៅរដ្ឋាភិបាល ទាំងសិស្សសាលា អ្នកជំនួញ ការងារសហ គមន៍នេះ វាមិនត្រឹមតែជួយយើង ឱ្យយើងបានរៀនសូត្រទេ តែវាបានជួយជះឥទ្ធិពលទៅដល់សង្គម ទៅដល់ មនុស្សជុំវិញខ្លួនយើង ហើយវាបានជាបទពិសោធន៍សម្រាប់ឱ្យយើងបានបង្រៀនមនុស្សតៗទៀត…”។

ដោយឡែក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ក្រោយបញ្ចប់ពិធីភ្ជាប់ពាក្យ សាមីខ្លួនកូនកំលោះក្រមុំ គឺអន្ទិតសាន សុជា និងគូដណ្តឹង ឡៅ ដានេ បានធ្វើការបង្ហោះវីដេអូផ្សាយផ្ទាល់ (Live) ពីប្រទេសអូស្ត្រាលី ថ្លែងអំណរគុណ ចំពោះក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ ដែលបានចូលរួមក្នុងពិធីភ្ជាប់ពាក្យរបស់ពួកខ្លួន ទាំងអ្នកនៅប្រទេស អូស្ត្រាលី និងនៅប្រទេសកម្ពុជា។

គួរបញ្ជាក់ថា តាមការបង្ហើបប្រាប់ពីលោកសាន សុជា ចំពោះពិធីរៀបមង្គលការ របស់អ្នកទាំងពីរ គ្រោងធ្វើនៅ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ តែមិនទាន់បញ្ជាក់ថា នឹងធ្វើនៅប្រទេសកម្ពុជា ឬនៅប្រទេសអូស្ត្រាលី នោះទេ រង់ចាំដល់កៀកពេលបន្តិច នឹងជម្រាបជូននៅពេលក្រោយ៕

