Friday, June 20, 2025
Homeសន្ដិសុខសង្គមចិនម៉ៅឡានជិះ ប្លន់តៃកុងតាក់ស៊ី

ចិនម៉ៅឡានជិះ ប្លន់តៃកុងតាក់ស៊ី

ខេត្តកំពង់ស្ពឺ ៖ បុរសជាជនជាតិចិន ម្នាក់ បានម៉ៅរថយន្តតាក់ស៊ី ១គ្រឿង ជិះចេញពីខេត្តព្រះសីហនុ ក្នុងគោល បំណងឆ្ពោះទៅរាជធានីភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន លុះដល់ពាក់កណ្តាលផ្លូវ បានប្លន់អ្នកបើកបររថយន្តតាក់ស៊ី បញ្ជាឱ្យបើកទៅតាមផ្លូវជាតិលេខ៤ រកកន្លែងស្ងាត់ដើម្បីធ្វើសកម្មភាព តែសំណាងល្អ អ្នកបើកបររថយន្តតាក់ស៊ី បានប្រើល្បិចសុំទិញទឹកផឹក រួចស្រែកហៅប្រជាពលរដ្ឋឱ្យជួយចាប់ក្របួចជនជាតិចិន នោះជាប់ ប្រគល់ឱ្យសមត្ថកិច្ច។

ការឃាត់ខ្លួនជនជាតិចិន ប្លន់អ្នកបើករថយន្តតាក់ស៊ីនេះ បានធ្វើឡើង កាលពីវេលាម៉ាង១២និង១៧នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងភូមិចម្ការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ជនសង្ស័យដែលត្រូវបានប្រជាពលរដ្ឋ និងតៃកុងរថយន្តតាក់ស៊ី ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ច មានឈ្មោះ LIU XIAOQIANG ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EN 2866817 ស្នាក់នៅក្នុងខេត្តព្រះសីហនុ។ ចំណែកជនរងគ្រោះ ជាម្ចាស់រថយន្តតាក់ស៊ី គ្រោះ មានឈ្មោះហ៊ាន ធឹម ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅរាជធានីភ្នំពេញ និងមានស្រុកកំណើតនៅក្នុងភូមិជើងទឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ  ខេត្តកំពង់ចាម។

តាមសម្តីជនរងគ្រោះ ជាម្ចាស់រថយន្តតាក់ស៊ី បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ មានជនជាតិចិន ម្នាក់ (ជនសង្ស័យខាងលើ) បានម៉ៅតាក់ស៊ីរបស់គាត់ ឱ្យដឹក ចេញពីខេត្តព្រះសីហនុ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយធ្វើដំណើរតាមផ្លូវល្បឿនលឿន។ លុះពេលធ្វើដំណើរមកដល់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦០ ស្រាប់តែជនជាតិចិន នោះ បានដកយកទូរស័ព្ទរបស់គាត់ និងបានស្រែកគំរាមសម្លុតបញ្ជាឱ្យគាត់បើករថយន្តបត់មកទិសខាងលិចវិញ តាមផ្លូវជាតិលេខ៤ ដើ ម្បីរកកន្លែងស្ងាត់ ធ្វើសកម្មភាពប្លន់ ធ្វើឱ្យគាត់បើកបរទាំងមានការភិតភ័យ។ លុះដល់បង្គោលគីឡូម៉ែត្រលេខ៩០-៩១ ស្ថិតក្នុងភូមិចម្ការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច គាត់ប្រទះឃើញមានកន្លែងលក់ដូរមួយ ទើបប្រើល្បិចឈប់រថយន្ត ប្រាប់ជនសង្ស័យថា ឈប់ចុះទិញទឹកផឹកសិន ដោយឃើញឱកាសល្អ គាត់ក៏ប្រាប់អ្នកលក់ដូរ និងប្រជាពលរដ្ឋដែលរស់នៅទីនោះ ឱ្យជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យ ជនជាតិចិននោះបាន និងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំយាយម៉ៅពេជ្រនិល មកទទួលយកតែម្តង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិត ធ្ងន់ សហការជាមួយនគរបាលស្រុកភ្នំស្រួច ចុះឃាត់ខ្លួនជនសង្ស័យ និងដកហូតម្សៅក្រាម សង្ស័យគ្រឿង ញៀន ច្រកក្នុងថង់ផ្លាស្ទិក ចំនួន១ថង់តូច។

ជនសង្ស័យ ជាជនជាតិចិន ខាងលើ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់៕

RELATED ARTICLES