Thursday, July 31, 2025
Homeតារាខ្មែរតារា៤ដួង ផ្អាកច្រៀងរាំ

តារា៤ដួង ផ្អាកច្រៀងរាំ

ភ្នំពេញ ៖ ទោះជាសង្រ្គាមព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយទាហានថៃ ឈ្លានពានទឹកដីកម្ពុជា ត្រូវបានឯកភាពបទឈប់បាញ់គ្នា ចូលជាធរមានតាំងពីម៉ោង 24ៈ០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ទៅហើយក្ដី ប៉ុន្ដែកងទ័ពកម្ពុជា នៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងនៅរក្សារទីតាំងការពាររៀងៗខ្លួនដដែល ដោយមានទាំងរបួស និងពលីផង ដើម្បីការពារទឹកដី ខណ:ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ត្រូវភៀសសឹក ទៅកាន់កន្លែងសុវត្ថិភាព យ៉ាងលំបាកនោះ ទើបតារាចម្រៀង ៤ដួង បានប្រកាសផ្អាកច្រៀងរាំ ព្រោះតែអារម្មណ៍មិននៅលើឆាក នៅតែជាមួយកងទ័ពជូរមុខ និងជនរួមជាតិកម្ពុជា។

 ១- ពេជ្រ សោភា ៖ តារាចម្រៀង ពេជ្រ សោភា បានប្រកាសលុបចោលការច្រៀងនៅTemple Club នៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដោយហេតុផលថា នាងមិនអាចឈរច្រៀងសប្បាយបានទេ ព្រោះប៉ះពាល់ផ្លូវអារម្មណ៍ខ្លួនឯង ដោយសារកងទ័ពកំពុងតែការពារទឹកដី ប្រទេសជាតិ កំពុងជួបបញ្ហា។ សោភា សង្ឃឹមថា ម្ចាស់កម្មវិធី នឹងយោគយល់ដល់រូបនាង ហើយពេលនេះនាងមិនទាន់វិលទៅច្រៀងនៅឆាកផ្សេងៗទៀតទេ។ ប៉ុន្ដែកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នាងបាននាំយកអំណោយសប្បុរសជន តាមរយៈមូលនិធិរបស់នាង ទៅជួយដល់កងទ័ពនិងពលរដ្ឋដែលភៀសសឹក ទៅចែកដោយផ្ទាល់ នៅតាមតំបន់ព្រំដែន ជំនួសឲ្យការច្រៀងរាំតាមឆាកតន្រ្ដី។ មុនយកអំណោយទៅចែកដោយផ្ទាល់ ជូនដល់កងទ័ពនិងពលរដ្ឋនៅតាមព្រំដែន សោភា ក៏បានឧបត្ថម្ភទឹកប្រាក់ចំនួន២៥០០ដុល្លារ ដល់រដ្ឋាភិបាល ក្នុងគ្រាមានអាសន្ននេះដែរ ។

២- យក់ ថិតរដ្ឋា ៖ ភរិយាលោកឃុំ ប៉ុណ្ណាដែត បានប្រកាសកាលពីពេលថ្មីៗនេះថានាងសូមធ្វើការផ្អាកប្រគំតន្រ្ដីនានា មួយរយៈ និងសូមអភ័យទោសដល់ម្ចាស់ Pub និង Fan របស់ខ្លួនផងដែរ។ យក់ ថិតរដ្ឋា ដែលទើប សម្រកទម្ងន់បានដល់ទៅ ១៨គីឡូ ពី៦៥គ.ក្រ មកត្រឹម ៤៧គ.ក្រ  នោះ មានទីផ្សារសិល្បៈឡើងវិញ ដោយមុននេះបានចេញកាលវិភាគ(Schedule) ច្រៀងជាច្រើនកម្មវិធី។ ប៉ុន្ដែពេលនេះនាងបានផ្អាកទៅវិញ ព្រោះមិនចង់ច្រៀងរាំសប្បាយនៅលើឆាក ពេលកងទ័ពកម្ពុជា កំពុងប្រឈមមុខជាមួយទាហានសៀម ។ អ្នកនាងរដ្ឋា មិនទាន់កំណត់ពេលវេលាវិលមករកឆាកតន្រ្ដីសាជាថ្មីវិញឡើយ ។

៣- សុខ ពិសី ៖ ទោះជាមិនបានប្រកាសផ្អាកច្រៀងតាមឆាកតន្រ្ដី ប៉ុន្ដែកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រូបភាពសុខ ពិសី ច្រៀងនៅ Pub មួយត្រូវបានគេចែកចាយ ហើយគេឃើញនាងបានស្រក់ទឹកភ្នែក ពេលកំពុងច្រៀង ព្រោះអាណិតកងទ័ពកម្ពុជា ប្ដូរជីវិតការពារទឹកដី ។ ប្រភពបានឲ្យដឹងថា កម្មវិធីនោះពិសី ត្រូវច្រៀង ៥បទ តែដោយសារនាងគ្មានអារម្មណ៍ច្រៀង ទើបច្រៀងតែមួយបទ ក៏ឈប់ ហើយម្ចាស់កម្មវិធីក៏យោគយល់ដល់នាងដែរ។តាមព័ត៌មានថា ពិសី ក៏ផ្អាកច្រៀងសម្ដែងមួយរយៈដែរ រង់ចាំដល់ស្ថានការណ៍ស្រុកទេស វិលមករកភាពប្រកតីសិន ទើបនាងឡើងឆាកវិញ ខណៈដែលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ពិសី បានបរិច្ចាគទឹកប្រាក់ ចំនួន៥ពាន់ដុល្លារ ជួយដល់ជនភៀសសឹក ដែលត្រូវការស្បៀងបន្ទាន់។

 ៤- ពេជ្រ សូលីកា ៖ តាមពិតពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ បានប្រកាសតាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថានាងផ្អាកច្រៀងរាំមួយខែ ដើម្បីលម្ហែខួរក្បាល ប៉ុន្ដែដោយសារការសម្រាករបស់នាង ចំពេលដែលតំបន់ព្រំដែនកម្ពុជា កំពុងតែមានបញ្ហាវិវាទ ប្រឈមដាក់គ្នាដោយអាវុធ រវាងកងទ័ពកម្ពុជា និងកងទ័ពឈ្លានពានសៀម នោះ ទើបពេលនេះ សូលីកា អាចពន្យារពេលវិលរកឆាកតន្ត្រី លើសពីមួយខែ ។ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សូលីកា បានដឹកនាំក្បួនថ្មើរជើងសន្ដិភាព នៅខេត្តសៀមរាប ដើម្បីប្រឆាំងពីការឈ្លានពានរបស់សៀម បន្ទាប់ពីបានធ្វើនៅភ្នំពេញ រួចហើយ កាលពីថ្ងៃទី២៧ ខែកក្កដា ៕

RELATED ARTICLES