Saturday, August 2, 2025
Homeសេដ្ឋកិច្ចជាតិពន្ធបដិការ កម្ពុជា-អាមេរិក កម្ពុជា បញ្ចុះមក ០% អាមេរិក បញ្ចុះមក ១៩%

ពន្ធបដិការ កម្ពុជា-អាមេរិក កម្ពុជា បញ្ចុះមក ០% អាមេរិក បញ្ចុះមក ១៩%

ភ្នំពេញ ៖ នៅទីបំផុត សហរដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធបដិការ លើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មកនៅត្រឹម ១៩% (គឺថយចុះ ៣០% ប្រៀបធៀបជាមួយអត្រាពន្ធដំបូង ៤៩%) ដែលនេះ គឺជាដំណឹងដ៏ល្អ សម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ។ ការបញ្ចុះពន្ធគយរបស់សហរដ្ឋអាមេរិក ជុំចុងក្រោយ ពី៣០% មក ១៩% នេះ ធ្វើឡើងបន្ទាប់ពីមានអន្តរាគមន៍របស់លោកដូណាល់ ត្រាំ សម្របសម្រួលឲ្យកម្ពុជា មានបទឈប់បាញ់ ជាមួយថៃ និងបន្ទាប់ពីកម្ពុជា បានប្រើសន្លឹកបៀចុងក្រោយ ដោយបានសម្រេចកាត់បន្ថយអត្រាពន្ធលើទំនិញសហរដ្ឋអាមេរិក នាំចូលមកកម្ពុជា  មកអត្រា ០% មានន័យថា អត់យកពន្ធតែម្តង។

នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់តាមទំព័រណ្តាញសង្គមហ្វេសប៊ុក របស់សម្តេច ស្តីពីពន្ធបដិការសហរដ្ឋអាមេរិក នេះថា “សហ រដ្ឋអាមេរិក បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មកត្រឹម ១៩ភាគរយ (គឺថយចុះ ៣០ភាគរយ ប្រៀបធៀបជាមួយអត្រា ពន្ធពីដំបូង ៤៩ភាគរយ)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រ ជាពលរដ្ឋខ្មែរ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ តទៅមុខ។ ខ្ញុំសូមអរគុណឯកឧត្តមប្រធា នាធិបតី Donald Trump ដែលឯកឧត្តម បានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្តួចផ្តើមនិងជំរុញឱ្យមានការឈប់បាញ់គ្នា រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃ នៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតី ក៏បានផ្តល់នូវការយោគយល់ សម្រាប់កម្ពុជា ដោយបានផ្តល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក បន្តទៅទៀត…”។

សម្តេចនាយករដ្ឋមន្ត្រី បានបន្តថា “នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី២៦ និង២៨ កក្កដា កន្លង ទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិ ភាពនិងការអភិវឌ្ឍនៃប្រទេសកម្ពុជា ដោយសារកម្ពុជា ទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេស ជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតី ផ្តល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយ ដែលជួយឱ្យកម្ពុជា មានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា…”។

សម្តេចហ៊ុន ម៉ាណែត បានបន្តទៀតថា “ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំង ពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជា ឲ្យមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជា មានឱកាសបន្ត អភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់ខ្ញុំ ពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពន្ធ ឯកឧត្តមប្រធានាធិបតី បានប្រាប់ខ្ញុំកាលពីថ្ងៃទី២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តម បានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជា រីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺឯកឧត្តមបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មកនៅត្រឹម ១៩ភាគរយ…”។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា “ខ្ញុំសូមយកឱកាសនេះ ធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងបណ្តាអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរ នៅពេលនេះ…”។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក បញ្ជាក់ថា “នៅកន្លែងនេះ នៅថ្ងៃទី៧ ខែកក្កដា យើងខ្ញុំបានជម្រាបទៅអ្នកសារព័ត៌មានថា យើងខ្ញុំមានសន្លឹកបៀ នឹងបន្តចរចា ប្រើប្រាស់សន្លឹកបៀនោះ ហើយសម្តេចធិបតី ក៏អនុញ្ញាតឱ្យយើងខ្ញុំប្រើសន្លឹកបៀនោះ សន្លឹកបៀនោះ គឺកម្ពុជា បានកាត់បន្ថយអត្រាពន្ធដែលយើងផ្តល់ជូនគេមុន មុនថ្ងៃ៧ យើងកាត់បន្ថយទៅសូន្យទាំងអស់ ដូច្នេះទំនិញសហ រដ្ឋអាមេរិក នាំចូលមកកម្ពុជា គឺអត់មានយកពន្ធទេ គឺអត្រាពន្ធសូន្យៗ នេះសូមជម្រាបថា នេះសន្លឹកបៀ ដែលយើងយកទៅលេងថែមទៀត ហើយសន្លឹកបៀនេះ បានបញ្ជូនទៅ ក្រោយថ្ងៃ៧ បានបញ្ជូនទៅសហរដ្ឋអាមេរិក ហើយៗ មែនទែន ថ្ងៃ១៦ ម៉ោង១១យប់ យើងបានបញ្ជូនសន្លឹកបៀចុងក្រោយ ជូនទៅសហរដ្ឋអាមេរិក ហើយយើងក៏បានទទួលមកវិញ នូវលទ្ធផលដែលយើងពេញចិត្ត»។

