ភ្នំពេញ ៖ លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់អគ្គនាយកដ្ឋានអន្តោ ប្រវេសន៍ រួមទាំងអ្នកពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់ពិនិត្យផ្ទៀងផ្ទាត់ និងក្តាប់ឱ្យបាននូវចំនួនជនបរទេសដែលបានធ្វើដំណើរចូលមកកម្ពុជា ត្បិតមានចំនួនច្រើន ប៉ុន្តែអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ត្រូវបង្កើនការប្រុងប្រយ័ត្ន ដោយចាត់វិធានការតាមដាននិងស៊ើបបញ្ជាក់ថា តើចំនួនជនបរទេសជាច្រើនទាំងនេះ ជាពិសេសគឺជនជាតិថៃ តើជាភ្ញៀវទេសចរ ឬចូលមកធ្វើសកម្មភាពផ្សេងៗ ដែលក្នុងនោះអាចលបលួចធ្វើការងារពាក់ព័ន្ធនឹងល្បែងអនឡាញ និងការឆបោកតាមប្រព័ន្ធអនឡាញផងដែរ។

ការថ្លែងរបស់លោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមក្នុងកិច្ច ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។

ក្នុងឱកាសនេះលោកបណ្ឌិត គៀត ច័ន្ទថារិទ្ធ ជំរុញដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ គួររៀបចំបង្កើតក្រុមសវនកម្មផ្ទៃក្នុង ដើម្បី ចុះត្រួតពិនិត្យសកម្មភាពការងារនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិនានា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីនគរបាលអន្តោ ប្រវេសន៍ ឱ្យរឹតតែល្អប្រសើរ។

ជាមួយគ្នានេះលោកក៏បានណែនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍គ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត ដោយប្រុងប្រយ័ត្នខ្ពស់ ទោះបីកម្ពុជាអនុវត្តគោលនយោបាយបើកចំហជើងមេឃក្តី៕