ខេត្តកណ្តាល ៖ គូសង្សារមួយគូ បានសម្ងំលក់ថ្នាំញៀននៅក្នុងព្រៃ ១កន្លែង ដោយមានអ្នកចូលទៅទិញប្រើប្រាស់ជាប្រចាំ លុះក្រោយ មកកម្លាំងសមត្ថកិច្ចឆ្មក់ចុះបង្ក្រាប ស្រាប់តែបុរសជាសង្សារដែលជាមេខ្លោងជួញដូរថ្នាំញៀន បានរត់គេចខ្លួនចោលនារីជាសង្សារ ត្រូវសមត្ថកិច្ចចាប់ខ្លួន រួមនិងក្រុមអ្នកចូលទៅទិញថ្នាំញៀន ចំនួន៣នាក់ទៀត សរុប៤នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញនិងប្រើប្រាស់គ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៤និង២០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅក្នុងព្រៃបឹងបាក់ស្ន ស្ថិតក្នុងភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសាយ ពិសី ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកប្រើ ប្រាស់)។ ទី២-ឈ្មោះមិត្ត ភូមិរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ (អ្នកប្រើប្រាស់)។ ទី៣-ឈ្មោះមឿន ឆវ័ន ភេទប្រុស អាយុ៣៣ឆ្នាំ (អ្នកប្រើ ប្រាស់) និងទី៤-ឈ្មោះម៉ូ គន្ថា ភេទស្រី អាយុ១៦ឆ្នាំ (ជាអ្នកលក់ថ្នាំ ញៀនជាមួយសង្សារ)។
ចំណែកជនសង្ស័យដែលបានរត់គេចខ្លួន រួមមាន ទី១-ឈ្មោះថុល វិបុល ភេទប្រុស អាយុ១៩ឆ្នាំ (ជាមេខ្លោងលក់ថ្នាំញៀន និងជាសង្សាររបស់ឈ្មោះម៉ូ គន្ថា)។ ទី២-ឈ្មោះឃឹម រស្មី។ ទី៣-ឈ្មោះអាន ភារម្យ និងទី៤-ឈ្មោះអឿង អាន។
ចំពោះវវត្ថុតាងដកហូតបាន រួមមាន ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ថង់វេចខ្ចប់ និងឧបករណ៍សម្រាប់ជក់ មួយចំនួនធំ ម៉ូតូ ១គ្រឿង ទូរស័ព្ទ ២គ្រឿង ចម្ពាមកៅស៊ូ ១ដើម និងសម្ភារៈមួយចំនួនទៀត។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការបង្ក្រាប កម្លាំងសមត្ថកិច្ចទទួលបានសេចក្តីរាយ ការណ៍ពីប្រជាពលរដ្ឋថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពលក់ចែកចាយថ្នាំញៀននៅចំណុចព្រៃខាងលើ។ ភ្លាមៗនោះ កម្លាំងជំនាញស្រុកបានសហការជាមួយប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់ទីតាំងខាងលើ ប្រទះឃើញជនសង្ស័យកំពុងប្រមូលផ្តុំគ្នា។ គ្រាន់តែឃើញសមត្ថកិច្ចភ្លាម ក្រុមជនសង្ស័យបានបំបែកហ្វូង រត់គេចខ្លួន តែសមត្ថកិច្ចបានដេញតាមឃាត់ខ្លួនបាន៤នាក់ ខណៈ៤នាក់ទៀត បានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ។
នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យ ឈ្មោះម៉ូ គន្ថា បានឆ្លើយសារភាពថា នាងនិងសង្សារឈ្មោះថុល វិបុល ពិតជាបានធ្វើសកម្មភាពលក់ថ្នាំញៀន ប្រាកដមែន ដោយវត្ថុតាង ជញ្ជីង និងថង់វេចខ្ចប់ គឺជាឧបករណ៍របស់សង្សារខ្លួន។
ចំណែកជនសង្ស័យ ៣នាក់ទៀតបានសារភាពថា ពួកគេពិតជាបានមកទិញថ្នាំញៀនពីអ្នកទាំងពីរ ដើម្បីប្រើប្រាស់ប្រាកដមែន។

ជនសង្ស័យទាំង៤នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកមេខ្លោង និងបកខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងតាមចាប់បន្ថែមទៀត៕