Tuesday, July 22, 2025
Homeសន្ដិសុខសង្គមជួលកាមេរ៉ា ១១គ្រឿង លក់បាន៤ម៉ឺនដុល្លារ

ជួលកាមេរ៉ា ១១គ្រឿង លក់បាន៤ម៉ឺនដុល្លារ

ភ្នំពេញ ៖ យុវជនម្នាក់ បានធ្វើសកម្មភាពដើរជួលកាមេរ៉ាថតរូប និងលែន ដែលមានតម្លៃថ្លៃៗ (រាប់ពាន់ដុល្លារ) បានចំនួន ១១គ្រឿង រួចយកទៅលក់នៅហាងកាមេរ៉ាផ្សេងៗគ្នា ជាបន្តបន្ទាប់ បានប្រាក់សរុបជាង ៤ម៉ឺនដុល្លារ ទីបំផុតត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ា មួយកន្លែង ស្ថិតនៅតាមផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះជា លឹមហេង ភេទប្រុស អាយុ២០ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើ ឡើងបន្ទាប់ពីជនសង្ស័យ បានដើរជួលកាមេរ៉ាថតរូប សរុប១១គ្រឿង រួមនិងលែនកាមេរ៉ា ជាច្រើនទៀត ពីជនរងគ្រោះ ចំនួន៩នាក់ ហើយយកទៅលក់ តាមហាងកាមេរ៉ា ខុសៗគ្នា ក្នុងតម្លៃ ១គ្រឿងៗ ចាប់ពី១២៥០ ដុល្លារ រហូតដល់២២៥០ដុល្លារ តាមម៉ាករបស់កាមេរ៉ានីមួយៗ សរុបបានលុយចំនួន ៤០ ៤៤៤ដុល្លារ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះជា លឹមហេង បានឆ្លើយសារភាពថា ខ្លួនពិតជាបានដើរជួលកាមេរ៉ា រួចយកទៅលក់ប្រាកដមែន ដោយទើបតែចាប់ផ្តើមប្រព្រឹត្តសកម្មភាពដូចខាងលើ ចាប់តាំងពីខែឧសភា ឆ្នាំ២០២៥ ហើយក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES