ភ្នំពេញ ៖ លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញអំពីរូបភាពនៃការប្រព្រឹត្តអំពើហិង្សាពីសំណាក់ក្រុមជ្រុលនិយមថៃមកលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ ដែលជាអំពើមិនអាចទទួល យកបាន និងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការវិជ្ជាជីវៈរបស់និយោជក អង្គការវិជ្ជាជីវៈរបស់កម្មករ និយោជិត និងអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី “ការត្រួតពិនិត្យប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជា ឆ្នាំ២០២៤-២០២៨” នៅសណ្ឋាគារកាំបូឌីយ៉ាណា។
ជាមួយគ្នានេះ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើលិខិតចំហ ជូនម្ចាស់ម៉ាក អ្នកបញ្ជាទិញ ដែលទិញទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផលនិងសេវាកម្មថៃ អំពីការកើនឡើងនូវអំពើហិង្សា មកលើពលករទេសន្តរប្រវេសន៍ នៅប្រទេសថៃ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ។
នៅក្នុងលិខិតចំហនោះ បានបញ្ជាក់ថា ចំពោះការកើនឡើងនៃករណីអំពើហិង្សា និងការគំរាមកំហែងលើកម្មករចំណាកស្រុក នៅប្រទេសថៃ ដែលបានប្រព្រឹត្តឡើងថ្មីៗនេះ ដោយក្រុមជ្រុលនិយមថៃ សបញ្ជាក់តាមវីដេអូចាក់ផ្សាយអំពីហេតុការណ៍ច្រើនករណី អំពីការវាយ ប្រហារនិងធ្វើទុក្ខបុកម្នេញ បានចែករំលែកយ៉ាងទូលំទូលាយលើបណ្តាញសង្គម ដែលជនរងគ្រោះភាគច្រើនគឺជាពលករខ្មែរ។

តាមរយៈលិខិតដដែលនោះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់ម៉ាក និងអ្នក ទិញទាំងអស់ដែលផ្គត់ផ្គង់ទំនិញពីប្រទេសថៃ និងអ្នកប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ថៃ ឱ្យចូលរួមសកម្មភាពក្នុងការការពារសិទ្ធិនិងសុខុមាលភាពរបស់កម្មករ ចំណាកស្រុក។ ជាមួយគ្នានោះ ក្រសួង ស្នើឱ្យមានការអន្តរាគមន៍ភ្លាមៗ ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារដែលមានសុវត្ថិភាពនិងស្មើភាព សម្រាប់កម្មករចំណាកស្រុកទាំងអស់ នៅប្រទេសថៃ។
បន្ថែមលើនេះ ក្រសួងការងារ ក៏បានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ នៃព្រះរាជាណាចក្រថៃ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងទ្វេភាគីជាមួយកម្ពុជា និងឧបករណ៍ច្បាប់អន្តរជាតិ និងតំបន់ ដើម្បីធានាសុវត្ថិភាព កិត្តិយស និងការប្រព្រឹត្តអំពើយុត្តិធម៌ចំពោះកម្មករចំណាកស្រុកទាំងអស់ និងគ្រួសាររបស់ពួកគេ ដោយគ្មានការរើសអើងតាមសាសន៍ ឬស្ថានភាពណាមួយឡើយ។
ដោយឡែក កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសេចក្តីអំពាវ នាវ អំពីការទប់ស្កាត់ការរើសអើងនិងការប្រើហិង្សាលើបងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ នៅប្រទេសថៃ ដែលមានខ្លឹមសារទាំងស្រុងថា «ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់ឃើញថា មានការកើនឡើងនូវការរើសអើង ការប្រើហិង្សា និងការគំរាមកំហែងដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ បង្កឡើងដោយក្រុមជ្រុលនិយមថៃ ដែលត្រូវបានផ្សព្វផ្សាយ ចែករំលែក លើគណនីបណ្តាញទំនាក់ទំនងសង្គម ជាពិសេស ក្រោយពីពេលមានការឈ្លានពានខាងយោធាពីភាគីថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនេះ ក្រសួង បានសង្កេតឃើញថា មានការកើនឡើងការដាក់សម្ពាធលើពលករខ្មែរ ជាច្រើនទម្រង់ ដូចជាការគំរាមមិនផ្តល់ប្រាក់ខែ ដើម្បីបង្ខំឱ្យពលករខ្មែរ បន្តធ្វើការ បើទោះបីជាពលករខ្មែរ ស្នើសុំឈប់ពីការងារ ការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលករខ្មែរ និងការគំរាមកំហែងផ្សេងៗ រហូតធ្វើឱ្យពលករខ្មែរ មួយចំនួនមានការភ័យខ្លាច មិនហ៊ានចេញពីកន្លែងធ្វើការ ឬមិនហ៊ានធ្វើដំណើរចេញពីកន្លែងស្នាក់នៅ ដោយភ័យខ្លាចរងនូវអំពើហិង្សានានា។
