ភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ កំពុងតែផ្សារដែក ស្រាប់តែធ្លាក់កម្ទេចផ្កាភ្លើងលើស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បង្កជាអគ្គិភ័យ ឆាបឆេះនៅជាន់ទី៣ ក្នុងសង្កាត់អូរឫស្សីទី៣ បង្កការខូចខាតសម្ភារៈមួយចំនួន និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចុះជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៤៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចផ្ទះជាន់ទី៣ តាមបណ្តោយផ្លូវ១០៩ កែង២១៧ ក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧ មករា។
តាមប្រភពប្រជាពលរដ្ឋក្បែរខាង បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់កំពុងផ្សារដែក ស្រាប់ តែរំពេចនោះ កម្ទេចភ្លើងបានធ្លាក់ចំប៉ាណូផ្សាយពាណិជ្ជកម្ម បង្កឱ្យមានការឆាបឆេះ និងធុំក្លិនឈ្ងៀមចេញពីផ្ទះកើតហេតុ រួចក៏មានផ្សែងខ្មួលខ្មាញ់ហុយចេញមកក្រៅ ធ្វើឱ្យកើតមានការផ្អើលឆោឡោឡើងតែម្តង ដោយមានសំឡេងស្រែកចេញពីខាងក្នុងផ្ទះជាន់ទី៣ ធ្វើឱ្យមានការឆោឡោដល់ប្រជាពលរដ្ឋ រាយការណ៍ជូនសមត្ថ កិច្ច ចុះជួយអន្តរាគមន៍ និងទាក់ទងទៅកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយមិនមានការឆាបឆេះរាលដាលនោះទេ។

អគ្គិភ័យខាងលើ បានឆាបឆេះផ្ទះជាន់ទី៣ ប្រភេទថ្ម និងធ្វើឱ្យរងការខូចខាតសម្ភារៈមួយចំនួន តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡើយ៕