លោកស៊ុន ចាន់ថុល បន្តថា «ប៉ុន្តែសួរថា ពេញចិត្តទេ ១៩% សប្បាយចិត្តទេ? សប្បាយ ប៉ុន្តែបើបានទាបជាង ១៩% រឹតតែសប្បាយទៀត ។ ប៉ុន្តែសួរថា ១៩% នេះ កម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានឬទេ? ចម្លើយថា ប្រកួតប្រជែងបាន ហើយអាចឈ្នះទៀត ហេតុដូចម្តេចបានខ្ញុំហ៊ាននិយាយដូច្នេះ? ដោយសារថា បើអត្រាស្មើគ្នា ប៉ុន្តែតម្លៃពលករយើងទាបជាង ពលករនៅមានវ័យក្មេងជាង ប្រទេសយើងនៅក្នុងកណ្តាលមហាអនុតំបន់មេគង្គ ដែលមានកម្ពុជា មានឡាវ វៀតណាម ថៃ មីយ៉ាន់ម៉ា ផ្នែកខាងត្បូងប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០លាននាក់ យើងនៅកណ្តាល ច្បាប់វិនិយោគរបស់កម្ពុជា គឺមានច្បាប់មួយ លើកទឹកចិត្តយ៉ាងច្រើនជូនទៅដល់អ្នកវិនិយោគ ច្បាប់វិនិយោគកម្ពុជា គ្មានការរើសអើងរវាងអ្នក វិនិយោគបរទេស ឬអ្នកវិនិយោគកម្ពុជា ទេ»។

លោកស៊ុន ចាន់ថុល បន្តទៀតថា «ដូច្នេះច្បាប់វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធរបស់យើង ដែលរាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកសាងផ្លូវ ស្ពាន ពង្រីកកំពង់ផែ ព្រលានយន្តហោះ ៘ ដែលធ្វើឱ្យតម្លៃនៃការផលិតនៅកម្ពុជា មានតម្លៃប្រកួតប្រជែងបាន។ ក្រៅពីនោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចបវរធិបតី នឹងបន្តខិតខំប្រឹងប្រែងកែសម្រួលនីតិផ្សេងៗទៀត កាត់បន្ថយនីតិវិធី កាត់បន្ថយតម្លៃនៃការ ផលិតនៅកម្ពុជា យើង នេះសំខាន់ណាស់ អ៊ីចឹងយើងមិនមែនថា ១៩ភាគរយ សប្បាយចិត្ត នៅស្ងៀមទេ អត់នៅស្ងៀមទេ នៅតែបន្តរកនីតិវិធីកាត់ចំណាយ និងពេលវេលា ដើម្បីបង្កភាពកាន់តែងាយស្រួលសម្រាប់អ្នក វិនិយោគ…”។

ដោយឡែក លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងអត្រា អត្រា ពន្ធ ១៩ភាគរយនេះ ជាអត្រាទាបមួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលទទួលបានពីសហរដ្ឋអាមេរិក និងដែលនឹងធានាភាពប្រកួតប្រជែងរបស់កម្ពុជា ចំពោះទីផ្សារអាមេរិក។

លោកហ៊ុន ម៉ានី បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ថា “អបអរសាទរលទ្ធផលកិច្ចចរចាពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ជុំចុងក្រោយ លើការកំណត់ពន្ធគយបដិការ នៅប៉ុន្មានម៉ោងទៀតនេះ សេចក្តីសម្រេចលើការអនុវត្តពន្ធគយបដិការ របស់សហរដ្ឋអាមេរិក នឹងត្រូវចូលជាធរមានហើយ។ ក្នុងនោះ សម្រាប់ព្រះរាជាណាចក្រកម្ពុជា ទទួលបានកិច្ចព្រមព្រៀងនូវអត្រា ១៩ភាគរយ។ អត្រានេះ ជាអត្រាទាបមួយ ក្នុងចំណោមបណ្តាប្រទេសជាច្រើន ដែលទទួលនូវការដាក់គយពន្ធបដិការ ពីសហរដ្ឋអាមេរិក និងដែលនឹងធានាភាពប្រកួតប្រជែងរបស់កម្ពុជា ចំពោះទីផ្សារអាមេរិក»។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្តថា “ខ្ញុំសូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ខ្ពស់ ក្នុងការទាមទារយកអត្ថប្រយោ ជន៍ដែលល្អបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ និងការឆ្លើយ តបទាន់សភាពការណ៍ បានធ្វើឱ្យវិស័យពាណិជ្ជកម្មរបស់កម្ពុជា ចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមការងារគណៈប្រតិភូព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិក សមាជិកាទាំងអស់ ដែលបានខិតខំប្រឹងប្រែងស្វែងរកកិច្ចព្រមព្រៀងមួយនេះ»។

លោក ហ៊ុន ម៉ានី បានបន្តទៀតថា “ព្រះរាជាណាចក្រកម្ពុជា ស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពីគ្រប់ប្រទេស លើពិភពលោក ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ជាតិទៅវិញទៅមក និងដើម្បីការអភិ វឌ្ឍដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនទាំងសងខាង”៕ ខៀវទុំ

RELATED ARTICLES