ខេត្តសៀមរាប ៖ ជនសង្ស័យចំនួន២នាក់ អត់មានលុយទិញថ្នាំញៀនប្រើប្រាស់ ក៏បែកគំនិតធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង បានសម្រេច តែក្រោយមក ជនរងគ្រោះប្តឹងកម្លាំងជំនាញអាវុធហត្ថជួយអន្តរាគមន៍ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

តាមប្រភពកងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានទទួលបណ្តឹងផ្ទាល់មាត់ពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីលួច ដែលបង្កឡើងដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពលួចយកម៉ូតូ នៅចំណុចភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប។

ភ្លាមៗបន្ទាប់ពីទទួលបណ្តឹង កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជាក់ស្តែង បានជនសង្ស័យចំនួន២នាក់ នាំយកមកស្តាប់ចម្លើយអំពីរឿងហេតុ និងចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង២នាក់ មានឈ្មោះ ថា ផាត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន) និងម្នាក់ទៀតឈ្មោះវេង ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។

ក្រោមវិធានការជំនាញ ជនសង្ស័យទាំង០២នាក់ បានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនបានលួចម៉ូតូពិតប្រាកដ មែន និងធ្លាប់ប្រើប្រាស់គ្រឿងញៀនផងដែរ។
ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូ ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ៕