Wednesday, July 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ត្រីបើកឡានទំនើបតាមផ្លូវ ភ្លើងឆេះហ្មត់

ស្ត្រីបើកឡានទំនើបតាមផ្លូវ ភ្លើងឆេះហ្មត់

ខេត្តកំពង់ស្ពឺ ៖ រថយន្តទំនើប ១គ្រឿង កំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៩-៦០ ស្ថិតក្នុងភូមិទួលថ្មី ឃុំមហាសាំង ស្រុកភ្នំស្រួច។

រថយន្តដែលរងការឆាបឆេះ ម៉ាក HYUNDAI ប្រភេទរថយន្តស្ព័រ (ACCENT) ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AG-5118 អ្នកបើកបរ ត្រូវបានស្គាល់ថា ជាជនជាតិចិន យោងតាមលិខិតឆ្លងដែន EM3775809 ឈ្មោះ LIU YAN ភេទស្រី អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិក្អែកពង ឃុំតាំងស្យា ស្រុកភ្នំស្រួច។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ដែលបានដឹកនាំកម្លាំងចុះអន្តរាគមន៍ដោយផ្ទាល់ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើ បានបើកបរពីទិសខាងលិច ទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបានជួបឧបទ្ទវហេតុភ្លើងឆាបឆេះចេញពីផ្នែកខាងមុខរថយន្ត ពេលនោះអ្នកបើកបរមានការភ័យស្លន់ស្លោ បានបញ្ជាយានយន្តអែបខាងស្តាំដៃនៃចិញ្ចើមផ្លូវ និងបានស្នើសុំកិច្ចអន្តរា គមន៍ពីកម្លាំងនគរបាលខេត្តកំពង់ស្ពឺ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងខាងលើ និងបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ចុះបាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹកអស់ ១ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង (ភ្លើងរលត់) ដោយមិនបង្កឱ្យមានអ្នករងគ្រោះថ្នាក់នោះឡើយ គ្រាន់តែខូចខាតរថយន្តទំនើបខាងលើ ស្ទើរទាំងស្រុង៕

RELATED ARTICLES