Wednesday, July 23, 2025
Homeសន្ដិសុខសង្គមឡានសណ្តោងដាច់កន្ទុយរ៉ឺម៉ក ក្រឡាប់សង្កត់របងផ្ទះ

ឡានសណ្តោងដាច់កន្ទុយរ៉ឺម៉ក ក្រឡាប់សង្កត់របងផ្ទះ

ភ្នំពេញ ៖ រថយន្តធុនយក្សសណ្តោងរ៉ឺម៉ក ១គ្រឿង ដឹកគ្រាប់ជ័រ រាប់រយបាវ (មានទម្ងន់រាប់តោន) គ្របតង់ជិត បើកចុះពីលើផ្លូវជាតិ បត់ចូលទៅកាន់ផ្លូវបេតុង ដើម្បីយកជ័រ ទៅដាក់នៅក្នុងរោងចក្រផលិតដបទឹកសុទ្ធ មួយកន្លែង លុះដឹកធ្ងន់ពេក ចុះផ្លូវរាងចោតបន្តិច ក៏ធ្វើឱ្យដាច់កន្ទុយរ៉ឺម៉ក ក្រឡាប់សង្កត់របងផ្ទះអ្នកភូមិ តែសំណាងល្អ មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រាះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៤ កែងផ្លូវបេតុងសង្កាត់រលួស ខណ្ឌដង្កោ។

រថយន្តបង្កហេតុ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-2405 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញរថយន្តសណ្តោងរ៉ឺម៉ក ១គ្រឿង ខាងលើ ដឹកទំនិញ គ្របតង់ជិត ដោយមិនបានដឹងថាជាទំនិញអ្វីនោះទេ បានបើកបរធ្វើដំណើរតាមផ្លូវលេខ១០៤ ចេញពីរង្វង់មូលកួរស្រូវ ក្នុងទិសដៅពីកើត ទៅលិច។ ដោយនៅក្នុងកាប៊ីនរថយន្តនោះ មានមនុស្សចំនួន៣នាក់ ក្នុងនោះរួមមានអ្នកបើកបរម្នាក់ និងព្រូម្នាក់ ព្រមទាំងកម្មករម្នាក់ផងដែរ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ស្តាំ ចុះពីលើផ្លូវលេខ១០៤ ចូលផ្លូវតាមបេតុងចូលទៅរោងចក្រផលិតដបទឹកសុទ្ធ។

ប្រភពដដែល បន្តថា ខណៈនោះ ដោយសារតែផ្លូវរាងចោតបន្តិច ក៏បានធ្វើឱ្យរថយន្តផ្អៀងកង់១ចំហៀង រួមនិងការផ្ទុកធ្ងន់ពេកផង ក៏បណ្តាលឱ្យដាច់តម្ពក់កន្ទុយរ៉ឺម៉ក ក្រឡាប់សង្កត់របងស័ង្កសីផ្ទះអ្នកភូមិ ទាំងកំរោលតែម្តង។ មិនតែប៉ុណ្ណោះ បានក្រឡាប់កាត់ទទឹង បិទផ្លូវបេតុង នោះជិត មិនអាចឱ្យអ្នកដំណើរចេញចូលបានឡើយ ប៉ុន្តែសំណាងដែរ ដែលពេលនោះមិនបានសង្កត់លើអ្នកដំណើរណាម្នាក់នៅក្បែរនោះឡើយ។

តាមសម្តីយុវជនម្នាក់ដែលជាព្រូរថយន្តខាងលើ បានឱ្យដឹងថា រថយន្តនោះ ដឹកគ្រាប់ជ័រ ចេញពីក្រុងបាវិត ខេត្តស្វាយរៀង ព្រំដែនកម្ពុជា-វៀតណាម ហើយខណៈពេលទៅដល់ត្រង់ចំណុចកើតហេតុ បានបត់ស្តាំ ចូលទៅ កាន់រោងចក្រផលិតសំបកដបផ្សេងៗ ដូចជា ដបទឹកសុទ្ធ ជាដើម ស្រាប់តែដាច់តម្ពក់កន្ទុយរ៉ឺម៉ក បណ្តាលឱ្យក្រឡាប់បែបនេះតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខណ្ឌដង្កោ បានចុះទៅកាន់ទីនោះ ជួយសម្រួលការធ្វើដំណើរចេញចូលរបស់អ្នកភូមិខាងលើ។ បន្ទាប់មក បានឱ្យខាងតំណាងក្រុមហ៊ុនរថយន្តខាងលើ ចុះមកដោះ ស្រាយជាមួយម្ចាស់របងផ្ទះ ដើម្បីបញ្ចប់រឿង រួចស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES