Wednesday, July 30, 2025
Homeព័ត៌មានជាតិជិត១ម៉ឺននាក់ ហែក្បួនផ្តល់កម្លាំងចិត្តយុទ្ធជនជួរមុខ ការពារទឹកដី

ជិត១ម៉ឺននាក់ ហែក្បួនផ្តល់កម្លាំងចិត្តយុទ្ធជនជួរមុខ ការពារទឹកដី

ខេត្តមណ្ឌលគិរី ៖ មហាជន រួមនិងព្រះសង្ឃ នៅខេត្តមណ្ឌលគិរី ប្រមាណជិត១ម៉ឺនអង្គ-នាក់ បានជួបជុំប្រមូលផ្តុំគ្នា កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដង្ហែក្បួនបង្ហាញពីការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសផ្តល់កម្លាំងចិត្តដល់យុទ្ធជននៅសមរភូមិជួរមុខ ច្បាំងនឹងសត្រូវឈ្លានពាន ការពារបូរណភាពទឹកដី។

ក្នុងទឹកមុខរឹងមាំ ពោរពេញដោយកម្លាំងស្នេហាជាតិ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ប្រជា ពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន និស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិច បានដង្ហែក្បួនប្រឆាំងទាហានសៀម ដែលឈ្លានពានកម្ពុជា និងបំផ្លាញបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី ដោយក្បួនដង្ហែ ធ្វើឡើងតាមដងផ្លូវជាតិលេខ៧៦ ចាប់ពីនៅរង្វង់មូលគោព្រៃ ឆ្ពោះទៅវិមានឯករាជ្យ ក្រុងសែនមនោរម្យ។

ក្នុងក្បួនដង្ហែដែលមានប្រវែងជិត ២គីឡូម៉ែត្រ បានលើពាក្យស្លោកជាច្រើន ដែលប្រជាពលរដ្ឋបានកាន់ ហើយស្រែកថ្កោលទោសអំពើអមនុស្សធម៌របស់កងទ័ពសៀម មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ខណៈដែលចោរសៀម បានប្រើប្រាស់អាវុធធុនធ្ងន់ ផ្តាច់ផ្តិលអាយុជីវិតកងទ័ព និងប្រជាជនខ្មែរ ជាច្រើននាក់។

ក្រៅពីការអំពាវនាវដល់មជ្ឈដ្ឋានអន្តរជាតិ ជួយអន្តរាគមន៍ដល់ប្រទេសកម្ពុជា ពីការឈ្លានពានដ៏សាហាវឃោរឃៅ ពីសំណាក់ចោរសៀម ក្បួនមហាជន ក៏បានថ្លែងអំណរអបសារទរកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានច្បាំងផ្នែកការទូត រហូតធ្វើឱ្យសត្រូវបច្ចាមិត្ត ទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចូលជាធរមាន នាពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។

ទន្ទឹមនេះ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ ព្រះសង្ឃ អាជីវករ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុ សិស្ស និងបងប្អូនជនជាតិដើមភាគតិច ទូទាំងខេត្តមណ្ឌលគិរី ដែលនៅសមរភូមិជួរក្រោយ សូមរួមសុខរួមទុក្ខ លើកទឹកចិត្ត ផ្តល់កម្លាំងចិត្ត និងជួយគាំទ្រតាមគ្រប់រូបភាព ជូនដល់បងៗយុទ្ធជន វីរកងទ័ពដ៏ក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា គ្រប់ពេលវេលា៕

RELATED ARTICLES