ភ្នំពេញ ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ធនាគារជាតិនៃកម្ពុជា កំពុងស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ ដោយផ្ទាល់និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។

លោកស្រី ជា សិរី បានសរសេរក្នុងទំព័បណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា “ក្នុងពេលដែលយោធិនជួរមុខ កំពុងប្រយុទ្ធការពារបូរណភាពទឹកដី យើងខ្ញុំជួរក្រោយ ខិតខំតាមលទ្ធភាព ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងន័យនេះ អាទិភាពទី១ របស់សន្និបាតបូកសរុបនេះ គឺដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឆមាសទី១ និងដាក់ទិសដៅការងារសម្រាប់ឆមាសទី២ ក្នុងស្ថានភាពមិនប្រាកដប្រជានេះ។ អាទិភាពទី២ គឺស្វែងរកយន្តការដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋខ្មែរ ដែលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ…”។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយថ្នាក់ដឹកនាំសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ដែលជាថ្នាក់ដឹកនាំនៃធនាគារធំៗនៅកម្ពុជា ដើម្បីស្វែងរកយន្តការជួយសម្រាលបន្ទុកប្រជាពលរដ្ឋ៕