ជាមួយនឹងការកត់សម្គាល់ទាំងនេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋនិងពលករខ្មែរ ដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ឱ្យវិលត្រឡប់មកប្រទេសកម្ពុជា វិញ។ ក្រសួងនិងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងបង្កើននិងផ្តល់ឱកាសការងារក្នុងប្រទេសជាច្រើន ជូនបងប្អូនពលករខ្មែរ ទាំងអស់ ក្រោយពេលវិលត្រឡប់មកដល់ប្រទេសកម្ពុជា វិញ និងធានានូវការទទួលបានការងារសមរម្យ របបសន្តិសុខសង្គម និងអត្ថប្រយោជន៍ផ្សេងៗ ទាំងនៅពេលកំពុងធ្វើការ ទាំងពេលចូលនិវត្តន៍។
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវទៅដល់អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏ដូចជាក្រសួង ការងារថៃ សូមធ្វើការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងមាត់ ដើម្បីដោះស្រាយករណីការរើសអើង និងការប្រើហិង្សាដែលបានកើតឡើងលើពលករខ្មែរ នាពេលកន្លង មក ព្រមទាំងដាក់ចេញនូវយន្តការបង្ការនិងទប់ស្កាត់ឱ្យបានច្បាស់លាស់និងប្រកបដោយប្រសិទ្ធភាព ក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិ ខាងការងារ និងអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍។
បងប្អូនពលករខ្មែរ ដែលរងការរើសអើង ឬអំពើហិង្សាណាមួយ ឬមានការសង្ស័យ ឬទទួលបានព័ត៌មានអំពីសកម្មភាពទាំងនេះនៅប្រទេសថៃ សូមទាក់ទងមក ៖
– ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងបាងកក ទូរស័ព្ទលេខ ៖ 02957 5851/092 805 0561 និងស្ថានអគ្គកុងស៊ុល នៅខេត្តស្រះកែវ ទូរស័ព្ទលេខ ៖ ០៨០ ៣៩៣៦៨៧៨,០៨៥ ០១២ ៣៦៦៨

– អនុព័ន្ធការងារនៅទីក្រុងបាងកក ទូរស័ព្ទលេខៈ 094 092 5905 / 094 416 5518/083 545 7788 / 092 299 0133 និងអនុព័ន្ធការងារនៅខេត្តស្រះកែវ ទូរស័ព្ទលេខ ៖ 062 089 8918/080 810 5505
– ការិយាល័យអង្គការអន្តរជាតិខាងការងារ ទូរស័ព្ទលេខ ៖ 02 288 1234
– ការិយាល័យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ទូរសព្ទលេខ ៖ 02343 9300/012 932 900
– មណ្ឌលធនធានពលករទេសន្តរប្រវេសន៍ នៅទីក្រុងបាងកក ទូរស័ព្ទលេខ ៖ 02 513 9242 /02 513 8959, នៅខេត្តឈៀងម៉ៃ ទូរស័ព្ទលេខ ៖ 053 811 202/053 271 551, និងនៅម៉េសិត ទូរស័ព្ទលេខ ៖ 055 535 994/055 536 015»។
គួរបញ្ជាក់ថា អំពើហិង្សាដែលបង្កឡើងដោយក្រុមជ្រុលនិយមថៃ មកលើពលករខ្មែរ រួមមាន ៖
១-ពលករខ្មែរ ចំនួន៣នាក់ ត្រូវបានវាយដោយក្រុមជ្រុលនិយមជិះម៉ូតូថៃ
២-ពលករខ្មែរ ធ្វើដំណើរទៅទិញម្ហូប ត្រូវក្រុមជ្រុលនិយមថៃ ស្ទាក់វាយ
៣-ក្រុមជ្រុលនិយមថៃ វាយពលករខ្មែរ ពេលចេញពីធ្វើការ
៤-ក្រុមជ្រុលនិយមថៃ គំរាមឱ្យពលករខ្មែរ និយាយតាម និងទះកំផ្លៀង
៥-ក្រុមជ្រុលនិយមថៃ បានសម្រុកចូលវាយពលករខ្មែរ ដល់ក្នុងបន្ទប់
៦-ក្រុមជ្រុលនិយមថៃ ចូលវាយពលករខ្មែរ ដល់ក្នុងការដ្ឋាន៕