ភ្នំពេញ ៖ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានអះអាងថា ក្នុងរយៈពេល៣ថ្ងៃ កន្លងទៅនេះ គឺចាប់ពីថ្ងៃទី២៦-២៧ និងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មាននិស្សិតខ្មែរ ចំនួន ២០៣នាក់ បានចាកចេញពីប្រទេសថៃ ត្រលប់មកប្រទេសកម្ពុជាវិញ ក្រោយពីមានការផ្ទុះអាវុធរវាងកម្ពុជា និងថៃ ដែលបង្កឡើងដោយភាគីថៃ។

លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្នុងចំណោមនិស្សិតខ្មែរ ២០៣នាក់ ដែលចាកចេញពីប្រទេសថៃ ត្រលប់មកកម្ពុជា វិញនោះ នៅថ្ងៃទី២៦ និងថ្ងៃទី២៧ មានចំនួន១៦៣នាក់ និងថ្ងៃទី២៨ ខែកក្កដា មានចំនួន៤០នាក់។ និស្សិតខ្មែរ ទាំងនោះ បានចាកចេញពីប្រទេសថៃ មកកាន់ប្រទេសឡាវ ចូលមកប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងរយៈពេល៥ថ្ងៃ នៃការផ្ទុះអាវុធដាក់គ្នារវាងកម្ពុជាថៃ ដែលបង្កឡើងដោយភាគីថៃ បានបណ្តាលឱ្យសាលារៀនបិទទ្វារ ចំនួន៦០៥កន្លែង ប៉ះពាល់សិស្ស ជាង១៥ម៉ឺននាក់ និងគ្រូបង្រៀន ៦២៧៦នាក់ នៅតាមបណ្តាខេត្តចំនួន៥ រួមមាន ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ កោះកុង និងខេត្តពោធិ៍សាត់។

លើសពីនេះ ជម្លោះប្រដាប់អាវុធនេះ ក៏បានធ្វើឱ្យក្រសួងអប់រំ យុវជននិងកីឡា ធ្វើការពន្យារពេលដំណើរការប្រឡងសសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ (បាក់ឌុប) ដែលតាមគម្រោង ត្រូវធ្វើនៅថ្ងៃទី១៨ និង១៩ ខែសីហា ត្រូវលើកទៅធ្វើនៅថ្ងៃទី២៨ និង២៩ ខែសីហា ឆ្នាំ២០២៥ វិញ៕