Thursday, February 5, 2026
Homeសន្ដិសុខសង្គមប៉ូលិសចរាចរណ៍ ចាប់ផ្តើមផាកពិន័យទៀតហើយ!

ប៉ូលិសចរាចរណ៍ ចាប់ផ្តើមផាកពិន័យទៀតហើយ!

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានប្រកាសចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ នេះតទៅ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា ក្នុងរយៈពេល ១៦០ថ្ងៃ (គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥) ក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ ការត្រួតពិនិត្យការអនុវត្តច្បាប់ ត្រូវបានបន្ធូរបន្ថយមួយរយៈ។ ក្នុងរយៈពេលនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ៣៤លើក ស្មើ៣ភាគរយ អ្នកស្លាប់កើន៦២នាក់ ស្មើ១០ភាគរយ និងអ្នករបួសកើន ២០៩នាក់ ស្មើ១៥ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ ជាពិសេសរយៈពេល ១ខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍កើន ៤២លើក ស្មើ១៩ភាគរយ អ្នកស្លាប់ កើន២៥នាក់ ស្មើ១៨ភាគរយ និងអ្នករបួស កើន ៦៤នាក់ ស្មើ២៣ភាគរយ។ មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ៖ ការបើកបរល្មើសល្បឿន ៤៧ភាគរយ មិនគោរពសិទ្ធិ ២១ភាគរយ មិនប្រកាន់ស្តាំ ១០ភាគរយ ប្រជែងគ្រោះថ្នាក់ ៧ភាគរយ បត់គ្រោះថ្នាក់ ៦ភាគរយ ស្រវឹង ៣ភាគរយ សញ្ញាចរាចរណ៍ ២ភាគរយ កត្តាយាន ១ភាគរយ ងងុយ ១ភាគរយ និងកត្តាផ្លូវ ១ភាគរយ។

ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា និងផែនការទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២០-២០៣០ ឱ្យសម្រេចបានជោគជ័យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោក កាន់តែមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ នៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ឱ្យបានជាអតិបរមា។

ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៦ នេះតទៅ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សង្ឃឹមនិងជឿជាក់ថា គ្រប់ក្រសួង ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ ឯកជន សង្គមស៊ីវិល និងសាធារណជនគ្រប់រូប ដែលជាអ្នកប្រើប្រាស់ផ្លូវ នឹងចូលរួមចំណែកយ៉ាងសកម្មដោយស្មារតីស្វ័យម្ចាស់ការ ការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ ខ្ពស់ ដើម្បីកាត់បន្ថយនូវព្យសនកម្មផ្សេងៗដោយសារគ្រោះថ្នាក់ ស្របតាមផែនការដែលបានគ្រោងទុក និងនាំមកនូវសុវត្ថិភាពកាន់តែល្អប្រសើរ ក្នុងការធ្វើដំណើរគ្រប់កាលៈទេសៈ និងស្របតាមពាក្យស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍”៕

RELATED ARTICLES