ភ្នំពេញ ៖ តាំងពីផ្ទុះសង្រ្គាមតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបង្កដោយទាហានចោរសៀម ឈ្លានពានកម្ពុជា មកដល់ពេលនេះ ឃើញមានតារាល្បីៗ អ្នកលក់ Online និងសប្បុរសជនជាច្រើន បានសាមគ្គីគ្នាជាធ្លុងមួយ ផ្ដល់កម្លាំងចិត្ត លើកទឹកចិត្តដល់វីរកងទ័ពខ្មែរ ដ៏អងើអាចក្លាហាន ការពារទឹកដី តាមរយៈការឧបត្ថម្ភថ្នាំសង្កូវ សម្ភារៈ និងស្បៀងជាបន្ដបន្ទាប់។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញមានតារាស្រីសម្រស់ស្អាតផូរផង់ ៣ដួង ដែលជាកូនខ្មែរ កាត់ថៃ ក៏បានធ្វើសប្បុរសធម៌ លើកទឹកចិត្តកងទ័ពជូរមុខ និងជនភៀសខ្លួនកម្ពុជា យ៉ាងសកម្មផងដែរ ។
១- ស៊ីន យូប៊ីន ៖ តាមប្រភពថា អតីត Freshie លេខ១ ឆ្នាំ២០១៣ រូបនេះ មានឈាមជ័រជាខ្មែរកាត់ថៃ ព្រោះឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ។ យូប៊ីន រងការិះគន់ច្រើន ពីអ្នកលេងបណ្ដាញសង្គម ថានាងមិននិយាយអ្វីទាំងអស់ ទាក់ទងបញ្ហាព្រំដែន តាំងពីចោរសៀមឈ្លានពាន ប៉ុន្ដែនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ស្រីស្អាតរូបនេះ បានចេញអះអាងមុខថាអំឡុងពេលដែលនាងស្ងប់ស្ងាត់នេះ តាមពិតនាងបានផលិតវីដេអូ ទាក់ទងបញ្ហាព្រំដែន ត្រូវសៀមឈ្លានពាននេះ រួចរាល់អស់ហើយ គ្រាន់តែយឺតយ៉ាវបន្ដិច រឿងបង្ហោះប៉ណ្ណោះ។ នាងថាក៏បានធ្វើការទាក់ទងទៅសារព័តមានល្បីៗរបស់អង់គ្លេស ដើម្បីឲ្យចុះផ្សាយព័ត៌មានថៃឈ្លានពានខ្មែរដែរ ហើយប្រសិនបើគេព្រម (Confirm) នោះថវិកានាងជាអ្នកចេញផ្ទាល់។ ថ្មីៗនេះដែរ យូប៊ីន ក៏បាននាំយកអំណោយ ទៅចែកជូនកងទ័ព និងជនភៀសសឹក តាមតបន់ព្រំដែនផងដែរ ទើបធ្វើឲ្យទម្ងន់នៃការិះគន់លើនាង កន្លងមក ចាប់ផ្ដើមថមថយទៅវិញ ។


២- ណា សាឌី ៖ អតីត Freshie ឆ្នាំ២០២៥ រូបនេះ មានឪពុកជាជនជាតិថៃ ម្ដាយជាជនជាតិខ្មែរ ហើយបច្ចុប្បន្ន នាងជាពិធីការិនីរបស់ទូរទស្សន៍បាយ័ន ។ សាឌី បានបង្ហាញសកម្មវេចខ្ចប់អំណោយ ជូនដល់កងទ័ពកម្ពុជា តាមតំបន់ព្រំដែន របស់មូលនិធិបាយ័ន ហើយនាងក៏តាមដាននិងចែកចាយព័ត៌មានពីបញ្ហាជម្លោះព្រំ ដែន ជាប្រចាំតែម្ដង តាំងពីទាហានសៀមឈ្លានពានកម្ពុជា ។ ស្រីស្អាតរូបនេះ គាំទ្រនៅខាងរាជរដ្ឋាភិបាលកម្ពុជា ទោះជាឪពុកនាងជាជនជាតិថៃ ក៏ដោយ ។


៣- នែប ព្រំរិទ្ធិកា ៖ តារាស្រីរូបនេះ តាមប្រភពថា មានម្ដាយជាជនជាតិថៃ ឪពុកជាជនជាតិខ្មែរ ។ រិទ្ធិកា បានបង្ហាញការឈឺចាប់យ៉ាងខ្លាំង និងថាចងចាំអស់មួយជីវិត អំពីភាពឃោរឃៅដែលទាហានសៀម ធ្វើបាបកងទ័ពកម្ពុជា។ ព្រំរិទ្ធិកា ក៏បាននាំយកថវិកា និងអំណោយមួយចំនួន ទៅជូនដលកងទ័ព និងជនភៀសសឹក នៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ផងដែរ។ នាងក៏ឈរនៅខាងកងទ័ពកម្ពុជា គ្រប់ពេល និងបានចុះទៅជួបកងទ័ពខ្មែរ ដែលរួចជីវិតពីទាហានសៀម ប្រើល្បិចចាប់ខ្លួន ដល់មន្ទីពេទ្យទៀតផង។


ក្រៅពីតារាកូនខ្មែរកាត់ថៃ ខាងលើនេះ ក៏មានតារាខ្មែរ ជាច្រើនដួងទៀត ដែលកាត់ជាតិសាសន៍ផ្សេងៗ ក៏បង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងឈរខាងកងទ័ពកម្ពុជាដូចគ្នា តាំងពីផ្ទុះជម្លោះព្រំដែនកម្ពុជា-ថៃ និងថ្កោលទោសការឈ្លានពាន និងការបង្កសង្គ្រាមដ៏ឃោរឃៅ អមនុស្សធម៌របស់ទាហានថៃ ហើយបានត្រេកអរ គាំទ្របទឈប់បាញ់ ដោយថាទាំងពួកគេ និងជនរួមជាតិខ្មែរ ក៏ដូចមនុស្សទូទាំងសកលលោក ត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមឈាមដាបធរណីនោះឡើយ៕