ខេត្តមណ្ឌលគិរី ៖ កម្លាំងសមត្ថកិច្ចប្រឆាំងគ្រឿងញៀន បានធ្វើការបង្ក្រាបជនសង្ស័យ ចំនួន៤នាក់ ក្នុងករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ដោយដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន១១កញ្ចប់ និងកាំភ្លើងច្នៃ ១ដើម។

ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៥ នៅត្រង់ចំណុចផ្លូវក្រវាត់របស់ក្រុមហ៊ុនភេស៊ីហ្វិច (ព្រៃខៀវ) ស្ថិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឡី វឿន ហៅម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិអូព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បច្ចុប្បន្នរស់ នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក (មានសារធាតុ ញៀន)។ ទី២-ឈ្មោះខែម វុទ្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខ របរមិនពិតប្រាកដ រស់នៅភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ (មានសារធាតុញៀន)។ ទី៣-ឈ្មោះឡឹក វាសនា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុ បច្ចុប្បន្នស្នាក់នៅភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក (មានសារធាតុញៀន) និងទី៤-ឈ្មោះផល ភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិខ្សឹម ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ (មានសារធាតុញៀន)។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១១និង២៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកោះញែក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរយ៉ និងកម្លាំងប្រជាការពារ បានចុះធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន មួយកន្លែង ស្ថិតនៅតាមផ្លូវភូមិក្រវាត់របស់ក្រុមហ៊ុនភេស៊ីហ្វិច (ព្រៃខៀវ) ស្ថិតក្នុងភូមិរវ៉ាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ប្រភពដដែល បន្តថា លុះកម្លាំងសមត្ថកិច្ចជំនាញចុះល្បាតក្នុងភូមិសាស្ត្រខាងលើ ក៏ប្រទះឃើញមុខសញ្ញាគួរឱ្យសង្ស័យ ហើយក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ យកមកធ្វើការសាកសួរ និងបានធ្វើការឆែកឆេរខ្លួនរបស់ជនសង្ស័យ ឈ្មោះឡី វឿន ហៅម៉ៅ ក៏បានធ្វើការដកហូតបាននូវសារធាតុគ្រឿងញៀន ចំនួន១កញ្ចប់តូច។
បន្ទាប់មក ក្រោយពីបានចម្លើយសារភាពពីជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងជំនាញ បានបន្តនីតិវិធីចុះធ្វើការស្រាវជ្រាវ និងបានចាប់ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យក្នុងករណីជួញដូរនូវសារធាតុញៀន ចំនួន២ នាក់ទៀត ហើយធ្វើការឆែកឆេរខ្លួនជនសង្ស័យ ឈ្មោះផល ភ័ណ្ឌ ក៏បានដកហូតបានគ្រឿងញៀន ចំនួន ១០កញ្ចប់។

ក្នុងប្រតិបត្តិការក្នុងការបង្ក្រាបជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យ សរុបចំនួន៤នាក់ (១-ឈ្មោះឡី វឿន ហៅម៉ៅ ២-ឈ្មោះខែម វុទ្ធី ៣-ឈ្មោះឡឹក វាសនា ៤-ឈ្មោះផល ភ័ណ្ឌ) ព្រមទាំងដកហូតបាន វត្ថុតាងរួមមាន ១-ក្រាមពណ៌សថ្លា ជាគ្រឿងញៀន (មេតំហ្វេតាមីន) ចំនួន១១កញ្ចប់ (៩កញ្ចប់តូច ២កញ្ចប់ធំល្មម) ទម្ងន់១១,៤៨ក្រាម (ថ្លឹងទាំងសំបកថង់)។ ២-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន មួយចំនួន។ ៣-អាវុធកែច្នៃ ហៅ (កាំភ្លើងឆ្នុកដូង) ចំនួន១ដើម ប្រើរំសេវបាញ់គ្រាប់ខ្លីដែក កំ ណាត់ដែក និងរំសេវផ្ទុះ។ ៤-គ្រាប់ពីដាង ១១គ្រាប និងកំណាត់ដែក ចំនួន១៤។ ៥-ម៉ូតូឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង។ ៦-ទូរស័ព្ទដៃ ម៉ាក iPhone ពណ៌ទឹកប៊ិកចាស់ ១គ្រឿង។ ៧-រំសេវផ្ទុះ ចំនួន២កំប៉ុង។ ៨-ផាវ (ផាវគ្រាប់បែក) ចំនួន២គ្រាប់។
ជនសង្ស័យទាំង៤នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