Saturday, July 26, 2025
Homeព័ត៌មានជាតិក្រសួងវប្បធម៌កម្ពុជា ថ្កោលទោសទាហានថៃ បាញ់បំផ្លាញបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌កម្ពុជា ថ្កោលទោសទាហានថៃ បាញ់បំផ្លាញបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើឈ្លានពានរបស់កងទ័ពថៃ ដែលបានបាញ់បំផ្លាញប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជា មរតកវប្បធម៌ប្រវត្តិសាស្ត្រ ដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

សេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ថ្កោលទោសចំពោះកងកម្លាំងប្រដាប់អាវុធរបស់ព្រះរាជាណាចក្រថៃ ដែលបានរំលោភបំពានលើអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងការបំផ្លាញបេតិកភណ្ឌពិភពលោក មានខ្លឹមសារទាំស្រុងថា «ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធនៃព្រះរា ជាណាចក្រថៃ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យប៉ះពាល់និងបំផ្លិចបំផ្លាញទីតាំងជុំវិញ និងរចនា សម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ បេតិកភណ្ឌពិភពលោក និងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។

ការវាយប្រហារដោយមិនញញើត ជាមួយនឹងការប្រើប្រាស់ការបាញ់ផ្លោងកាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើអាកាស គឺជាការបំពានយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន ជាពិសេស មិនគោរពទៅតាមអនុសញ្ញាអន្តរជាតិនានា ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ ជាអាទិ៍ ៖

-អនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ នៃជម្លោះប្រដាប់អាវុធ

-ពិធីសារទីពីរ ឆ្នាំ១៩៩៩ នៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចការពារនិងគណនេយ្យភាពលើបេតិកភណ្ឌវប្បធម៌

-អនុសញ្ញាអង្គការយូណេស្កូ ឆ្នាំ១៩៧២ ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិទាំងនេះ ប្រទេសថៃ មានកាតព្វកិច្ចគោរព ការពារ និងអភិរក្សបេតិក ភណ្ឌវប្បធម៌ ហើយត្រូវចៀសវាងការប្រើប្រាស់យោធា ការវាយប្រហារ ឬការបង្កគ្រោះថ្នាក់ដល់តម្លៃលេចធ្លោ ជាសកលរបស់បេតិកភណ្ឌ។ ការកំណត់គោលដៅវាយប្រហារដោយចេតនា ការបំផ្លិចបំផ្លាញសម្បត្តិវប្បធម៌ និងការរំលោភលើច្បាប់អន្តរជាតិ គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

សកម្មភាពឈ្លានពានរបស់ថៃ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់រចនាសម្ព័ន្ធប្រាសាទដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការមិនគោរពកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិ ពីសំណាក់ប្រទេសថៃ ផងដែរ។

ការខូចខាតប្រាសាទព្រះវិហារ គឺជាសោកនាដកម្មផ្នែកវប្បធម៌និងសីលធម៌ ដែលគំរាមកំហែងដល់ការខូចខាតទាំងបេតិកភណ្ឌពិភពលោក និងអត្តសញ្ញាណជាតិរបស់ប្រជាជនកម្ពុជា។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពបាញ់ផ្លោងមកលើតំបន់ប្រាសាទព្រះវិហារ និងតំបន់ការពារប្រាសាទនេះ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងធ្វើការវាយតម្លៃលម្អិត ចងក្រងឯកសារពាក់ព័ន្ធ រួមទាំងការខូចខាតនានា ស្របតាមនីតិវិធីអន្តរជាតិ ដើម្បីទាមទារយុត្តិធម៌ និងសំណងតាមផ្លូវច្បាប់អន្តរជាតិ ជាធរមាន ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការអន្តរជាតិ ដើម្បីអនុវត្តវិធានការការពារទាំងអស់ដែលមានចែងនៅក្នុងពិធីសារទីពីរ នៃអនុសញ្ញាទីក្រុងឡាអេ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តមិនងាករេ ក្នុងការការពារនិងអភិរក្សបេតិកភណ្ឌវប្បធម៌ ទោះជាកំពុងស្ថិតក្នុងស្ថានភាពទទួលរងការឈ្លានពានប្រដាប់អាវុធពីប្រទេសជិតខាងក៏ដោយ»។

គួរបញ្ជាក់ថា ទាហានថៃឈ្លានពាន បានបង្កសង្គ្រាម នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ បាញ់រះមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា និងបានពន្លាតការវាយប្រហារដល់ខេត្តព្រះវិហារ ដោយប្រើប្រាស់អាវុធគ្រប់ប្រភេទ រាប់ទាំងគ្រាប់ផ្លោង កាំភ្លើងធំ និងការទម្លាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី គោបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារ ដែលនេះជាឧក្រិដ្ឋកម្មសង្គ្រាមដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងបេតិ កភណ្ឌពិភពលោក និងជាការរំលោភបំពានច្បាប់អន្តរជាតិ៕ ខៀវទុំ

RELATED ARTICLES